មន្ត្រីជំនាញចំណីអាហារប្រចាំខេត្តព្រះសីហនុ រំលឹកដល់ប្រជាពលរដ្ឋទូទៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ ឲ្យប្រុងប្រយ័ត្នចំពោះការទិញទំនិញ ឬទទួលទានម្ហូបសមុទ្រ និងបន្លែត្រីសាច់ផ្សេងៗ ដោយបារម្ភខ្លាចអាចមានផ្ទុកសារធាតុគីមីនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច ផ្ញើសារជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរដែលនឹងចូលទៅទស្សនាខេត្តនេះ ឲ្យប្រយ័ត្នក្នុងការជ្រើសយកម្ហូបសមុទ្រស្រស់ទទួលទាន ព្រោះបារម្ភខ្លាចប៉ះចំមុខម្ហូបសមុទ្រ ឬបន្លែត្រីសាច់ និងផ្លែឈើលក់តាមទីផ្សារមួយចំនួន មានផ្សារពាណិជ្ជកម្ម ផ្សារលើ និងផ្សារវាលរេញ ស្រុកព្រៃនប់ ជាដើម ត្រូវអាជីវករលួចដាក់សារធាតុគីមីដើម្បីរក្សាទុកលក់យូរថ្ងៃ។
លោក ជា ប៉ិច ឲ្យដឹងថា កន្លងទៅ មន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ បានចុះពិនិត្យតាមផ្សារ ឃើញស្តង់អាជីវករលក់ដូរម្ហូបសមុទ្រស្រស់ និងទំនិញច្រើនប្រភេទទៀត នៅតាមទីផ្សារខ្លះ ត្រូវគេលួចដាក់សារធាតុគីមីម៉្យាងនៅលើម្ហូបសមុទ្រ ឬម្ហូបអាហារទាំងនោះឲ្យមើលទៅឃើញស្រស់ និងទុកលក់បានយូរថ្ងៃ។
លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ព្រមានថា នៅថ្ងៃអនាគត បើអាជីវកររូបណានៅបន្តដាក់លក់មុខម្ហូបសមុទ្រមានផ្ទុកសារធាតុគីមី និងលក់ទំនិញខូចគុណភាព ឬគ្មានស្លាកសញ្ញាវេចខ្ចប់ត្រឹមត្រូវទេ នឹងត្រូវផ្ដន្ទាទោស៖ «យើងបានដកហូតម្ហូបសមុទ្រស្រស់ ឬបន្លែត្រីសាច់ដែលពិសោធន៍រកឃើញប្រើសារធាតុគីមីកន្លងមកយកទៅបំផ្លាញចោល។ ក្នុងនោះយើងបានណែនាំដល់អាជីវករទាំងអស់ហ្នឹង សូមកុំឲ្យប្រើសារធាតុគីមីទៅលើចំណីអាហាររបស់ខ្លួនដាក់លក់នៅលើទីផ្សារជាបន្តទៅទៀត។ បើសិនជាមន្ត្រីជំនាញកាំកុងត្រូលរកឃើញនៅពេលខាងមុខ អាជីវករទាំងនោះនៅបន្តលួចប្រើសារធាតុគីមី ទៅលើចំណីអាហារ ហើយបន្តដាក់លក់នៅលើទីផ្សារទៀត យើងនឹងមានវិធានការផ្លូវច្បាប់ទៅលើក្រុមអាជីវករទាំងនោះ»។
ស្ត្រីឈ្មោះ អ៊ូច វន ជាអាជីវករម្នាក់លក់ម្ហូបសមុទ្រស្រស់នៅផ្សារវាលរេញ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលអះអាងថា ស្តង់លក់ម្ហូបសមុទ្រស្រស់របស់គាត់មិនមានដាក់សារធាតុគីមី និងលក់ម្ហូបសមុទ្រស្រស់នៅក្នុងស្រុក បានស្នើឲ្យពលរដ្ឋ ឬភ្ញៀវទេសចរ ឲ្យប្រយ័ត្នក្នុងការជ្រើសរើសម្ហូបសមុទ្រស្រស់យកទៅទទួលទាន ឬទិញយកទៅផ្ទះ ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ។
អាជីវកររូបនេះទទួលស្គាល់ថា នៅផ្សារវាលរេញ ពិតជាមានអាជីវករលក់គ្រឿងសមុទ្រស្រស់នៅតាមស្តង់ខ្លះ លក់មុខម្ហូបសមុទ្រមានផ្ទុកសារធាតុគីមី និងបំបាត់ភ្នែកជញ្ជីង ឬថ្លឹងមិនគ្រប់គីឡូ បន្លំអ្នកទិញ ឬភ្ញៀវទេសចរ ពិតមែនកន្លងមក៖ «អាជីវករលក់ម្ហូបសមុទ្រស្រស់នៅផ្សារវាលរេញ មួយចំនួន នៅពេលភ្ញៀវតម្លៃលក់គ្រឿងសមុទ្រក្នុងតម្លៃថោក ឬទាបពេក គឺពួកគេតែងតែបន្លំភ្នែកជញ្ជីងដល់អ្នកទិញទាំងនោះ ដោយក្នុងមួយគីឡូ បន្លំភ្នែកជញ្ជីងចន្លោះពី ៣ ទៅ ៤ខាំ ឬក្នុងចំនួនម្ហូបសមុទ្រស្រស់ ៣គីឡូ គឺបានបន្លំភ្នែកជញ្ជីងអស់ ១គីឡូពីភ្ញៀវ។ ខ្ញុំស្នើឲ្យអ្នកទិញគ្រឿងសមុទ្រ នៅផ្សារវាលរេញ ទាំងអស់ត្រូវជ្រើសរើសស្តង់លក់ម្ហូបសមុទ្រណាដែលមានដាក់ជញ្ជីងយុត្តិធម៌នៅពីមុខស្តង់ ទើបមិនមានការបន្លំភ្នែកជញ្ជីងពីអ្នកទិញ ហើយលក់មុខម្ហូបដែលនេសាទ ឬចិញ្ចឹមនៅក្នុងស្រុក»។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី គាំទ្រចំណាត់ការរបស់មន្ត្រីកាំកុងត្រូល ចុះត្រួតពិនិត្យចំណីអាហារជាបន្តបន្ទាប់តាមទីផ្សារ នៅតាមមូលដ្ឋាននេះ។
មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គម ស្នើឲ្យមន្ត្រីជំនាញត្រួតពិនិត្យម្ហូបអាហារ ឬទំនិញផ្សេងៗ ត្រូវកសាងសំណុំរឿងអ្នកជាប់ពាក់ព័ន្ធនឹងការដាក់លក់ទំនិញខូចគុណភាព និងផលិតគ្មានបច្ចេកទេស បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសទើបរាងចាល។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច បានប្រកាសលេខទូរស័ព្ទជូនដល់សាធារណជន ឬប្រជាពលរដ្ឋ បើមានព័ត៌មានសង្ស័យថា ទីតាំងណាមួយមានលក់ទំនិញខូចគុណភាព អាហារស្រស់ ចំណីអាហារទាំងភេសជ្ជកំប៉ុង ឬដបគ្រប់ប្រភេទមានដាក់សារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ត្រូវផ្ដល់ព័ត៌មានឲ្យបានឆាប់ទៅកាន់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ តាមរយៈលេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង ០១២ ៩៤៦ ០៤៦៕