Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​បដិសេធ​ផ្តល់​ដំបូន្មាន​ទៅ​បក្ស​ប្រឆាំង​រឿង​ជ្រើស​តាំង​អនុប្រធាន

$
0
0

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បដិសេធ​មិន​ផ្តល់​ដំបូន្មាន ឬ​ប្រាប់​ទៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​គណបក្ស​ជ្រើស​តាំង​អនុប្រធាន​ឲ្យ​ត្រឹមត្រូវ​ស្រប​តាម​ប្រការ ៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​នោះ​ទេ។ ចំណែក​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ត្អូញត្អែរ​ថា មិន​ដឹង​មូលហេតុ​អ្វី​បាន​គណបក្ស​សង្គ្រោះ​ជាត ធ្វើ​មិន​ត្រូវ​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។

ក្រសួង​មហាផ្ទៃ នៅ​តែ​រក្សា​ជំហរ​ប្រាប់​ពី​កំហុស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ជ្រើសរើស​អនុប្រធាន​គណបក្ស​ទាំង​បី​រូប​របស់​គណបក្ស​ប្រឆាំង ប៉ុន្តែ​នៅ​តែ​មិន​ប្រាប់​ថា តើ​គណបក្ស​នេះ​ត្រូវ​ធ្វើ​បែប​ណា​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់​គណបក្ស ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ថា ប្រសិន​បើ​ក្រសួង​មហាផ្ទៃ បង្គាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​យ៉ាង​ណា​ដើម្បី​ត្រឹមត្រូវ​ស្រប​តាម​ប្រការ ៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​នោះ មាន​ន័យ​ថា ក្រសួង​ជ្រៀតជ្រែក​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ខ្វះ​បណ្ឌិត និង​អ្នក​ច្បាប់​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​គណបក្ស​នេះ​ចេះ​ធ្វើ​មិន​ចេះ៖ «ចំពោះ​ការ​ឲ្យ​ក្រសួង​មហាផ្ទៃ ណែនាំ​ទៅ ឬ​យ៉ាង​ម៉េច​ទៅ ខ្ញុំ​ប្រហែល​យល់​ថា​នេះ​ជា​ការ​លើក​ឡើង​មួយ​ទាញ​យក​នូវ​ការ​គាំទ្រ ពេល​ក្រសួង​មហាផ្ទៃ ប្រាប់​ទៅ ឃើញ​ទេ ក្រសួង​មហាផ្ទៃ ណែនាំ​ជ្រៀតជ្រែក​មែន ខ្ញុំ​ខ្លាច​មាន​បញ្ហា​ហ្នឹង​ទេ ខ្ញុំ​ជឿ​ថា​អ្នក​ច្បាប់​គណបក្ស​សង្គ្រោះ​ជាតិ គាត់​មិន​ល្ងង់​ទេ»

ការ​ថ្លែង​បែប​នេះ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ គឺ​នៅ​មួយ​ថ្ងៃ​ក្រោយ​អនុប្រធាន​ម្នាក់​ក្នុង​ចំណោម​អនុប្រធាន​ទាំង​បី​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អេង ឆៃអ៊ាង ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ប្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើ​បែប​ណា​ត្រឹមត្រូវ​ក្នុង​ការ​ជ្រើស​តាំង​អនុប្រធាន នោះ​គណបក្ស​នឹង​ធ្វើ​តាម។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និយាយ​ថា អ្វី​ដែល​គណបក្ស​ត្រូវ​ធ្វើ គណបក្ស​បាន​ធ្វើ​អស់​ហើយ។ ដូច្នេះ​គណបក្ស​គ្មាន​អ្វី​ត្រូវ​ធ្វើ​ទៀត​ទេ។ លោក​ថា បើ​ក្រសួង​មហាផ្ទៃ នៅ​តែ​មិន​ព្រម​ប្រាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​នោះ​ទេ ការងារ​ដែល​គណបក្ស​ត្រូវ​ធ្វើ​នោះ គឺ​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ រៀបចំ​ការ​ចូលរួម​បោះឆ្នោត៖ «វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស ហើយ​គណបក្ស​បាន​ធ្វើ​ស្រប​តាម​លក្ខន្តិកៈ​បទបញ្ជា​ផ្ទៃក្នុង ប៉ុន្តែ​ក្រសួង​មហាផ្ទៃ យក​ហេតុផល​នេះ​ហេតុផល​នោះ ហើយ​មិន​ដឹង​ថា​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​យ៉ាង​ម៉េច? ដូច្នេះ​យើង​ក៏​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ត្រូវ​ចិត្ត​ក្រសួង​មហាផ្ទៃ ដែរ»

គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២ មេសា សម្រេច​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​របស់​ខ្លួន​ដែល​មាន​ស្រាប់​ម្តង​ទៀត ដែល​គណបក្ស​នេះ​យល់​ថា​ឲ្យ​ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស និង​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។

ផ្ទុយ​ទៅ​វិញ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា បាន​ផ្ញើ​លិខិត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​គណបក្ស​នេះ​ថា ក្រសួង​ទទួល​ស្គាល់​លោក កឹម សុខា ជា​ប្រធាន​គណបក្ស រួម​នឹង​ការ​ដក​ចេញ​នូវ​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» ចេញ​ពី​គោល​នយោបាយ​អាទិភាព​ទាំង ៥​ចំណុច​របស់​គណបក្ស។

ប៉ុន្តែ​អនុប្រធាន​ទាំង​បី​រូប​របស់​គណបក្ស​ប្រឆាំង​រួម​មាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ មិន​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ឡើយ។ លោក​រដ្ឋមន្ត្រី​ពន្យល់​ថា ការ​ជ្រើស​តាំង​នេះ​មិន​ស្រប​តាម​ប្រការ ៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស ដែល​ហួស​រយៈពេល ៣០​ថ្ងៃ​ក្រោយ​អតីត​ប្រធាន​គណបក្ស លោក សម រង្ស៊ី បាន​លាលែង។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា គណបក្ស​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រឆាំង​មិន​ចង់​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សមាសភាព​អនុប្រធាន​បក្ស​ច្រើន​នាក់ ដូច​ការ​រៀបចំ​របស់​គណបក្ស​សព្វថ្ងៃ​នេះ​ទេ។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នេះ​បាន ព្រោះ​ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​សមាសភាព​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​រួច​ហើយ។ ដូច្នេះ​ប្រធាន​គណបក្ស​អាច​រៀបចំ​គណៈកម្មាធិការ​នាយក ដើម្បី​ជ្រើសរើស​អនុប្រធាន​គណបក្ស។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ទាន់​ឲ្យ​ដឹង​ថា តើ​ក្រសួង​មាន​ចំណាត់ការ​បែប​ណា​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់​ខ្លួន​ដូចនេះ​នៅ​ឡើយ​ទេ។ តែ​ទោះ​យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា ក្រសួង​មិន​បញ្ចប់​សុពលភាព ឬ​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ក្រសួង​មហាផ្ទៃ ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles