ប្រជាពលរដ្ឋជាង ១០នាក់ រស់នៅអមផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៦ ខែមេសា បានតវ៉ាសាជាថ្មីដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរដោះស្រាយសំណងជូនពួកគាត់ឲ្យបានឆាប់។
នេះជាលើកទី៥៩ ហើយ ដែលពលរដ្ឋនៅក្រុងប៉ោយប៉ែត ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងជូនពួកគាត់។
តំណាងអ្នកតវ៉ាម្នាក់រស់នៅសង្កាត់ផ្សារកណ្ដាល លោក តុត សុខ ឲ្យដឹងនៅថ្ងៃទី៦ ខែមេសា ថា មូលហេតុដែលពួកគាត់តវ៉ាសាជាថ្មី ដោយសារទន្ទឹងរង់ចាំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត នាំពាក្យបណ្ដឹងរបស់ពួកគាត់ដាក់ទៅអន្តរក្រសួង ដើម្បីដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់ជាច្រើនថ្ងៃហើយ តែពុំមានដំណោះស្រាយនៅឡើយ៖ «រហូតដល់ថ្ងៃព្រហស្បតិ៍នេះ គាត់អត់បានដោះស្រាយអីឲ្យពួកគាត់ខ្ញុំទេ។ ខ្ញុំតវ៉ានេះចង់ឲ្យអាជ្ញាធរក្រុងដោះស្រាយជូនពួកគាត់ដែលរងផលប៉ះពាល់ដែលអាជ្ញាធរបណ្ដេញចេញទាំងបង្ខំ អ្នកខ្លះបាញ់ថ្នាំឲ្យកាត់ផ្ទះខ្លះ បាញ់ថ្នាំឲ្យរុះរើជាដើម»។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលរងក្រុងប៉ោយប៉ែត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីលោក ម៉ែន សុភ័ណ ដើម្បីឆ្លើយតបជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៦ ខែមេសា។ ប៉ុន្តែកាលពីថ្ងៃទី៣០ ខែមីនា លោក ម៉ែន សុភ័ណ អះអាងថា អាជ្ញាធរក្រុងមួយនេះបានយកពាក្យបណ្ដឹងរបស់ពលរដ្ឋដាក់ទៅអន្តរក្រសួងអស់ហើយ៖ «ឥឡូវពាក្យបណ្ដឹងនោះបានដល់ដៃអន្តរក្រសួងហើយ អន្តរក្រសួងជាអ្នកទទួលបន្ទប់ការងារនេះ នៅពេលដែលគាត់ឃើញហើយ គាត់នឹងឆ្លងថ្នាក់ថ្នាក់ក្រោមគាត់ ហើយគាត់ដោះស្រាយយ៉ាងមិចជារឿងរបស់គាត់»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា បញ្ហានេះ អាជ្ញាធរគ្រាន់តែជាការឆ្លើយរុញដាក់គ្នាដើម្បីឲ្យក្រុមអ្នកតវ៉ាបានស្ងប់ចិត្តមួយគ្រា ដោយពុំមានដំណោះស្រាយជូនពួកគាត់នោះទេ៖ «កន្លងមកយើងឃើញគេយកខាងអន្តរក្រសួង កាលពីថ្ងៃទី១៤ មីនា ពុំបានឆ្លើយឲ្យច្បាស់លាស់ថា ដោះស្រាយយ៉ាងណាឲ្យពលរដ្ឋទេ គឺគ្រាន់តែមកប្រាប់ពួកគាត់ឲ្យតែបានលឺសំឡេងនិយាយប៉ុណ្ណឹងទេ»។
កន្លងទៅ ក្រុមអ្នកតវ៉ាចំនួន ៣២គ្រួសារ បានប្ដឹងទៅអាជ្ញាធរក្រុងប៉ោយប៉ែត ឲ្យពិនិត្យមើលឡើងវិញអំពីការប៉ះពាល់របស់ពួកគាត់ លើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង ដើម្បីដោះស្រាយសំណងតាមផ្លូវច្បាប់។ ការតវ៉ាលើកទី៥៩នេះ អាជ្ញាធរក្រុងពុំបានចេញទៅជួបពិភាក្សាជាមួយពលរដ្ឋទេ ហើយពួកគាត់ក៏បានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់តវ៉ាអស់ជាង ១ម៉ោង។ ក្រុមអ្នកតវ៉ាអះអាងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធពុំបានដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់ ដែលអាចទទួលយកបានទេ ពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