ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា យូ.អេស.អេ.អាយ.ឌី (USAID) ផ្តល់ថវិកាជិត ២លានដុល្លារសម្រាប់ការបោះឆ្នោតនៅកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
ជំនួយរយៈពេលពីរឆ្នាំនេះ គឺផ្តល់ទៅឲ្យមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត (International Foundation for Electoral System) ដើម្បីជួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រើប្រាស់សម្រាប់ធ្វើយុទ្ធនាការអប់រំអ្នកបោះឆ្នោត ដោះស្រាយវិវាទក្នុងការបោះឆ្នោត និងលើកកម្ពស់សមត្ថភាពរបស់ គ.ជ.ប កាត់បន្ថយចំណុចខ្សោយក្នុងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ចាត់ទុកថា ការចូលរួមក្នុងការបោះឆ្នោត គឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។ សហរដ្ឋអាមេរិករំពឹងថា ជំនួយជិត ២លានដុល្លារនេះ នឹងជួយឲ្យ គ.ជ.ប ប្ដេជ្ញាចិត្តរៀបចំការបោះឆ្នោតឲ្យមានប្រសិទ្ធភាព និងកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
កន្លងទៅ អ្នកនាំពាក្យរបស់ គ.ជ.ប លោក ហង្ស ពុទ្ធា ធ្លាប់ឲ្យដឹងថា ដើម្បីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បាន គ.ជ.ប ត្រូវការថវិកាប្រមាណ ៥២លានដុល្លារសហរដ្ឋអាមេរិក៕