Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ​ពិនិត្យ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចិន​នៅ​ខែត្រ​មណ្ឌលគិរី

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​អភិរក្ស​បរិស្ថាន ជំរុញ​ឲ្យ​ក្រសួង​រ៉ែ និង​ក្រសួង​បរិស្ថាន ពិនិត្យ​ភាព​ស្រប​ច្បាប់​នៃ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ប្លេក ដាយមិន ស្តូន (Black Diamond Stone SJC Co.,LTD) និង​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​នេះ បើ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​គោល​នយោបាយ​អាជីវកម្ម​រ៉ែ នា​ខែត្រ​មណ្ឌលគិរី។

មន្ត្រី​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រចាំ​កម្ពុជា (WWF-Cambodia) រក​ឃើញ​ថា ក្រុមហ៊ុន​ចិន ឈ្មោះ ប្លេក ដាយមិន ស្តូន (Black Diamond Stone SJC Co.,LTD) កំពុង​ប្រតិបត្តិការ​ជីក​រក​រ៉ែ​ថ្មម៉ាប​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ច្រើន​ខែ​មក​ហើយ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ផុត​សុពលភាព​អាជ្ញាប័ណ្ណ​ទៅ​ហើយ។

ប្រធាន​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាង​កើត​នៃ​អង្គការ ដាប់ប៊លយូ.ដាប់ប៊លយូ.អែហ្វ (WWF) លោក មូល ផាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មេសា ថា មន្ត្រី​ឧទ្យានុរក្ស​កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទះ​ឃើញ​គ្រឿងចក្រ និង​កម្មករ​ក្រុមហ៊ុន​ចិន បាន​បោះ​តង់​ស្នាក់នៅ ព្រម​ទាំង​បាន​កសាង​ផ្លូវ​ចេញ​ចូល​នៅ​តំបន់​នោះ​ទៀត​ផង។ លោក​បញ្ជាក់​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​កំណត់​តំបន់​នោះ​ជា​ដែន​ជម្រក​សត្វ​ព្រៃ និង​ផ្ទេរ​ភារកិច្ច​គ្រប់គ្រង​ទៅ​ឲ្យ​ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ​២០១៥៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​មែនទែន ព្រោះ​ថា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក គឺ​ជា​តំបន់​ចុង​ក្រោយ​កម្ពុជា យើង ហើយ​ដែល​មាន​ព្រៃ​ល្អ ជា​ព្រៃ​ស្រោង​នៅ​តំបន់​ដែល​ល្អ​បំផុត​នៅ​តំបន់​ត្រូពិច​យើង​ហ្នឹង កម្ពុជា វៀតណាម និង​ឡាវ វា​ក៏​ជា​តំបន់​សក្ដានុពល​សម្រាប់​សត្វ​ខ្លា។ ក្រសួង​បរិស្ថាន គាត់​កំពុង​មាន​ផែនការ​ពិគ្រោះ​យោបល់​ថា នឹង​ដាក់​សត្វ​ខ្លា​ឡើង​វិញ​នៅ​តំបន់​នោះ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន ប្លេក ដាយមិន ស្តូន ដើម្បី​សុំ​ការ​ឆ្លើយតប​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ មេសា។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខែត្រ​មណ្ឌលគិរី លោក សាន់ ដារិទ្ធិ ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចិន ស្រាវជ្រាវ​នៅ​តំបន់​នោះ​តាំង​ពី​ឆ្នាំ​២០១០ ពោល​គឺ​មុន​ពេល​ដែល​រាជ​រដ្ឋាភិបាល​បង្កើត​តំបន់​នោះ​ជា​ដែន​អភិរក្ស៖ «មិន​មែន​ថា​ទៅ​គ្រប់គ្រង​យក​តំបន់​នោះ​ទាំងមូល​ចឹង​ទេ គឺ​គ្រាន់​តែ​សិក្សា​ស្រាវជ្រាវ​ទេ។ មិន​មែន​ថា ដឹង​ថា​កន្លែង​ហ្នឹង​គ្រោះថ្នាក់​ហើយ នៅ​តែ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ មិន​មែន​ទេ! ព្រោះ​កន្លែង​ហ្នឹង​ទើប​កាត់​ថ្មីៗ ទើប​ឯកឧត្តម​ឡើង​មក គាត់​បង្កើត​កន្លែង​ហ្នឹង​ជា​តំបន់​ស្នូល»

