ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ស្នើសុំឲ្យប្រធានអង្គភាពអគ្គិសនីខេត្ត ត្រួតពិនិត្យសេវាកម្មភ្ជាប់បណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា។
អ្នកភូមិជនជាតិដើមភាគតិចព្នង មួយគ្រួសារនៅភូមិឡាំមេះ ចោទប្រកាន់បុគ្គលិកអង្គភាពអគ្គិសនីពីរនាក់ ថាបានរុះរើឧបករណ៍ភ្ជាប់ចរន្តអគ្គិសនីចេញវិញ ដោយសារតែប្រជាពលរដ្ឋនោះមិនព្រមទិញខ្សែភ្លើងរបស់បុគ្គលិកអគ្គិសនីដែលមានតម្លៃខ្ពស់លើសទីផ្សារ។
ការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមេសា គ្រាដែលបុគ្គលិកអគ្គិសនីទាំងពីរនាក់ចុះភ្ជាប់បណ្ដាញចេញពីបង្គោលលេខ៧២៥០ ឋិតក្នុងភូមិឡាំមេះ តាមលិខិតស្នើសុំរបស់ពលរដ្ឋ និងមានការយល់ព្រមពីមន្ត្រីអង្គភាពអគ្គិសនីខេត្ត។
ប្រជាពលរដ្ឋអ្នកស្នើសុំភ្ជាប់បណ្ដាញអគ្គិសនី លោក ក្រើង តុលា បញ្ជាក់ថា បុគ្គលិកតបណ្ដាញអគ្គិសនី ដាក់សម្ពាធមិនព្រមភ្ជាប់ចរន្តអគ្គិសនីចូលទៅលំនៅឋានលោក ប្រសិនលោកមិនទិញខ្សែភ្លើងរបស់បុគ្គលិករូបនោះ។ លោកថា បានទិញខ្សែភ្លើងមានទំហំត្រឹមត្រូវតាមកម្រិតថាមពលអគ្គិសនីដែលលោកស្នើសុំទំហំ ១០អាំពែរ (10A) ដែលនៅទីផ្សារ មួយម៉ែត្រមានតម្លៃ ១.៥០០រៀល ប៉ុន្តែខ្សែភ្លើងរបស់បុគ្គលិកអគ្គិសនីលក់តម្លៃមួយម៉ែត្រ ៣ពាន់រៀល៖ «លុះត្រាតែទិញខ្សែគាត់បានគាត់ត អាហ្នឹងជាចំណុចដែលខ្ញុំខឹង បើមិនយកខ្សែគាត់ទេ គាត់អត់តទេ គាត់និយាយអ៊ីចឹង»។
ក្រុមហ៊ុនអគ្គិសនីខេត្តមណ្ឌលគិរី បានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋឃុំប៊ូស្រា បំពេញបែបបទសុំជាវថាមពលអគ្គិសនី រួមទាំងកំណត់ឲ្យបង់ថ្លៃសេវាកម្ម ថ្លៃចំណាយទិញឧបករណ៍ និងប្រាក់កក់ទៅតាមតារាងតម្លៃជាវអគ្គិសនីរបស់ក្រុមហ៊ុនអគ្គិសនីកំណត់។
ប្រធានអង្គភាពអគ្គិសនីខេត្តមណ្ឌលគិរី លោក ប្រាជ សុផា បញ្ជាក់ថា ក្រុមហ៊ុនគ្មានគោលការណ៍តម្រូវឲ្យប្រជាពលរដ្ឋទិញខ្សែភ្លើងពីបុគ្គលិកក្រុមហ៊ុននោះទេ លើកលែងតែអតិថិជនអ្នកស្នើសុំប្រើប្រាស់ឧបករណ៍ខុសស្តង់ដារបច្ចេកទេស។ លោកថានឹងចាត់មន្ត្រីចុះពិនិត្យសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋភូមិឡាំមេះ ដើម្បីដោះស្រាយរឿងនេះជូនពលរដ្ឋ៖ «ចាំខ្ញុំពិនិត្យមើល ព្រោះខ្ញុំឡើងមកប្រជុំនៅភ្នំពេញ។ ខ្ញុំអត់បានដឹង»។
ប្រជាពលរដ្ឋរស់នៅឃុំប៊ូស្រា ច្រើនឆ្នាំមកហើយគ្មានថាមពលអគ្គិសនីប្រើប្រាស់នៅឡើយ។ ចាប់ពីឆ្នាំ២០១៣ អគ្គិសនីរបស់ឯកជនដំបូងបានធ្វើសេវាកម្មថាមពលអគ្គិសនីឲ្យអ្នកភូមិប្រើប្រាស់ក្នុងតម្លៃ ៣ពាន់រៀល គ្រាដែលក្រុមហ៊ុនអគ្គិសនីខេត្តលក់ថាមពលអគ្គិសនីជូនពលរដ្ឋក្នុងតម្លៃ ៩០០រៀល។
ប្រធានសាខាអង្គភាពអគ្គិសនីប្រចាំស្រុកពេជ្រាដា លោក ទី សុភក្ត្រា បញ្ជាក់ថា វាជាការភ័ន្តច្រឡំមិនយល់គ្នារវាងអតិថិជន និងបុគ្គលិកភ្ជាប់បណ្ដាញទាក់ទិនការភ្ជាប់បណ្ដាញចូលលំនៅឋានអតិថិជន។ លោកថាមិនបានដឹងច្បាស់ពីទំនាស់នោះទេ ក៏ប៉ុន្តែបុគ្គលិកអគ្គិសនីបានភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋនោះរួចហើយ នៅរសៀលថ្ងៃទី៦ ខែមេសា៖ «ការផ្គត់ផ្គង់របស់ពួកខ្ញុំមានត្រឹមបង្គោលទេ រឿងអូសខ្សែចូលផ្ទះជារឿងមនោសញ្ចេតនាទេ។ ខាងខ្ញុំអត់មានលក់ខ្សែទេ បើសិនបុគ្គលិកណាលក់ខ្សែ ប្រឈមមុខនឹងការដេញចោល»។
ឃុំប៊ូស្រា មានប្រជាពលរដ្ឋជាង ១ពាន់គ្រួសារចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧ រហូតបច្ចុប្បន្ន ប្រជាពលរដ្ឋជាង ៧០ភាគរយទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីពីក្រុមហ៊ុនអគ្គិសនីខេត្ត៕