Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ប្រមាណ​១០០​នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុវត្ត​សាល​ដីកា

$
0
0

អ្នក​ភូមិ​ប្រមាណ ១០០​នាក់​នៅ​ភូមិ​ក្រាំងតាតន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នាំ​គ្នា​ជំទាស់​នឹង​មន្ត្រី​អាជ្ញាធរ​ដែល​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល សម្រេច​ឲ្យ​ពួក​គាត់ ៥​គ្រួសារ​ចាញ់​ក្ដី ហើយ​បាត់បង់​ដី។ ពួក​គាត់​ចាត់​ទុក​ថា​ជា​ការ​សម្រេច​ដោយ​អយុត្តិធម៌។

ម្ចាស់​ដី​ម្នាក់​ដែល​តំណាង​ឲ្យ​សាច់ញាតិ​ម្ចាស់​ដី​ទាំង ៥​គ្រួសារ គឺ​លោក សែម ជឿន មាន​ប្រសាសន៍​ថា ពួក​លោក​មិន​ដែល​លក់​ដូរ​ដី​នេះ​ទេ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភ្នំពេញ​ប្ដឹង​ថា ពួក​លោក​រស់នៅ​លើ​ដី​របស់​គេ។

លោក សែម ជឿន អះអាង​ទៀត​ថា ទីតាំង​ដី​ដែល​តុលាការ​កំពូល សម្រេច​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នោះ មាន​ទីតាំង​ភូមិ-ឃុំ​ខុស​គ្នា​ពី​ដី​របស់​លោក។ លោក​ហៅ​ថា​អយុត្តិធម៌ ព្រោះ​ពួក​លោក​មិន​ដឹង​អំពី​សាល​ដីកា​នេះ​សោះ៖ «»

នៅ​ឆ្នាំ​២០០៨ មាន​អំណាច​សាលក្រម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ឲ្យ​រឹប​អូស​ដី​នេះ​ម្ដង ហើយ​លោក​ប្ដឹង​ទាស់​តាម​រយៈ​មេធាវី​ទៅ​សាលា​ឧទ្ធរណ៍។ ពួក​លោក​ចាញ់​ក្ដី​នៅ​សាលា​ឧទ្ធរណ៍ ដោយសារ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ ហើយ​ភាគី​ម្ខាង​ទៀត​អះអាង​ថា​មាន​ប័ណ្ណ​កម្មសិទ្ធិ បន្ទាប់​ពី​បាន​ទិញ​នៅ​ឆ្នាំ​១៩៩៤។ រឿងរ៉ាវ​នេះ បាន​ស្ងប់​តាំង​ពី​ពេល​នោះ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៧ ទើប​ពួក​គាត់​ទាំង ៥​គ្រួសារ ទទួល​បាន​សាល​ដីកា​តុលា​កំពូល ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ បញ្ជាក់​ថា ដី​នេះ​ជា​របស់​លោកស្រី ទេស សុផា នៅ​រាជធានី​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចុះ​អនុវត្ត​សាល​ដីកា​រឹប​អូស​ដី​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា នេះ។

មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ភូមិ គឺ​លោក ខៀវ សុផល មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អ្នក​ភូមិ​មិន​ដឹង​អំពី​ការ​សម្រេច​របស់​តុលាការ​កំពូល ព្រោះ​តែ​ដាច់​ទំនាក់ទំនង​របស់​អ្នក​ភូមិ៖ «»

ដោយឡែក​មេ​ឃុំ​ព្រៃរំដួល លោក អ៊ុំ សារិន ថ្លែង​ថា ចាប់​តាំង​ពី​ពេល​លោក​ជាប់​ឆ្នោត​ជា​មេ​ឃុំ នៅ​ឆ្នាំ​២០០១ លោក​មិន​បាន​ដឹង​ថា ដី​នេះ​មាន​ទំនាស់​ពី​មុន​មក​ទេ។ លោក​ធ្លាប់​គិត​ថា អ្នក​ភូមិ​ទាំងនោះ​ជា​ម្ចាស់​ដី៖ «»

ដី​ដែល​នឹង​រឹប​អូស​យក​ដោយ​អំណាច​តុលាការ​នេះ មាន​ទំហំ ១​ហិកតារ​កន្លះ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ ៥​គ្រួសារ​អះអាង​ថា បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ធ្វើ​ស្រែ​រៀង​រាល់​ឆ្នាំ។ ដី​នេះ​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៦៩-៧០ ស្ថិត​នៅ​ក្នុង​ភូមិ​គិរីរស្មី ឃុំ​ព្រៃរំដួល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ អ្នក​ភូមិ​ថ្លែង​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៦ មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​លក់​ដី​នៅ​ទីនោះ​ទៅ​ឲ្យ​ឈ្មួញ។ ប៉ុន្តែ ៥​គ្រួសារ​នេះ មិន​ព្រម​លក់ ព្រោះ​ជា​ដី​កេរ។

ការ​ចុះ​អនុវត្ត​សាល​ដីកា​រឹប​អូស​ដី​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​ស្រឡាំងកាំង និង​បារម្ភ​ខ្លាំង​អំពី​ការ​បាត់បង់​ដី​នោះ ហើយ​ពួក​គាត់​បាន​នាំ​គ្នា​រារាំង​មន្ត្រី​អាជ្ញាធរ​ដែល​ចុះ​អនុវត្ត​សាល​ដីកា មិន​ឲ្យ​វាស់វែង​ដី​ពួក​គាត់។ ទោះ​ជា​រារាំង​ក្ដី មិន​បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ទេ ហើយ​អាជ្ញាធរ​បាន​ដក​ថយ​ទៅ​វិញ​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles