សាលាឧទ្ធរណ៍នៅថ្ងៃទី៧ មេសា សម្រេចលើកពេលសវនាការប្ដឹងទាស់របស់សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ដែលត្រូវតុលាការក្រុងភ្នំពេញផ្ដន្ទាទោស៧ឆ្នាំ ទាក់ទងនឹងការបង្ហោះឯកសារព្រំដែនកម្ពុជា-វៀតណាមក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
មេធាវីមួយរូបក្នុងចំណោមមេធាវី៥រូបដែលការពារក្ដីឲ្យលោក ហុង សុខហួរ គឺអ្នកស្រី ម៉េង សុភារី ឲ្យអាស៊ីសេរីដឹងថា ក្រុមមេធាវីរបស់អ្នកស្រី សម្រេចស្នើលើកពេលសវនាការនេះ ដោយសារមេធាវី២រូបអវត្តមាន។ ក្នុងនោះលោកមេធាវី ជូង ជូងី មានជំងឺ ខណៈលោកមេធាវី កែត ឃី មានភារកិច្ចទៅក្រៅប្រទេស។
អ្នកស្រី ម៉េង សុភារី បន្តថា ចំពោះសវនាការនៅពេលក្រោយ អ្នកស្រីមិនទាន់បានដឹងពីកាលបរិច្ឆេទនោះទេ។
លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៧ឆ្នាំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទចោទចំនួន ៣បទល្មើសទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ លោកត្រូវបានចាប់ខ្លួនទាំងលោកនៅមានអភ័យឯកសិទ្ធិ កាលពីខែសីហា ឆ្នាំ២០១៥ នៅពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន ដែលលោក ហ៊ុន សែន ចោទថា ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ៕