Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

នគរបាល​ខេត្ត​ព្រះសីហនុ​ស្នើ​អ្នក​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ

$
0
0

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ក្រើន​រំឭក​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​គោរព​ច្បាប់​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​រួម​ចំណែក​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។

មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ បង្ក​ដោយ​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធំៗ ឬ​រថយន្ត​កុងតឺន័រ។

មន្ត្រី​នគរបាល​មក​ពី​ក្រសួង​មហាផ្ទៃ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាន​ចុះ​អប់រំ​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​ចេញ​ពី​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បើក​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤ ឲ្យ​ពួក​គេ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ពេល​បុណ្យ​ចូល​ឆ្នាំ។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ លោក អ៊ី សុខា ស្នើ​ដល់​អ្នក​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់​គ្នា ពិសេស​អ្នក​បើកបរ​រថយន្ត​ដឹក​កុងតឺន័រ​បើក​ចេញ​ពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ គឺ​មុន​នឹង​ចេញ​ដំណើរ ត្រូវ​ត្រួត​ពិនិត្យ​បច្ចេកទេស​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន៖ «ខាង​បច្ចេកទេស​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួត​ពិនិត្យ​បច្ចេកទេស​រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ដឹក​អ្នក​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ចេញ ឬ​ចូល​មក​ខេត្ត​ព្រះសីហនុ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍»

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ព្រួយ​បារម្ភ​ចំពោះ​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ ឬ​រថយន្ត​កុងតឺន័រ​តាម​ផ្លូវ​ជាតិ​លេខ​៤ ដែល​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ទទួល​ព័ត៌មាន​ថា អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ភាគច្រើន​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ពេល​បើកបរ។

លោក ប៊ួន ណារិទ្ធិ ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រួត​ពិនិត្យ​អ្នក​បើកបរ​រថយន្ត​ធំៗ​ដែល​អាច​មាន​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​ពេល​ពួក​គេ​បើកបរ​នៅ​លើ​ផ្លូវ​សាធារណៈ៖ «ជាពិសេស​រថយន្ត​ដឹក​ទំនិញ​ដែល​តែង​កែច្នៃ​ខុស​បច្ចេកទេស ហើយ​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បើកបរ គឺ​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ យើង​ជា​ញឹកញាប់។ ដូច្នេះ​ការ​ត្រួត​ពិនិត្យ​នឹង​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជួយ​ការពារ​ផ្លូវ​កំពុង​សាងសង់​ថ្មីៗ​នៅ​ក្នុង​ខេត្ត​យើង​នេះ​ផង»

បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ដែរ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ថា មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​បើក​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​កោង និង​បើកបរ​មាន​ល្បឿន​លឿន​ហួស​ច្បាប់​កំណត់​នោះ​ទេ។ ជាង​នេះ លោក​ស្នើ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ ឬ​អ្នក​បើកបរ​យានយន្ត ត្រូវ​មាន​ការ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles