មន្ត្រីនាំពាក្យ និងជាតំណាងរាស្ត្រគណបក្សដែលគ្រប់គ្រងរដ្ឋាភិបាល ប្រតិកម្មនឹងការចោទប្រកាន់របស់សហភាពអន្តរសភា ហៅកាត់ថា អាយ.ភី.យូ (IPU) ស្ដីបន្ទោសថា រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ពូកែខាងរុកកួន និងជិះជាន់សិទ្ធិសេរីភាពពលរដ្ឋរបស់ខ្លួន ជាពិសេសសមាជិកសភាពីខាងបក្សប្រឆាំង។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនេះ ស្របពេលសមាជិកសហភាពអន្តរសភា តំណាងឲ្យប្រទេសជិត ២០០ប្រទេសនៅជុំវិញពិភពលោក បានអនុម័តនៅលើញត្តិស្ដីពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៥ ខែមេសា។
លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សកាន់អំណាច យល់ឃើញថា ការវាយតម្លៃពីស្ថានភាពកម្ពុជា របស់សមាជិកសភា IPU គឺមិនត្រឹមត្រូវ និងមិនចំទិសដៅសោះឡើយ។ មន្ត្រីនាំពាក្យរូបនេះ ក៏ទទូចឲ្យសភា IPU ចុះពិនិត្យដោយផ្ទាល់នៅកម្ពុជា ថាតើកំពុងដឹកនាំប្រទេសទៅរកអំពើហិង្សា ឬយ៉ាងណា? ដោយឡែករឿងបក្សប្រឆាំងវិញ ក៏កំពុងដំណើរការ និងមានសិទ្ធិពេញលេញក្នុងជីវភាពនយោបាយដូចបក្សកាន់អំណាចដែរ។ លោកបន្តថា «អ៊ីចឹងខ្ញុំយល់ថា ការវាយតម្លៃរបស់គាត់ហ្នឹងផ្អែកតែលើរបាយការណ៍មួយជ្រុងទេ មិនមានផ្សារភ្ជាប់ការពិតជាក់ស្ដែងនៅកម្ពុជា ទេ។ ហើយបើចង់ដឹងការពិត សូមអញ្ជើញមេ IPU អញ្ជើញមកលេងភ្នំពេញម្ដងមើល! ហើយបើគ្មានកន្លែងណាលេង ចូលកាស៊ីណូណាហ្គា ហ្នឹងមើល បីយប់បីថ្ងៃមើល»។
នៅក្នុងសន្និបាតនៅប្រទេសបង់ក្លាដេស (Bangladesh) តំណាងរដ្ឋាភិបាលដែលចូលរួមនៅក្នុងសន្និបាតលើកទី១៣៦ នៃសហភាពអន្តរសភា IPU មិនបង្អង់យូរឡើយ បានទាត់ចោលភ្លាមៗដែរនៅក្នុងអង្គសន្និបាតកាលពីថ្ងៃទី៥ មេសា។ សមាជិក IPU តំណាងឲ្យរដ្ឋាភិបាល បានថ្លែងការពារចំពោះការអនុវត្តច្បាប់នៅកម្ពុជា ថា មានដំណើរការទៅដោយល្អ គោរពសិទ្ធិមនុស្ស បង្កើតឲ្យមានលំហូរពាណិជ្ជកម្ម និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិយ៉ាងទូលំទូលាយ។
តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) របស់អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី គឺសមាជិកសហភាពអន្តរសភា IPU នៅក្នុងអង្គសន្និបាត មិនពេញចិត្តចំពោះការដឹកនាំសព្វថ្ងៃរបស់រដ្ឋាភិបាលឡើយ។
មុនអនុម័តទៅលើញត្តិដែលជារបៀបវារៈរបស់កម្ពុជា សមាជិករបស់សហភាពអន្តរសភា IPU បានលើកឡើងថា ក្នុងនាមសភា IPU គប្បីផ្ញើសារទៅរដ្ឋាភិបាលកម្ពុជា ដោយម៉ឺងម៉ាត់ និងប្រាកដថា ការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ត្រូវប្រាកដឡើង ជាពិសេសការលូកដៃយ៉ាងជ្រៅរបស់រដ្ឋាភិបាលរឿងច្បាប់ស្ដីពីគណបក្សនយោបាយ។ ជាងនេះទៀត បើមិនធ្វើដូច្នេះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់សភា IPU។ លោកបន្តថា «យើងមិនចាំបាច់បន្តកិច្ចពិគ្រោះយោបល់អ្វីទៀតទេ។ ប៉ុន្តែខ្ញុំគិតថា ត្រូវផ្ដល់សារខ្លាំងៗទៅរដ្ឋាភិបាលវិញពីបញ្ហាការរំលោភសិទ្ធិមនុស្សនេះ គឺថាមិនអាចទទួលយកបានឡើយ។ នេះវាមិនមែនរឿងលេងសើចទេ ក្នុងនាមសភា IPU ត្រូវអនុវត្តឲ្យបានម៉ត់ចត់»។
ប្រតិកម្មនឹងការចោទប្រកាន់នេះ ត្រូវបានតំណាងពីខាងរដ្ឋាភិបាលថ្លែងការពារនូវជំហរដឹកនាំរដ្ឋាភិបាលមួយរំពេចដែរ ដោយចោទជាសំណួរទៅវិញថា តើសមាជិកសភា IPU ពិតជាចង់ឲ្យកម្ពុជា ត្រឡប់ទៅរករបបដឹកនាំដូចសម័យ ប៉ុល ពត វិញឬយ៉ាងណា? បើទោះជាបែបណា អង្គការផ្នែកសិទ្ធិមនុស្ស ចាត់ទុកថារដ្ឋាភិបាលហាក់មិនខ្វល់ខ្វាយរឿងការគោរពសិទ្ធិមនុស្សប៉ុន្មាននោះឡើយ។
បញ្ហានេះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំង ទទួលស្គាល់ថា ការស្រាវជ្រាវពីការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដោយសមាជិកសភា IPU នេះ អាចជាការច្បាស់ជាងការមើលឃើញរបស់ពលរដ្ឋទៅទៀត។ មិនតែប៉ុណ្ណោះ លោកថាដើម្បីបញ្ចៀសពីការរិះគន់នេះ រដ្ឋាភិបាលគួរកុំប្រព្រឹត្តកំហុស ទើបមិនមានអ្នកដឹង៕