របាយការណ៍​របស់​អង្គការ WWF កាល​ពី​ពេល​ថ្មី​នេះៗ រក​ឃើញ​ថា ក្រុមហ៊ុន​ចិន ឈ្មោះ ប្លេក ដាយមិន ស្តូន បាន​ផុត​សុពលភាព​អាជ្ញាប័ណ្ណ​តាំង​ពី​ឆ្នាំ​២០១៤។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព មាន​ប្រសាសន៍​ថា ប្រសិន​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ផុត​សុពលភាព គឺ​ជា​រឿង​ធំ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​សិទ្ធិ​បញ្ឈប់៖ «ប្រសិន​ជា​យើង​ដឹង​ថា​ឋិត​ក្នុង​ដែន​អភិរក្ស​ធម្មជាតិ​មួយ​ណា? បាន​យើង​ឋិត​ក្នុង​ទីតាំង បាន​យើង​ដឹង​ថា បាន​យើង​ពិនិត្យ​ថា​តើ​ទីតាំង​ដែល​គាត់​ស្រាវជ្រាវ​ឋិត​ក្នុង​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ចីរភាព និង​តំបន់​សហគមន៍។ អា​ហ្នឹង​ទាល់​តែ​ច្បាស់​ចឹង»

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន យល់​ថា ប្រសិន​បើ​ក្រុមហ៊ុន​ទទួល​អាជ្ញាប័ណ្ណ​សិក្សា និង​ស្រាវជ្រាវ​ដោយ​ប្រើប្រាស់​បច្ចេកទេស និង​គ្រឿងចក្រ គឺ​ឋិត​ក្នុង​កម្រិត​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ លើស​ពី​នេះ បើ​ក្នុង​ករណី​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម អាជ្ញាធរ​ជំនាញ​ត្រូវ​ចុះ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ត្រឹមត្រូវ និង​មាន​ការ​ឯកភាព​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ទើប​អាច​អនុវត្ត​គោល​នយោបាយ​អាជីវកម្ម​បាន៖ «បើ​កម្រិត​ធ្វើ​អាជីវកម្ម​វា​ប៉ះពាល់ ប៉ុន្តែ​គេ​មាន​យន្តការ​បន្ធូរបន្ថយ ប៉ុន្តែ​បើ​កម្រិត​ក្នុង​ការ​សិក្សា​វា​ប៉ះពាល់​វា​តិចតួច។ អាជីវកម្ម​ជួនកាល​លួចលាក់​ធ្វើ​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​អី អា​ហ្នឹង​វា​ប៉ះពាល់​ធំ​ដុំ ព្រោះ​អត់​មាន​អ្នក​ណា​ម្នាក់​ទៅ​ត្រួត​ពិនិត្យ»

តំបន់​អភិរក្ស​សត្វ​ព្រៃ​ស្រែ​ពក ឋិត​នៅ​ចន្លោះ​ស្រុក​កោះញែក និង​ស្រុក​ពេជ្រាដា នៃ​ខែត្រ​មណ្ឌលគិរី មាន​ផ្ទៃដី​ជាង ៣​សែន​ហិកតារ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ហើយ​បច្ចុប្បន្ន​តំបន់​នោះ​មាន​ឆ្មាំ​អភិរក្ស​របស់​មន្ទីរ​បរិស្ថាន​ជាង ៣០​នាក់។ តំបន់​នោះ​សម្បូរ​ដោយ​ព្រៃ​ស្រោង និង​ជា​សម្បុក​សត្វ​កម្រ​ជិត​ផុត​ពូជ​រស់នៅ ដូចជា ដំរី ទន្សោង និង​ខ្លា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles