Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​មាន​សេរីភាព​ខាង​ប្រាក់កាក់?

$
0
0

ពលរដ្ឋ​កម្ពុជា ខ្លះ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពី​អ្នក​ចងការ​ប្រាក់ ទៅ​ទិញ​សម្ភារៈ ឬ​ហៅ​ថា កម្ចី​ដើម្បី​ការ​ប្រើប្រាស់ (consumer loans)។

​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ពន្យល់​ថា ការ​យក​ប្រាក់​កម្ចី​ទៅ​ទិញ​សម្ភារៈ ជា​ជាង​យក​ទៅ​បង្កើត ឬ​ពង្រីក​អាជីវកម្ម អាច​នាំ​ឲ្យ​ពលរដ្ឋ​ត្រូវ​ជាប់​ខ្លួន​វ័ណ្ឌក​ដោយសារ​ប្រាក់​កម្ចី ឬ​បាត់បង់​សេរីភាព​ហិរញ្ញវត្ថុ។

សេដ្ឋ​វិទូ លោក  ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ (Emerging Markets Consulting) មាន​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ឲ្យ​ពលរដ្ឋ​មិន​ជំពាក់​បំណុល​ប្រាក់​ក្នុង​ជីវិត។

ខាង​ក្រោម​នេះ​ជា​ការ​ពន្យល់​របស់​លោក ង៉ែត ជូ តាម​រយៈ​ការ​អធិប្បាយ​របស់​លោក សាន សែល៖

បើ​ចង់​ឲ្យ​ជីវិត​មាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ ត្រូវ​រៀន​ពី​របៀប​នៃ​ការ​ហោះហើរ​របស់​យន្តហោះ និង​ចៀស​ឲ្យ​ផុត​ពី​កម្ចី​ដើម្បី​ការ​ប្រើប្រាស់។

​វិធីសាស្ត្រ​នេះ​អាច​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ហិរញ្ញវត្ថុ​ពេញលេញ​ក្នុង​អាយុ​ចន្លោះ​ពី​៤២ ទៅ ៤៧​ឆ្នាំ ពោល​គឺ​អាច​មាន​ពេលវេលា និង​លទ្ធភាព​ច្រើន​សម្រាប់​លេង​កីឡា សម្រាក​លំហែ​កាយ​នៅ​បរទេស និង​ធ្វើ​កិច្ចការ​សង្គម​នានា ដែល​ពេញ​ចិត្ត។

​ការ​ទិញ​ធានា​រ៉ាប់រង​ដែល​ភ្ជាប់​ជាមួយ​កាតព្វកិច្ច​សន្សំ​រយៈពេល​វែង ឬ​បង់​រំលោះ​ផ្ទះ​ក្នុង​រយៈពេល​វែង​ដោយ​សម្អាង​តែ​ចំណូល​ពី​ការ​ធ្វើ​ការងារ​តែមួយ​មុខ មិន​មែន​ជា​ជម្រើស​វៃឆ្លាត​នោះ​ទេ។

ជាង​នេះ​ទៅ​ទៀត ត្រូវ​ជៀស​ឲ្យ​ខាន​តែ​បាន​នូវ​ការ​ប្រើ​កម្ចី​ដើម្បី​ការ​ប្រើប្រាស់ ព្រោះ​ត្រូវ​ចំណាយ​ទ្វេ​ដង​លើ​រឿង​តែមួយ  ពោល​គឺ​ចំណាយ​លើ​បង់​ការ​ប្រាក់ និង​ភាព​សឹក​រេចរឹល​នៃ​សម្ភារ​:​ដែល​បាន​ទិញ​ដូចជា​រថយន្ត ទូរស័ព្ទ​ស្មាតហ្វូន និង​គ្រឿង​អេឡិចត្រូនិក​ដទៃ​ទៀត។ ការ​ចំណាយ​ប្រាក់កម្ចី​លើ​របស់​ទាំង​នេះ គឺ​អាច​បាត់បង់​ឱកាស​វិនិយោគ​ផង​ដែរ។

តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​មាន​សេរីភាព​ខាង​ប្រាក់កាក់?

ទី​១ ការ​ត្រួត​ពិនិត្យ និង​រៀបចំ​មុន​ការ​ហោះហើរ

ដំណាក់កាល​នេះ មនុស្ស​ត្រូវ​គិត និង​រៀបចំ​ខ្លួន​ដូច​មុន​ពេល​ការ​ហោះហើរ​របស់​យន្តហោះ​អ៊ីចឹង​ដែរ។ វា​ជា​ដំណាក់កាល​ចាក់​សាំង ត្រួត​ពិនិត្យ​ម៉ាស៊ីន និង​បច្ចេកទេស​នានា។ វា​ជា​ដំណាក់កាល​អប់រំ​ខ្លួន រួម​មាន​ការ​អភិវឌ្ឍ​ជំនាញ​ទន់ ជំនាញ​រឹង (soft and hard skills) បទពិសោធន៍​ការងារ និង​ទំនាក់ទំនង​សង្គម។

ជា​ទូទៅ​ការ​បញ្ចប់​ដំណាក់កាល​នេះ គួរ​តែ​ចន្លោះ​អាយុ ២២ ទៅ ២៣​ឆ្នាំ យ៉ាង​យូរ ពោល​គឺ​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ។

​ការ​មាន​ជំនាញ និង​សមត្ថភាព​ច្បាស់លាស់​មាន​សារសំខាន់​ណាស់ ដើម្បី​ទទួល​បាន​ចំណូល​សមរម្យ បន្ទាប់​ពី​ការងារ​ធ្វើ​ក្នុង​ដំណាក់កាល​ហោះហើរ​ដំបូង និង​អាច​ឲ្យ​អ្នក​សន្សំ​ប្រាក់​សម្រាប់​ការ​វិនិយោគ។ បើ​មិន​ដូច្នោះ​ទេ គឺ​ធ្វើ​ការ​ដើម្បី​តែ​ក្រពះ​ហើយ។

ទី​២ ការ​ចាប់​ផ្ដើម​ការ​ហោះហើរ​ដំបូង

ជា​ដំណាក់កាល​ចាប់​ផ្ដើម​នៃ​ជីវិត​ការងារ ត្រូវ​សន្សំ​ប្រាក់ ដើម្បី​វិនិយោគ ឬ​ផ្ដើម​ធ្វើ​អាជីវកម្ម​ដែល​ខ្លួន​ពេញ​ចិត្ត។ ជា​ការ​ហោះហើរ​ដំបូង ហោះហើរ​ទាប ទទួល​បាន​ផល​លាភ​តិច តាម​រយៈ​ការ​សន្សំ​ប្រាក់ ដែល​ជា​ទូទៅ​មាន​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ចន្លោះ​ពី ៧​ភាគរយ ទៅ ៨​ភាគរយ។

​ប្រសិន​បើ​ចង់​បាន​សេរីភាព​ពេល​វ័យ​ក្មេង គួរ​ចំណាយ​ពេល​នៅ​ដំណាក់កាល​នេះ ត្រឹម​ពី ៣ ទៅ ៤​ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​វា​ជា​ដំណាក់កាល​ទទួល​បាន​ផល​លាភ​តិច ប៉ុន្តែ​ដើម្បី​ហោះហើរ​បាន​ខ្ពស់ និង​លឿន ក៏​ចាំបាច់​ចាប់​ផ្ដើម​ពី​ការ​ហោះហើរ​ទាប​នេះ​ដែរ។

ទី​៣ ការ​ហោះហើរ​ក្នុង​ល្បឿន​លឿន

ជា​ដំណាក់កាល​ហោះ​ខ្ពស់​បំផុត និង​លឿន​បំផុត។ ដូច​គ្នា​នេះ​ដែរ ត្រូវ​វិនិយោគ​លើ​អាជីវកម្ម​ដែល​មាន​ផល​លាភ ឬ​ប្រាក់ចំណេញ​ខ្ពស់ ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់​ជាង​ការ​សន្សំ​ប្រាក់ និង​តម្រូវ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។

ជា​រួម ផល​លាភ ឬ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ដែល​ទទួល​បាន គួរ​តែ​យ៉ាង​ហោច​ណាស់​ពី ២០​ភាគរយ ទៅ ៣០​ភាគរយ។

មនុស្ស​គ្រប់​គ្នា​អាច​ចំណាយ​ពេល​នៅ​ដំណាក់កាល​នេះ​ពី ១០ ទៅ ១៥​ឆ្នាំ។ ដំណាក់កាល​នេះ អ្នក​អាច​បន្ត​ធ្វើ​ការ​បណ្ដើរ និង​វិនិយោគ​បណ្ដើរ ឬ​ឈប់​ធ្វើ​ការ​ទាំង​ស្រុង​តែម្ដង ដោយ​មក​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​បើ​ចាំបាច់។

ចំណុច​ទី​៤ ការ​រៀប​ចុះ​ចត ការ​ហោះ​ខ្ពស់ និង​ល្បឿន​លឿន​យូរ

ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​បន្ថយ​ល្បឿន រួច​រក​ទី​ចុះចត។

​តាម​ច្បាប់​ធម្មជាតិ ការ​គិត​បែប​នេះ​មាន​ការ​សមស្រប​ម្យ៉ាង​ដែរ ដែល​អ្នក​ត្រូវ​រៀបចំ​ដំណាក់កាល​អន្តរកាល​នេះ​ឲ្យ​បាន​សមស្រប។ ​ដូច្នេះ អ្នក​គប្បី​ស្វែង​រក​ឱកាស​វិនិយោគ​ទាំង​ឡាយ​ណា​ដែល​អាច​បង្ក​ឲ្យ​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​ជា​ប្រចាំ និង​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែង​តិចតួច ដែល​ជា​បច្ច័យ​នាំ​ឲ្យ​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ជា​សេរីភាព​ផ្ទាល់ខ្លួន។ ពោល​គឺ​​ឈប់​សម្រាក​ពី​ការងារ ជា​បុគ្គលិក​ដែល​ត្រូវ​ធ្វើ​ការ​ពេញ​ម៉ោង​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ។ នៅ​ដំណាក់កាល​នេះ ជម្រើស​រួម​មាន សង់​អគារ ឬ​ឃ្លាំង​សម្រាប់​ជួល ការ​ផ្ដល់​កម្ចី​តាម​រយ:​មនុស្ស​ដែល​យើង​ស្គាល់ (Peer to Peer Lending Platform) ឬ​ចូល​រួម​ក្នុង​ក្រុម​សន្សំ​ជាដើម។

ជា​ទូទៅ​ផល​លាភ ឬ​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​ពី​ការ​វិនិយោគ​បែប​នេះ មិន​ខ្ពស់​ដូច​ដំណាក់កាល​ហោះហើរ​ក្នុង​ល្បឿន​លឿន​នោះ​ទេ (ជា​ទូទៅ​ចន្លោះ​ពី ១២​ភាគរយ ទៅ ១៥​ភាគរយ ក្នុង ១​ឆ្នាំ)។ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា អ្នក​ត្រូវ​ចាត់ចែង​ទ្រព្យសម្បត្តិ​ទាំង​អស់​យក​ទៅ​វិនិយោគ​ដើម្បី​រៀបចំ​ការ​ចុះចត​នោះ​ដែរ។

អ្នក​ប្រហែល​ជា​នៅ​មាន​លទ្ធភាព​វិនិយោគ​ទ្រព្យសម្បត្តិ​មួយ​ភាគ​ធំ​ក្នុង​ល្បឿន​លឿន និង​ទទួល​មាន​ផល​លាភ​ខ្ពស់​ដដែល។

អ្នក​ប្រហែល​ជា​ត្រូវការ​ពេល ៤ ទៅ ៥​ឆ្នាំ ដើម្បី​ធ្វើ​កិច្ចការ​អស់​ទាំង​នេះ មុន​នឹង​ទទួល​បាន​សេរីភាព​ពេញលេញ​ក្នុង​ជីវិត។

ធ្វើ​បាន​តាម​ដំណាក់កាល​នៃ​ការ​ហោះហើរ​របស់​យន្តហោះ​ដូច្នេះ អ្នក​នឹង​អាច​ទទួល​បាន​សេរីភាព​ពេញលេញ​ក្នុង​ជីវិត ត្រឹម​អាយុ ៤២ ទៅ ៤៧​ឆ្នាំ ជាក់​ជា​មិន​ខាន។

​ពេល​ដែល​យន្តហោះ​ចុះចត ជា​ពេល​ដែល​អ្នក​សម្រេច​បាន​នូវ​គោលដៅ​ក្នុង​ជីវិត ដូច្នេះ​ការ​រៀបចំ​តាម​ដំណាក់កាល ចាប់​ពី​ពេល​មុន​ធ្វើ​ការ​ហោះហើរ រហូត​ដល់​ពេល​ចុះចត មាន​សារសំខាន់​ណាស់​ដើម្បី​ធានា​ឲ្យ​មាន​ការ​ចុះចត​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles