Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ប្ដឹង​ទាហាន​ម្នាក់​ថា​បាន​បាញ់​ឱ្យ​រង​របួស​ធ្ងន់

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​សូយោង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ មួយ​គ្រួសារ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទាហាន​ម្នាក់​នៃ​អង្គភាព​ពន្លត់​អគ្គិភ័យ ង៧០ ដែល​បាន​បាញ់​សមាជិក​គ្រួសារ​ពួកគាត់​ឱ្យ​រង​របួស​ធ្ងន់។ ការ​សម្រេច​ប្តឹង​ពេល​នេះ ក្រោយ​ពេល​អ្នក​របួស​មាន​ស្ថានភាព​អ្នក​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ស្ទើរ​តែ​គ្មាន​សង្ឃឹម​ថា​រស់​បាន ចំណែក​អាជ្ញាធរ​នៅ​មិន​ទាន់​ចាត់​វិធានការ​តាម​ច្បាប់​លើ​អ្នក​បង្ក​នៅ​ឡើយ​ទេ។

គ្រួសារ​ជនរងគ្រោះ​ម្នាក់​ដែល​រង​របួស​ធ្ងន់​ដោយសារ​សមត្ថកិច្ច​មូលដ្ឋាន និង​ទាហាន​ចុះ​អន្តរាគមន៍​លើ​ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌ និង​ផ្ដន្ទាទោស​ជនល្មើស​តាម​ច្បាប់។

គ្រួសារ​ជនរងគ្រោះ​ថែម​ទាំង​បាន​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អង្គការ​សង្គម​ស៊ីវិល និង​ដាក់ពាក្យ​ប្ដឹង​ទាហាន​ពន្លត់​អគ្គិភ័យ​ម្នាក់​ឈ្មោះ ជិន សុខា ដែល​ឈរ​ជើង​នៅ​ឃុំ​សូយោង ពី​បទ​បង្ក​របួស​ស្នាម​ដោយ​បាញ់​បុរស​ម្នាក់​ឈ្មោះ ណាំង ម៉េងឡៃ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា បណ្ដាល​ឱ្យ​ធ្លុះ​ពោះ​ហើយ​ធ្លាក់​ពោះវៀន​ចេញ​មក​ខាង​ក្រៅ។

ប្រពន្ធ​ជនរងគ្រោះ អ្នកស្រី ប៊ូ សុខា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ស្ថានភាព​របួស​ប្ដី​អ្នកស្រី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​ករណី​នេះ​មិន​ទាន់​មាន​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ទេ។ អ្នកស្រី​រំលឹក​ថា កាល​ពី​ថ្ងៃ​កើត​ហេតុ​គឺ​ប្តី​អ្នកស្រី​ស្រវឹង​ស្រា ហើយ​មាន​ជម្លោះ​ជាមួយ​បង​ថ្លៃ​ដោយ​បាន​យក​ដាវ​កាប់​បងថ្លៃ និង​បាន​កាប់​ម៉ូតូ​មេ​ភូមិ ខណៈ​មេភូមិ​បម្រុង​នឹង​ចូល​ទៅ​ធ្វើ​អន្តរាគមន៍។ ក្រោយ​មក​មេ​ភូមិ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​មូលដ្ឋាន និង​មាន​ទាហាន​ម្នាក់​មក​ជាមួយ​ដើម្បី​អន្តរាគមន៍​លើ​ករណី​នេះ។ មួយ​សន្ទុះ​ក្រោយ​មក​ទៀត នៅ​ពេល​ប្ដី​អ្នកស្រី​ជិះ​ម៉ូតូ​ចេញ​ទៅ​ក្រៅ ស្រាប់​តែ​ទទួល​ព័ត៌មាន​ថា ប្ដី​គាត់​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ចំពោះ៖ «ខ្ញុំ​ចង់​ទាមទារ​សំណង​ដូចជា​ជំងឺ​ចិត្ត​ដែល​បាន​បាញ់​ប្ដី​ខ្ញុំ​ឱ្យ​មាន​របួស ហើយ​ប្ដី​ខ្ញុំ​ដែល​មាន​បញ្ហា​ជាមួយ​បងស្រី​ខ្ញុំ​ហ្នឹង សូម​ឱ្យ​រួច​ខ្លួន»

ក្នុង​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ដាក់​ទៅ​តុលាការ​តាមរយៈ​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា បញ្ជាក់​ថា ស្ត្រី​ម្នាក់​ឈ្មោះ ប៊ូ សល់ ដែល​ត្រូវ​ជា​បងថ្លៃ​របស់​លោក ណាំង ម៉េងឡៃ មាន​ទំនាស់​នឹង​គ្នា ហើយ​មេ​ភូមិ​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​មក​ឃាត់ និង​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត បណ្ដាល​ឱ្យ​ផ្ទុះ​កាំភ្លើង​មួយ​គ្រាប់​ចេញ​ពី​លោក ជិន សុខា នៅ​ពេល​មាន​ការ​ប្រតាយប្រតប់​គ្នា​រវាង​សមត្ថកិច្ច និង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន។

ទាក់ទង​បញ្ហា​នេះ អធិការ​រង​ស្រុក​បារាយណ៍ ទទួល​ផែន​យុត្តិធម៌ លោក កែ កញ្ចនា មានប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ មេសា ថា ការ​ផ្ទុះ​កាំភ្លើង​មួយ​គ្រាប់​ត្រូវ​ពលរដ្ឋ​ឈ្មោះ ម៉េង ឡៃ គឺ​ជា​ករណី​រាល​កៃ​កាំភ្លើង​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​កើត​ហេតុ បុរស​រូប​នោះ​ផឹក​ស្រា​ស្រវឹង ហើយ​ប្រើ​អំពើ​ហិង្សា និង​បង្ក​របួស​ស្នាម​ទៅ​លើ​មនុស្ស​ជា​ច្រើន​នាក់ និង​ម៉ូតូ​មួយ​គ្រឿង ព្រម​ទាំង​មន្ត្រី​នគរបាល​ម្នាក់​ផង។ លោក​ថា សមត្ថកិច្ច​ដែល​បាន​ទៅ​អន្តរាគមន៍​រឿង​នេះ មាន​មន្ត្រី​នគរបាល​ចំនួន​ពីរ​នាក់ និង​មន្ត្រី​យោធា​ម្នាក់ ហើយ​ការ​សម្រេច​ប្ដឹង​ទាហាន​រូប​នោះ​ទៅ​តុលាការ គឺ​ជា​សិទ្ធិ​របស់​ពួកគាត់ ប៉ុន្តែ​ខាង​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំ​រឿង​នេះ​បញ្ជូន​ទៅ​តុលាការ​ហើយ​ដែរ៖ «នៅ​ពេល​វា​ជិះ​មក​ដល់​ម៉ូតូ​ប៉ូលិស ពី​ក្រោយ​ប៉ូលិស បើក​ភ្លើងស៊ីញ៉ូ​ឱ្យ​ឈប់ ប៉ុន្តែ​វា​បាន​ជិះ​ម៉ូតូ​ឱ្យ​មក​ដល់​ប៉ូលិស ហើយ​ទាញ​ដាវ​កាប់​ប៉ូលិស​យើង​ត្រូវ​មួយ​ដាវ​ពី​ក្រោយ ហើយ​បាន​ដួល​ម៉ូតូ»

​មន្ត្រី​អង្កេត​អង្គការ​លីកាដូ ខេត្ត​កំពង់ធំ លោក ឈួម រុណ ដែល​បាន​ចុះ​ស្រាវជ្រាវ​ករណី​នេះ​បញ្ជាក់​ថា តាម​ច្បាប់​សមត្ថកិច្ច​អាច​ប្រើប្រាស់​អាវុធ​បាន​ក្នុង​ករណី​ការពារ​ខ្លួន ប៉ុន្តែ​ត្រូវ​សមាមាត្រ​ទៅ​នឹង​ភាគី​ម្ខាង​ទៀត៖ «អធិការ​គាត់​បាន​និយាយ​ថា វា​ជា​រឿង​រាល់​កៃ​ទេ​ក្នុង​ការ​បាញ់។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ជា​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច​ដែរ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​តុលាការ​ត្រូវ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់​បន្ថែម​ទៀត ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ភាគី​ទាំង​ពីរ ពីព្រោះ​កិច្ច​អន្តរាគមន៍​លុបបំបាត់​អំពើ​ហិង្សា​តាម​មូលដ្ឋាន​ឱ្យ​ស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​ជា​តួនាទី​របស់​សមត្ថកិច្ច ប៉ុន្តែ​ត្រូវ​ប្រើ​តួនាទី​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles