Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ម្ចាស់​រថយន្ត​ឈ្នួល​កុំ​ដំឡើង​ថ្លៃ​ខ្លាំង​ពេក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣ មេសា អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ឈ្នួល និង​អាជីវករ ជាពិសេស​នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស កុំ​ឲ្យ​ដំឡើង​ថ្លៃ​ម្ហូប​អាហារ និង​សេវា​ជ្រុល​ខ្លាំង​ពេក​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​សុំ​ឲ្យ​ម្ចាស់​រថយន្ត​ឈ្នួល​ទាំងអស់​ថា ប្រសិន​បើ​ចាំបាច់​ត្រូវ​ឡើង​ថ្លៃ គួរ​តែ​ឡើង​ក្នុង​កម្រិត​សម​ល្មម នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ៖ «ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​អំពាវនាវ​ស្ទើរ​តែ​រៀង​រាល់ ទាំង​ពេល​ភ្ជុំ​បិណ្ឌ ទាំង​ពេល​ចូល​ឆ្នាំ ក៏ប៉ុន្តែ​ដោយសារ​តែ​តម្រូវការ​ខ្ពស់​ពេក​នៃ​ការ​ធ្វើ​ដំណើរ និង​ការ​ចង់​មាន​ចង់​បាន​ពី​សំណាក់​អ្នក​បើកបរ ឬ​អាច​ថា​ក្រុមហ៊ុន​ផង តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​ក៏​មាន​ការ​កើន​ឡើង។ ដូច្នេះ​អំពាវនាវ​ចំពោះ​អ្នក​ម្ចាស់​រថយន្ត ខិតខំ​យ៉ាង​ណា​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជា​សាច់ឈាម​របស់​យើង...»

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធី​សម្ពោធ​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន ហៅ​ផ្លូវ​៦០​ម៉ែត្រ ដែល​តភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ក្បាល​ថ្នល់ ទៅ​សង្កាត់​ព្រែកកំពឹស ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៧។ ទន្ទឹម​គ្នា​នឹង​ការ​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ លោក​ក៏​អំពាវនាវ​ដល់​អាជីវករ​អ្នក​លក់​ដូរ​នៅ​តាម​រមណីយដ្ឋាន​នៅ​ទូទាំង​ប្រទេស កុំ​ឲ្យ​លក់​កោរ​ភ្ញៀវ​ដែរ៖ «យើង​ចំណេញ​តិច តែ​លក់​បាន​ច្រើន ហើយ​ភ្ញៀវ​ត្រឡប់​មក​វិញ​នោះ​ទើប​ល្អ។ កុំ​កោរ​គេ កុំ​ឲ្យ​គេ​មក​តែ​ម្ដង ហើយ​បាត់»

ទាក់ទង​នឹង​ការ​ដំឡើង​ថ្លៃ​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ក្នុង​រដូវ​បុណ្យ​ទាន ក្រុមហ៊ុន​រថយន្ត​ក្រុង​ឈ្មោះ កាពីតូល (Capitol) ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ជាង​១០ ឲ្យ​ដឹង​ថា នឹង​មិន​ដំឡើង​ថ្លៃ​ទេ។ ជំនួយការ​ក្រុមហ៊ុន​កាពីតូល លោក ភូ កុកវ៉ាន់ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​ដាក់​តម្លៃ​ថេរ​រួច​ហើយ៖ «»

ក្រុមហ៊ុន​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ពេល​យប់ ឈ្មោះ វីរៈ ប៊ុនថាំ អេចប្រេស នៅ​រក្សា​តម្លៃ​ដដែល គឺ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង តម្លៃ ៩​ដុល្លារ ហើយ​ពី​ភ្នំពេញ​ទៅ​សៀមរាប តម្លៃ ១០​ដុល្លារ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ជា​ទម្លាប់​របស់​អាជីវករ​តែង​ដំឡើង​ថ្លៃ​ទំនិញ និង​សេវាកម្ម​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ទាន​មក​ដល់​ម្ដងៗ។ នៅ​តំបន់​ខ្លះ ភ្ញៀវ​ភ្ញាក់​ផ្អើល​នឹង​ការ​ដំឡើង​ថ្លៃ​ហួស​ហេតុ ដែល​ពួក​គាត់​ហៅ​ថា លក់​កោរ​ពេក។

រីឯ​អ្នក​លក់​ម្ហូប​អាហារ​នៅ​មុខ​អង្គរវត្ត​ម្នាក់ គឺ​លោកស្រី ស្រីម៉ៅ មាន​ប្រសាសន៍​ថា ការ​ដំឡើង​ថ្លៃ​ម្ហូប​អាហារ​ក្នុង​រដូវ​បុណ្យ​ទាន មិន​អាច​ចៀស​រួច​ទេ ហើយ​ការ​ឡើង​ថ្លៃ​នោះ​តិចតួច ព្រោះ​តម្លៃ​ដើម​ទិញ​មក​ចាប់​ផ្ដើម​ឡើង​ដែរ៖ «យើង​មិន​ចង់​ឡើង​ទេ តែ​ទីផ្សារ​គេ​ទិញ​មក​វា​ឡើង​ដែរ។ យើង​តម្រូវការ​ច្រើន តែ​មិន​ឡើង​ច្រើន​ទេ ឡើង​ពីរ​បី​ពាន់​អី​ទេ។ នៅ​សៀមរាប នេះ​ដូចជា​គេ​មិន​សូវ​ល្បី​ថា​ថ្លៃ​ទេ ទាល់​តែ​យើង​ទិញ...»

ដូច​គ្នា​នេះ​ដែរ ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ថ្លែង​ថា ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល នឹង​មិន​អាច​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​រដ្ឋ​មិន​មាន​មធ្យោបាយ​ជួយ​ដឹក​ជញ្ជូន​ខ្លួន​ឯង។ ម្យ៉ាង​ទៀត ការ​ជួល​កន្លែង​លក់​ដូរ​ឲ្យ​អាជីវករ​នៅ​រមណីយដ្ឋាន​ក៏​ឡើង​ថ្លៃ៖ «»

ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៧ នេះ មាន​ក្រុមហ៊ុន​លក់​ស្រាបៀ​មួយ​បាន​ប្រកាស​ចែក​សំបុត្រ​ជិះ​រថយន្ត​ក្រុង​ដោយ​ឥត​គិត​ថ្លៃ​ចំនួន ១០០​គ្រឿង សម្រាប់​ឲ្យ​កម្មករ​រោងចក្រ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​នៅ​តាម​បណ្ដា​ខេត្ត​នានា។ សំបុត្រ​រថយន្ត​ទាំងនោះ ក្រុមហ៊ុន​នឹង​ចែក​ជូន​នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​៨ មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles