លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងស្នើលុយពីមហាមិត្តចិន ដើម្បីយកទៅសាងសង់ផ្លូវតាមបណ្ដាខេត្តស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ។ លោក ហ៊ុន សែន សរសើរប្រទេសចិន ថាគឺជាប្រទេសផ្ដល់ជំនួយថវិកាយ៉ាងច្រើនសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ជាពិសេសផ្លូវដែលតភ្ជាប់ពីទីក្រុងទៅតាមបណ្ដាលខេត្ត និងពីបណ្ដាខេត្តទៅដល់តំបន់ព្រំដែន។
យុវជនចុះសិក្សាបញ្ហាព្រំដែនយល់ថា រដ្ឋាភិបាលគួរតែផ្ដោតលើការអភិវឌ្ឍឲ្យបានច្រើននៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ជាងការផ្ដោតសំខាន់តាមខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ យុវជន មួង សូនី ថ្លែងថា ចាប់ពីចំណុចខេត្តរតនគិរី ទៅដល់ខេត្តក្រចេះ មានប្រវែងជាង ១ពាន់គីឡូម៉ែត្រ គឺជាតំបន់អាទិភាពដែលរដ្ឋាភិបាលត្រូវអភិវឌ្ឍ ព្រោះសព្វថ្ងៃនេះ ភាគីវៀតណាម នៅតែអាចរំកិលព្រំដែនចូលមកទឹកដីកម្ពុជា៖ «»។
យុវជនដដែលនេះបន្តថា បច្ចុប្បន្ន ពលរដ្ឋខ្មែររស់នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម កំពុងខ្វះខាតសេវាសុខាភិបាលត្រឹមត្រូវ គ្មានទីផ្សារកសិកម្ម និងគ្មានការអភិវឌ្ឍប្រឡាយទឹកស្រោចស្រពដំណាំ។ លើសពីនេះ ពលរដ្ឋតាមព្រំដែនខ្លះទៀតនៅតែប្រឈមការបណ្ដេញចេញពីផ្ទះសម្បែង ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យប្រទេសចិន និងវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តកំពង់ចាម នៅថ្ងៃទី៦ មេសា ថា មហាមិត្តចិន បានជួយសាងសង់ផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តជាច្រើន ហើយលោកនឹងស្នើលុយពីចិន បន្ថែមទៀត ដើម្បីសាងសង់កំណាត់ផ្លូវមួយខ្សែស្ថិតតាមបណ្ដាខេត្តព្រំដែនកម្ពុជា-ថៃ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ កោះកុង ទៅដល់ខេត្តព្រះសីហនុ៖ «»។
លោកនាយករដ្ឋមន្ត្រីក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលរាល់ជំនួយកន្លងមក តែងបង្កភាពងាយស្រួលសម្រាប់កម្ពុជា សម្រាប់យកទៅអភិវឌ្ឍ។ លោក ហ៊ុន សែន បញ្ជាក់ថា ស្របពេលមួយឆ្នាំៗ កម្ពុជា ត្រូវការទឹកប្រាក់ប្រហែល ៥០០ ទៅ ៧០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក អគ្គិសនី វិស័យអប់រំ និងសុខាភិបាល ដូច្នោះលោកសង្ឃឹមថា នៅពេលលោកធ្វើទស្សនកិច្ចជាផ្លូវការទៅចូលរួមសន្និសីទកំពូលស្ដីពី «ខ្សែក្រវាត់មួយ វិថីមួយ» ក្នុងប្រទេសចិន នៅខែឧសភា ខាងមុខ កម្ពុជា នឹងទទួលបានការគាំទ្របន្ថែមពីភាគីចិន។
កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ ស្របពេលប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jinping) មកបំពេញទស្សនកិច្ចនៅកម្ពុជា រដ្ឋាភិបាលចិន បានសម្រេចលុបចោលបំណុលដែលកម្ពុជា ជំពាក់ក្នុងឆ្នាំ២០១៥ ចំនួន ៩០លានដុល្លារសហរដ្ឋអាមេរិក និងសម្រេចឲ្យភាគីកម្ពុជា បន្តខ្ចីបន្ថែមទៀតចំនួន ៦០លានដុល្លារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងការអភិវឌ្ឍតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម អាស៊ីសេរី មិនទាន់អាចសុំការបកស្រាយពីប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានទេនៅថ្ងៃទី៦ មេសា នេះ។
កន្លងទៅ នៅតាមខ្សែបន្ទាត់ព្រំដែនភាគខាងកើត តែងតែមានបាតុភាពកើតឡើងជាច្រើនរួមមាន ការលួចជីកស្រះ ជីកប្រឡាយ លួចសាងសង់ប៉ុស្តិ៍យុទ្ធសាស្ត្រ លួចធ្វើផ្លូវនៅតំបន់ហាមឃាត់ និងកាប់រានព្រៃធ្វើចម្ការ ជាដើម ដែលពួកគេមិនបានពិគ្រោះយោបល់ជាមួយកម្ពុជា នោះទេ ប៉ុន្តែសម្រាប់ភាគីកម្ពុជា វិញ មិនដែលហ៊ានបញ្ចេញសកម្មភាពដូចវៀតណាម ឡើយ។ លើសពីនេះ បើទោះបីជាកម្ពុជា បានផ្ញើលិខិតកំណត់ទូតទៅវៀតណាម ២៣លើកក្តី តែវៀតណាម បានបង្ហាញកាយវិការមិនយកចិត្តទុកដាក់ឡើយ។
ជាមួយគ្នានេះ យុវជន មួង សូនី បញ្ជាក់ថា ក្នុងពេលចុះធ្វើយុទ្ធនាការ ១០០រាត្រី ដែលបានចុះទៅសម្ភាសជាមួយពលរដ្ឋនៅតាមតំបន់ព្រំដែន គឺពលរដ្ឋនៅតែលើកឡើងថា ប្រជាជនវៀតណាម នៅតែហូរចូលមកកម្ពុជា៕