គណបក្សប្រឆាំងបានដាក់លិខិតផ្លូវការទៅក្រសួងមហាផ្ទៃ សម្រេចលុបចោលពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» តាមសំណើរបស់ក្រសួងមហាផ្ទៃ។ សមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិ គឺមានលោក កឹម សុខា ជាប្រធាន និងមានលោក អេង ឆៃអ៊ាង លោក ប៉ុល ហំម និងអ្នកស្រី មូរ សុខហួរ ជាអនុប្រធាន។
កន្លងមក ក្រសួងមហាផ្ទៃ បានទទួលស្គាល់ការធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ តាមរយៈការធ្វើសមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ហើយជំរុញគណបក្សសង្គ្រោះជាតិ យកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈថ្មីរបស់ខ្លួន។
កាលពីចុងខែមីនា អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមធ្វើឲ្យគណបក្សសង្គ្រោះជាតិ ចុះទន់ខ្សោយ រួមមាន៖
-
ការលុបបំបាត់សំឡេងភាគច្រើន និងភាគតិចក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា
-
ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ក្នុងន័យចង់រំលាយគណបក្សសង្គ្រោះជាតិ
-
ការបង្កភាពចម្រូងចម្រាសរបស់ក្រសួងមហាផ្ទៃ ទៅដល់លក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ
-
ការបញ្ចេញខ្សែអាត់សន្ទនារឿងអាស្រូវស្នេហា និងការសន្ទនាអំពីបញ្ហាផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ តាមទំព័រហ្វេសប៊ុក
-
និងការបន្តចាប់ខ្លួនសកម្មជនឆ្នើមៗរបស់គណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ ជាដើម។
ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញបក្សប្រឆាំងនេះដែរ បេក្ខនារីលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អូរចារ មកពីគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ព្រួយបារម្ភករណីកោះហៅរបស់តុលាការខេត្តបាត់ដំបង ដើម្បីចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី២០ ខែមេសា ខាងមុខ តាមបណ្ដឹងរបស់មន្ត្រីប៉ូលិស ពីបទរារាំងការអនុវត្តដីការបស់តុលាការខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ មករា កន្លងទៅ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បដិសេធថា កញ្ញាពុំបានពាក់ព័ន្ធនឹងការតវ៉ារបស់ពលរដ្ឋ ដែលរារាំងសមត្ថកិច្ចចុះអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តបាត់ដំបង នោះទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី អះអាងថា ចំណាត់ការរបស់តុលាការខេត្តបាត់ដំបង នៅពេលនេះ អាចនឹងប៉ះទង្គិចដល់បេក្ខភាពបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខ៕