Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ជា មុនី គ្មាន​ជំនឿ​លើ​ក្រុម​ការងារ​ថ្មី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បង​ប្រុស​លោក

$
0
0

ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា ដែល​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤ នៅ​តែ​ចាត់​ទុក​ការ​ស៊ើប​អង្កេត​រក​ឃាតក​ពិត​ដែល​សម្លាប់​បង​ប្រុស​របស់​លោក ថា​ជា​រឿង​អត់​ប្រយោជន៍។ លោក​រិះគន់​រដ្ឋាភិបាល​ថា គ្មាន​ឆន្ទៈ​ពិត​ដើម្បី​បញ្ចប់​សំណុំ​រឿង​ឃាតកម្ម​មួយ​នេះ​ដោយ​យុត្តិធម៌​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អគ្គស្នងការ​នគរបាល​ជាតិ បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ដើម្បី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា។

លោក ជា មុនី អះអាង​ថា សំណុំ​រឿង​ឃាតកម្ម​លើ​បង​ប្រុស​លោក គឺ​លោក ជា វិជ្ជា ដែល​បាន​កន្លង​ទៅ​ជាង ១៣​ឆ្នាំ ក៏​មិន​ទាន់​រក​ឃើញ​ឃាតក​ពិត​នោះ គឺ​ក្លាយ​ទៅ​ជា​ផ្អូម​ជូរ​បាត់​ទៅ​ហើយ រីឯ​ការ​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​ដើម្បី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ គឺ​គ្រាន់​តែ​ចង់​បង្ហាញ​ប្រាប់​ពលរដ្ឋ​ថា រដ្ឋាភិបាល​ប្រឹងប្រែង​ណាស់ និង​មិន​ទុក​ឲ្យ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្លាប់​ទាំង​អយុត្តិធម៌​ឡើយ។

លោក ជា មុនី យល់​ថា ការ​បង្កើត​ក្រុម​ការងារ​ថ្មី​ស៊ើប​អង្កេត​សំណុំ​រឿង​ឃាតកម្ម ដែល​លោក​ប្រដូច​ថា​ជូរ​ផ្អូម​រហូត​មាន​រុយ​រោម​បែប​នេះ គឺ​គ្មាន​ប្រយោជន៍​នោះ​ទេ ព្រោះ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា រួម​ទាំង​លោក ឈុត វុទ្ធី ព្រះសង្ឃ សំ ប៊ុនធឿន និង​លោក កែម ឡី ព្រម​ទាំង​សំណុំ​រឿង​គប់​គ្រាប់បែក​សម្លាប់​មនុស្ស ១៦​នាក់​ក្នុង​ឆ្នាំ​១៩៩៧ ជាដើម គឺ​ពលរដ្ឋ​ដឹង​ឮ​ហើយ ថា​នរណា​ជា​ឃាតក ហើយ​តើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ដើម្បី​ចាត់​វិធានការ​ស៊ើប​អង្កេត​ចាប់​ឃាតក​ដែរ​ឬ​ទេ។ លោក​បន្ត​ថា ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​នឹង​ចាប់​បញ្ជូន​ខ្លួន​អ្នក​ទាំងនោះ​ចូល​ក្នុង​ពន្ធនាគារ​បាន​ភ្លាមៗ៖ «គ្រាន់​តែ​លោក ហេង ពៅ (អតីត​ស្នងការ​ក្រុង​ភ្នំពេញ) ស្រែក​ថា គាត់​នឹង​បង្ហាញ​ថា អ្នក​ណា​ជា​អ្នក​បាញ់​សម្លាប់​លោក ជា វិជ្ជា និង​អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង នៅ​ពេល​ដែល​គេ​យក​គាត់​មក​សវនាការ​នៅ​តុលាការ​កំពូល អត់​ឃើញ បិទ​បាំង​រហូត ប៉ូលិស​ដាក់​បារ៉ាស់​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ទៅ​ជួប ហេង ពៅ មិន​បាន​ផង! អ៊ីចឹង​ខ្ញុំ​ឲ្យ​ខ្ញុំ​មាន​ជំនឿ​ថា​ក្រសួង​មហាផ្ទៃ ដុត​ដៃ​ដុត​ជើង ខ្ញុំ​អត់​មាន​ជំនឿ​អី​បន្តិច​ទេ»

ប្អូន​ប្រុស​លោក ជា វិជ្ជា ដដែល​បន្ត​ថា មូលហេតុ​ដែល​លោក​មិន​ជឿ​លើ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​មិន​ដែល​ធ្វើ​ឲ្យ​ចេញ​ជា​លទ្ធផល​ស៊ើប​អង្កេត​ម្ដង​ណា​ឡើយ ដើម្បី​បង្ហាញ​អំពី​ភស្តុតាង និង​ឃាតក​សង្ស័យ​ដែល​សម្លាប់​លោក ជា មុនី។

សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​៣ មេសា បាន​ចុះ​ផ្សាយ​ថា អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន កាល​ពី​ថ្ងៃ​ទី​២៧ មីនា បាន​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​ថ្មី​មួយ​ទៀត​ដែល​មាន​សមាជិក ១១​នាក់ ដើម្បី​ស៊ើប​អង្កេត​រក​ឃាតក អ្នក​សម​គំនិត និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​អតីត​មេ​ដឹកនាំ​សហជីព ដូចជា​លោក ជា វិជ្ជា លោក រស់ វណ្ណារ៉េត និង​លោក ហ៊ី វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ក្នុង​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០០៧។

ការ​បង្កើត​ក្រុម​ការងារ​ថ្មី​នេះ បន្ទាប់​ពី​គណៈកម្មការ​អន្តរ​ក្រសួង​ស៊ើប​អង្កេត​ពិសេស​មួយ ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ ដើម្បី​ស្វែងរក​ឃាតក​សម្លាប់​លោក ជា វិជ្ជា នោះ ប៉ុន្តែ​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​រក​ឃើញ​តម្រុយ​ណា​មួយ​ពី​ការ​ស៊ើប​អង្កេត​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ ជុំវិញ​ការ​បង្កើត​ក្រុម​ការងារ​ស៊ើប​អង្កេត​ថ្មី​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ មេសា នេះ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

ចំណែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា លោក​ទើប​ទទួល​បាន​ដំណឹង​នេះ​ដែរ បន្ទាប់​ពី​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ មេសា។ បើ​ទោះ​ជា​យ៉ាង​ណា លោក ខៀវ សុភ័គ អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​បញ្ជា​មិន​ឲ្យ​បិទ​សំណុំ​រឿង​ណា​ដែល​មិន​ទាន់​រក​ឃើញ​ជន​ល្មើស​ឡើយ។

លោក ជា វិជ្ជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេ​ដឹកនាំ​សហជីព​ដ៏​ក្លាហាន ហ៊ាន​ពុះពារ​ដើម្បី​ផល​ប្រយោជន៍​ជូន​កម្មករ ប៉ុន្តែ​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា បន្ទាប់​ពី​ករណី​ឃាតកម្ម​ជា​បន្តបន្ទាប់​លើ​មេ​ដឹកនាំ​សហជីព ជាពិសេស​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​សម្លៀកបំពាក់​ពី​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ស្វែងរក​ឃាតក។ រហូត​ដល់​ឆ្នាំ​២០១៥ ទើប​រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ស៊ើប​អង្កេត​ពិសេស ប៉ុន្តែ​លោក​ថា​មក​ដល់​ពេល​នេះ គួរ​ណាស់​តែ​អាច​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នោះ៖ «ដែល​គួរ​ណាស់​តែ​បង្កើន និង​ជំរុញ ដើម្បី​ស្វែងរក​ឃាតក ឬ​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពួក​គេ (សហគមន៍​អន្តរជាតិ)។ យើង​មិន​អាច​ធ្វើ​អី​ឲ្យ​គ្រាន់​តែ​មាន ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​នោះ»

សមត្ថកិច្ច​ធ្លាប់​បាន​ចាប់​មនុស្ស ២​នាក់​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ឃាតក​សិប្បនិម្មិត ដោយ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ ដើម្បី​បង្វែរ​ពី​ការ​ស្វែងរក​ឃាតក​ពិត និង​ដើម្បី​ឲ្យ​សាធារណជន​ស្ងប់​ចិត្ត។ ប៉ុន្តែ​ក្រោយ​មក អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​កំពូល​ដោះលែង​វិញ និង​ទុក​សំណុំ​រឿង​នេះ​ឲ្យ​សាលា​ឧទ្ធរណ៍​ស៊ើប​អង្កេត​ឡើង​វិញ។

លោក អំ សំអាត បន្ត​ថា នៅ​ពេល​រដ្ឋាភិបាល​ប្រើប្រាស់​ពេលវេលា​យូរ ហើយ​នៅ​តែ​មិន​អាច​រក​ឃើញ​ឃាតក​ដែល​បាញ់​សម្លាប់​មេ​សហជីព​បែប​នេះ គឺ​ត្រឹម​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់​តែ​រង​ការ​រិះគន់ និង​បង្ហាញ​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​សម្រាប់​អ្នក​ដឹកនាំ​សហជីព​ដទៃ​ទៀត​ដែរ។

ចំណែក​លោក ជា មុនី វិញ​យល់​ថា ឃាតក​ពិត​ដែល​បាន​បាញ់​សម្លាប់​បង​ប្រុស​លោក គឺ​អាច​រក​ឃើញ ប្រសិន​បើ​ការ​ស៊ើប​អង្កេត​នោះ​ធ្វើ​ឡើង​ដោយ​មាន​ភ្នាក់ងារ​អន្តរជាតិ​ចូលរួម ដូច​អង្គការ​លីកាដូ (LICADHO) អង្គការ​អាដហុក (ADHOC) និង​មក​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ព្រម​ទាំង​ប្រទេស​ស៊ុយអែត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles