ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង កោះហៅបេក្ខនារីលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់មកពីគណបក្សសង្គ្រោះជាតិ ម្នាក់ទៅបំភ្លឺនៅថ្ងៃទី២០ មេសា តាមបណ្ដឹងរបស់មន្ត្រីប៉ូលិស។ មន្ត្រីបក្សប្រឆាំងរូបនេះបានចុះទៅឃ្លាំមើលប្រជាពលរដ្ឋតវ៉ារារាំងការអនុវត្តដីការបស់តុលាការខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ មករា កន្លងទៅ។
មន្ត្រីគណបក្សប្រឆាំង និងជាជំទប់ទី២ សង្កាត់អូរចារ ក្រុងបាត់ដំបង កំពុងស្វះស្វែងរកមេធាវីដើម្បីការពារក្ដីក្នុងសំណុំរឿងនេះ។
បេក្ខនារីលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អូរចារ មកពីគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត មានប្រសាសន៍នៅថ្ងៃទី៣ មេសា ថា កញ្ញាព្រួយបារម្ភពីក្ដីក្ដាំនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការឈរឈ្មោះបោះឆ្នោតនៅពេលខាងមុខ។ កញ្ញាសង្កត់ធ្ងន់ថា កញ្ញាពុំពាក់ព័ន្ធនឹងការតវ៉ារបស់ពលរដ្ឋ ដែលរារាំងសមត្ថកិច្ចចុះអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តបាត់ដំបង នោះទេ៖ «សម្រាប់ខ្ញុំក្នុងនាមជាបេក្ខនារីមួយរូបដែលឈរឈ្មោះនៅសង្កាត់អូរចារ តែងតែមានការបារម្ភ និងភ័យខ្លាច ព្រោះកន្លងមកគេតែងប្រើប្រព័ន្ធតុលាការដើម្បីមន្ត្រីគណបក្សប្រឆាំង ហើយមន្ត្រីបក្សប្រឆាំងជាច្រើននាក់ក៏បានជាប់គុក។ អ៊ីចឹងករណីនេះវាអាចនឹងរារាំងដល់ការងាររបស់រូបនាងខ្ញុំ មិនឲ្យចុះធ្វើការងារតាមមូលដ្ឋាន។ ប៉ុន្តែនាងខ្ញុំនឹងមិនរាថយទេ»។
អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣ មេសា។
ប៉ុន្តែដីកាកោះដែលចុះហត្ថលេខាដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង លោក ប៉ង់ ចាន់សុយុទ្ធារា ចុះថ្ងៃទី១៤ មីនា កោះហៅកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចូលបំភ្លឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដឹងរបស់មន្ត្រីប៉ូលិសនៃស្នងការដ្ឋានខេត្តបាត់ដំបង ម្នាក់ឈ្មោះ សៅ ប៊ុនទិត្យ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា តុលាការកោះហៅបេក្ខនារីលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អូរចារ គណបក្សប្រឆាំង ទៅបំភ្លឺនៅពេលនេះ គឺអាចនឹងប៉ះពាល់ដល់បេក្ខភាពបោះឆ្នោតនៅពេលខាងមុខ៖ «អ៊ីចឹងសរុបសេចក្ដីមក ខ្ញុំគិតថាតុលាការគប្បីហៅអ្នកទាំងអស់នោះទៅ កុំបាច់ធ្វើការចោទប្រកាន់ ឬក៏ឃុំខ្លួនបន្តនីតិវិធីអ្វីវែងឆ្ងាយទេ ព្រោះរឿងនេះក៏មិនធ្ងន់ធ្ងរដែរ។ យើងប្រាប់ឲ្យគាត់ទៅថា ការចុះមកនេះ គឺជាការចុះអនុវត្តសាលក្រម ដោយសារសាលក្រមបានចូលជាស្ថាពរហើយ ហើយបើតាមច្បាប់ បើយើងរារាំងត្រូវមានទោសយ៉ាងម៉េច យើងប្រាប់ប្រជាពលរដ្ឋឲ្យគាត់ដឹងទៅ»។
កាលពីថ្ងៃទី១៦ មករា កន្លងទៅ ប្រជាពលរដ្ឋប្រមាណ ៥០នាក់ បាននាំគ្នាតវ៉ានៅមុខសាលាសង្កាត់អូរចារ ដើម្បីជំទាស់នឹងមន្ត្រីតុលាការចុះអនុវត្តសាលក្រមរបស់សាលាដំបូងខេត្តបាត់ដំបង។ តុលាការបានកាត់ក្ដីឲ្យមន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ម្នាក់ឈ្មោះ សៅ ប៊ុនទិត្យ ឈ្នះក្ដីលើសំណុំរឿងទំនាស់ដីសាលាមត្តេយ្យនៅក្នុងសង្កាត់អូរចារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមអ្នកតវ៉ាទាមទារឲ្យតុលាការស៊ើបអង្កេតរឿងក្ដីនេះសាជាថ្មី ដើម្បីរក្សាដីទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ កាលណោះ ជំទប់ទី២ សង្កាត់អូរចារ ក៏បានចុះទៅឃ្លាំមើលការតវ៉ានេះដែរ។ ក្រោយមក តុលាការបានកោះហៅពលរដ្ឋចំនួន ១៣នាក់ និងមន្ត្រីគណបក្សប្រឆាំងម្នាក់ចូលបំភ្លឺពីការតវ៉ានោះ៕