នាយកដែនជម្រកសត្វព្រៃតំបន់ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ ព្រមានដល់ម្ចាស់ដើមច្បោះជ័រ ព្រមទាំងពួកឈ្មួញឱ្យបញ្ឈប់សកម្មភាពលក់ដើមច្បោះជ័រ និងកាប់រំលំយកទៅជួញដូរជាបន្ទាន់ បើពុំនោះទេ គេនឹងអនុវត្តច្បាប់ដើម្បីការពារដែនជម្រកសត្វព្រៃទីនោះ។
ការព្រមានបានធ្វើឡើងបន្ទាប់ពីគេដឹងថា បច្ចុប្បន្នមានម្ចាស់ដើមច្បោះជ័រខ្លះ បានលក់ដើមឈើទៅឱ្យឈ្មួញ ព្រមទាំងមានជនចំណាកស្រុកខ្លះទៀត ក៏ចូលទៅលួចកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃស្ទើរតែរៀងរាល់ថ្ងៃ។
បណ្ដាញសកម្មភាពដើម្បីសហគមន៍ នៅខេត្តព្រះវិហារ កំពុងព្រួយបារម្ភខ្លាចបាត់ដើមឈើធំៗដែលជាច្បោះជ័ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ព្រៃព្រះរកា ទាំងស្រុងនៅពេលខាងមុខ។ ការព្រួយបារម្ភកើតឡើងបន្ទាប់ពីគេដឹងថា បច្ចុប្បន្នមានជនល្មើសជាច្រើនតែងលួចចូលទៅកាប់ដើមច្បោះជ័រនៅក្នុងតំបន់ព្រៃព្រះរកា ហើយដឹកជញ្ជូនយកទៅលក់ដូរខុសច្បាប់ជាបន្តបន្ទាប់។
បណ្ដាញសកម្មភាពដើម្បីសហគមន៍នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ និងជាបណ្ដាញការពារព្រៃព្រះរកា គឺលោក ពេជ្រ ពាន់។ លោកមានប្រសាសន៍ថា រូបលោក និងប្រជាពលរដ្ឋជាច្រើនទៀតកំពុងភ័យខ្លាចបាត់បង់ដើមឈើធំៗ ដែលជាច្បោះជ័រនៅតំបន់ព្រៃព្រះរកា។
លោក ពេជ្រ ពាន់ អះអាងថា បច្ចុប្បន្នស្ទើរតែរៀងរាល់ថ្ងៃ គឺមានឈ្មួញខ្លះ និងជនចំណាកស្រុកខ្លះតែងលួចចូលទៅកាប់ដើមច្បោះជ័រធំៗ ហើយដឹកជញ្ជូនយកទៅជួញដូរខុសច្បាប់ធ្វើឱ្យព្រៃព្រះរកា បាត់ឈើធំៗជាបន្តបន្ទាប់៖ «ភាគច្រើនគឺអ្នកចំណាកស្រុក ម្សិលមិញ (៥ មេសា) បាត់ច្បោះអស់ចំនួន ៤ដើមទៀត នៅតំបន់វាលខ្លុង ម្ចាស់ទៅមិនទាន់គេដឹកចេញទៅបាត់»។
បណ្ដាញសហគមន៍ដដែលឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមេសា ប្រជាសហគមន៍ជាច្រើននាក់បានជួបប្រជុំគ្នា ដើម្បីរិះរកវិធីដ៏មានប្រសិទ្ធភាពក្នុងការការពារដើមច្បោះជ័រជាច្រើន កុំឱ្យបាត់បង់តទៅទៀត។
លោក ពេជ្រ ពាន់ អំពាវនាវឱ្យមន្ត្រីរដ្ឋាភិបាលជាច្រើនស្ថាប័ន ដែលពាក់ព័ន្ធ គួរតែលុបបំបាត់ចោលដេប៉ូទិញលក់ឈើនៅក្នុងទីរួមខេត្តព្រះវិហារ ទាំងអស់ ដើម្បីកុំឱ្យមានអ្នកលួចកាប់ឈើយកទៅលក់ដូរតទៅទៀត។
មន្ត្រីដែនជម្រកសត្វព្រៃបានទទួលស្គាល់ថា ពិតជាមានអ្នកចូលទៅលួចកាប់ឈើធំៗ នៅក្នុងព្រៃព្រះរកា មែន។
នាយកដែនជម្រកសត្វព្រៃនៃតំបន់ព្រៃព្រះរកា លោក គង់ សម្បត្តិ មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃគឺពិតជាមានអ្នកលួចចូលទៅកាប់ឈើខុសច្បាប់។ សកម្មភាពកាប់ឈើធំៗនៅក្នុងដែនជម្រកសត្វព្រៃ ហើយដឹកជញ្ជូនយកទៅជួញដូរនេះ គឺអ្នកប្រព្រឹត្តខ្លះជាជនចំណាកស្រុក ប៉ុន្តែខ្លះទៀតគឺម្ចាស់ដើមច្បោះជ័រតែម្ដង ដែលលក់ទៅឱ្យគេដើម្បីបានប្រាក់ទៅសងបំណុលធនាគារ ឬក៏ដោះស្រាយជីវភាពប្រចាំថ្ងៃជាដើម។
លោក គង់ សម្បត្តិ មានប្រសាសន៍ទៀតថា ជារៀងរាល់ថ្ងៃកម្លាំងឧទ្យានុរក្សរបស់លោកតែងដើរល្បាតការពារ និងទប់ស្កាត់ការកាប់ឈើធំៗនៅក្នុងព្រៃព្រះរកានោះ ក៏ប៉ុន្តែដោយសារតែវិសាលភាពព្រៃព្រះរកា ធំ ហើយកម្លាំងការពារមានគ្នាតិចតួចនៅឡើយ ទើបជនល្មើសនៅតែមានឱកាសកាប់ឈើបានដដែល។
មន្ត្រីដដែលព្រមានថា ចាប់ពីពេលនេះតទៅ ទាំងម្ចាស់ដើមច្បោះជ័រ និងអ្នកកាប់ឈើខុសច្បាប់ គួរតែដកខ្លួនចេញពីការកាប់បំផ្លាញដើមច្បោះជ័រទាំងនោះតទៅទៀត បើមិនដូច្នេះទេ រូបលោកនឹងអនុវត្តច្បាប់ប្រឆាំងអំពើនេះ៖ «ពួកខ្ញុំនេះបង្ក្រាប ខ្ញុំជម្រាបថា ដីជាង ៩ម៉ឺនហិកតារ ហើយមានកម្លាំងឧទ្យានុរក្សតែ ១០នាក់ គឺវានៅមានចន្លោះប្រហោង។ ខ្ញុំចង់ឱ្យពួកគាត់ដូរមុខរបរពីការកាប់ឈើនេះ តែបើសិនជាមិនព្រមផ្លាស់ប្ដូរមុខរបរទេ ប្រហែលជាគេចមិនផុតពីការចាប់ខ្លួនទេ»។
អ្នកភូមិខ្លះទទួលស្គាល់ដូចគ្នានេះថា សកម្មភាពកាប់ដើមច្បោះជ័រ ស្ទើរតែរៀងរាល់ថ្ងៃនៅក្នុងតំបន់ព្រៃព្រះរកា គឺមានភាគតិចណាស់ដែលគេលួចកាប់ ហើយម្ចាស់មិនដឹង ប៉ុន្តែភាគច្រើនគឺម្ចាស់ដើមច្បោះជ័រតែម្ដង ដែលលក់ទៅឱ្យពួកឈ្មួញ។
ស្ត្រីម្នាក់ដែលឪពុកម្ដាយរបស់គាត់មានដើមច្បោះជ័រ នៅតំបន់ព្រៃព្រះរកា មានប្រសាសន៍ថា បច្ចុប្បន្នដើមឈើធំៗ ដែលគេតែងតែដងយកជ័រទឹក គឺបាត់ពីព្រៃជាបន្តបន្ទាប់។ លោកស្រីថា មានដើមច្បោះជ័រតិចតួចដែលគេលួចកាប់ ប៉ុន្តែដើមច្បោះជ័រភាគច្រើនត្រូវម្ចាស់ខ្លួនឯងលក់ទៅឱ្យឈ្មួញ៖ «ចង់អស់ ចង់ស្រឡះដែរហើយព្រៃជ័រ ឮឪប្រាប់។ ដើមច្បោះជ័រហ្នឹងគេកាប់អារធ្វើជាឈើហើយគេដឹកចេញទៅ»។
ទោះជាយ៉ាងណា មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ព្រួយបារម្ភចំពោះការកាប់ដើមច្បោះជ័រយកទៅជួញដូរនេះ។ លោក ប៉ិក សោភ័ណ រិះគន់ថា បច្ចុប្បន្នលោកសង្កេតឃើញសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា កើតមានជាហូរហែ ប៉ុន្តែកម្លាំងសមត្ថកិច្ចខ្លះមានប៉ូលិស និងប៉េអឹមជាដើម បែរជាឈរនៅតាមដងផ្លូវមិនបង្ក្រាបទេ ចាំតែយកលុយពីការដឹកជញ្ជូនឈើទាំងនោះទៅវិញ។
តំបន់ព្រៃព្រះរកា បច្ចុប្បន្ន ដែលមានផ្ទៃដីជាង ៩០.៣០០ហិកតារ ស្ថិតនៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខេត្តព្រះវិហារ កំពុងទទួលរងកាប់ឈើយកទៅជួញដូរខុសច្បាប់ជាច្រើនកន្លែង ដោយមិនសូវមានការបង្ក្រាបឱ្យធំដុំទេ៕