Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ខែត្រ​ត្បូងឃ្មុំ​ថា​ការ​ចរាចរ​ឈើ​ប្រណិត​ទៅ​វៀតណាម​នៅ​តែ​បន្ត​កើត​មាន

$
0
0

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​បំពេញ​ការងារ​រក្សា​ធនធាន​ធម្មជាតិ ព្រួយ​បារម្ភ​ពី​ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​រថយន្ត​យីឌុប និង​រថយន្ត​សាំងយ៉ុង កំពុង​កើត​មាន​ឡើង​ពេញ​បន្ទុក​តាម​ច្រក​ព្រំដែន​ខែត្រ​ត្បូងឃ្មុំ។ ពួក​គេ​សង្ស័យ​ថា ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ​ទំនង​ដឹក​ចេញ​ពី​តំបន់​ព្រៃ​អភិរក្ស​ខែត្រ​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខែត្រ​មណ្ឌលគិរី។

សហគមន៍​ការពារ​ព្រៃ​ឡង់ និង​មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​មន្ត្រី​តុលាការ ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​គយ​ចល័ត បាន​បង្ក្រាប​រថយន្ត​យីឌុប​ចំនួន​ពីរ​គ្រឿង ដឹក​ឈើ​ប្រណិត​បំណង​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​ទឹកដី​ស្រុក​មេមត់ ខែត្រ​ត្បូងឃ្មុំ កាល​ពី​ពេល​ថ្មីៗ​នេះ។

ពលរដ្ឋ​រស់នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខែត្រ​ត្បូងឃ្មុំ លោក ផុន សុផល ឲ្យ​ដឹង​ថា ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ អ្នក​ភូមិ​ប្រទះ​ឃើញ​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ដោយ​រថយន្ត​ធំៗ និង​រថយន្ត​សាំងយ៉ុង ឆ្លង​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ជាំក្រវៀន និង​ច្រក​អន្តរជាតិ​ដា ដោយ​ឈ្មួញ​ប្រើ​រូបភាព​ដឹក​ជញ្ជូន​ឧស។ លោក​ថា​ក្នុង​មួយ​ថ្ងៃៗ មាន​រថយន្ត​ចាប់​ពី ៥​គ្រឿង​ទៅ ១០​គ្រឿង បាន​ដឹក​ជញ្ជូន​ឈើ​តាម​ផ្លូវ​ជាតិ​លេខ​៧ ឆ្លង​ទៅ​ប្រទេស​វៀតណាម។ ចំណែក​ការ​ទប់ស្កាត់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មាន​តិចតួច​នៅ​ឡើយ។ លោក​ស្ដីបន្ទោស​សមត្ថកិច្ច​ច្រក​ព្រំដែន និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​ដោយ​សេរី៖ «ខ្ញុំ​ទទួល​ដំណឹង​ដែរ​សម្រាប់​រាជ​រដ្ឋាភិបាល បាន​ចេញ​សារាចរ​ថា​ឲ្យ​បិទ​ការ​នាំ​ឈើ​ចេញ​វៀតណាម។ ខ្ញុំ​នៅ​តែ​បារម្ភ ព្រោះ​អី​អាជ្ញាធរ​នៅ​ច្រក​ព្រំដែន​ក៏ដូចជា​អាជ្ញាធរ​ភូមិ-ឃុំ មាន​ការ​ឃុបឃិត​គ្នា ដើម្បី​ឲ្យ​នាំ​បទល្មើស​ដឹក​ឈើ​ចេញ»

បុរស​ដដែល​បន្ត​ថា ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ប្ដេជ្ញា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​កាល​ពី​ឆ្នាំ​២០១៦ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ហាក់​ដូចជា​ស្ងាត់​មួយ​រយៈពេល​ខ្លី ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦ រហូត​មក​ទល់​ពេល​នេះ ពួក​គេ​នៅ​តែ​ប្រទះ​ឃើញ​ការ​ចរាចរ​ឈើ​ឆ្លង​ដែន​នៅ​តែ​កើត​មាន។ លោក​កត់​សម្គាល់​ថា សមត្ថកិច្ច​តូចតាច​ពុំ​ហ៊ាន​បង្ក្រាប​បទល្មើស ឬ​ផ្តល់​ព័ត៌មាន​ពី​បទល្មើស​ព្រៃ​ឈើ​ទាំងនោះ​ទេ ដោយ​ខ្លាច​ក្រែង​បាត់បង់​តួនាទី ឬ​តំណែង៖ «សហគមន៍​ឲ្យ​ព័ត៌មាន​ថា មេ​ប៉ុស្តិ៍​មួយ​ចំនួន​គាត់​តូចតាច គាត់​ទៅ​អើពើ​គេ​ដក​ចេញ​តែ​ម្តង។ អ្នក​ខ្លះ​គាត់​ចាប់​ឈើ​ភ្លាម​ប្រហែល​ជា​មួយ​អាទិត្យ​ក្រោយ គេ​ត្រូវ​ដក​មេ​ប៉ុស្តិ៍​ចេញ​តែ​ម្តង។ អ្នក​ខ្លះ​ក៏​បង្ខំ​ចិត្ត​ធ្វើ​តាម​អ៊ីចឹង​ទៅ។ អ្នក​ខ្លះ​ក៏​បាន​លុយ​តិចតួច ខ្លះ​ទារ​លុយ​គេ​ក៏​គេ​អត់​ឲ្យ​ដែរ ព្រោះ​គេ​បង់​ពី​លើ​រួច​មក​ហើយ»

កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​បិទ​ច្រក​ទាំងអស់​ដែល​ឈ្មួញ​ដឹក​ឈើ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម។

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ខែត្រ​ក្រចេះ ដែល​មាន​មុខ​របរ​ដឹក​ជន្លង់​ម្រេច ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង អះអាង​ថា ពួក​គាត់​បង្ខំ​ចិត្ត​ដឹក​ជញ្ជូន​ឈើ​ជន្លង់​ម្រេច​ដើម្បី​ដោះ​បំណុល​ធនាគារ។ លោក​ថា ការ​ដឹក​ជញ្ជូន​ឈើ​ជន្លង់​ម្រេច​ម្តងៗ​ពី​ខែត្រ​ក្រចេះ រហូត​ដល់​ខែត្រ​ត្បូងឃ្មុំ គឺ​ត្រូវ​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ជាង ១០​កន្លែង ហើយ​ក្នុង​មួយ​កន្លែង​ចាប់​ពី ៦​ម៉ឺន​រៀល​ដល់ ១៥​ម៉ឺន​រៀល។ លោក​រិះគន់​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដង​ផ្លូវ តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ដឹក​ឈើ​បន្តិចបន្តួច រីឯ​ការ​ដឹក​ជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​របស់​ឧកញ៉ា និង​អ្នក​មាន​ឥទ្ធិពល​មួយ​ចំនួន ពុំ​សូវ​ឃើញ​មាន​ការ​បង្ក្រាប​នោះ​ទេ។

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី លើក​ឡើង​ថា ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស គឺ​មាន​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ដែល​មិន​អាច​វាយ​តម្លៃ​តែ​ភ្នែក​ទទេ​បាន​នោះ​ទេ។ លោក​អះអាង​ថា សមត្ថកិច្ច​ជំនាញ​តាម​ច្រក​ព្រំដែន​នីមួយៗ មាន​កាតព្វកិច្ច​ស្រាវជ្រាវ​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន តែ​បើ​រក​ឃើញ​ថា ការ​ដឹក​ជញ្ជូន​ឈើ​ធ្វើ​ឡើង​ខុស​ច្បាប់ សមត្ថកិច្ច​នឹង​អនុវត្ត​ច្បាប់។ លោក​ថា បេសកកម្ម​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន និង​ពុំ​ទាន់​បង្ហាញ​របាយការណ៍​សរុប​បាន​នោះ​ទេ៖ «យើង​មើល​នឹង​ភ្នែក​ទទេ​ម៉េច​ដឹង​ថា​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់ ទាល់​តែ​មាន​សមត្ថកិច្ច​គេ​ឆែក។ ជំនាញ​គេ​នៅ​ហ្នឹង​គេ​តាមដាន គេ​ស្រាវជ្រាវ។ យើង​ធ្វើ​ជា​បន្តបន្ទាប់ មិន​ទាន់​បាន​សរុប​ទាំងមូល​ទេ»

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បង្ហាញ​ថា រយៈពេល​បី​ខែ​កាល​ពី​ចុង​ឆ្នាំ​២០១៦ គឺ​បង្ក្រាប​បាន​ឈើ​ប្រណិត​ជិត ១០​ម៉ឺន​ម៉ែត្រ​គូប និង​ដាក់​ដេញ​ថ្លៃ​លក់​បាន​តម្លៃ​ជិត ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ជិត ៦០​ករណី។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់ លោក សេង សុខហេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មេសា ថា ការ​ស្រាវជ្រាវ​របស់​សហគមន៍​ព្រៃ​ឡង់ រក​ឃើញ​ថា ការ​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់ ព្រៃ​ព្រះ​រកា តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ និង​តំបន់​ព្រៃ​ការពារ​ផ្សេង​ទៀត​នៅ​ភាគ​ឦសាន​ប្រទេស គឺ​ឈ្មួញ​បាន​ដឹក​តាម​ម៉ូតូ និង​គោយន្ត​បន្តិច​ម្តងៗ រួច​ប្រមូល​ដាក់​រថយន្ត​ធំ​នាំ​ទៅ​ក្រៅ​ប្រទេស។ លោក​សង្ស័យ​ថា ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​អាច​ធ្វើ​ទៅ​បាន ទំនង​ជា​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​ដង​ផ្លូវ និង​ច្រក​ព្រំដែន៖ «ការ​ចរាចរ​ឈើ​កើត​ឡើង​អត់​ឈប់​ឈរ​ទេ គឺ​កើត​ឡើង​នៅ​ពេល​យប់ រតនគិរី តាម​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម នោះ គឺ​កើត​ឡើង​ឥត​ឈប់​ឈរ គឺ​មួយ​ក្រវាត់​មួយ​តែ​ម្តង។ មួយ​ថ្ងៃៗ​រាប់​សិប​កុងតឺន័រ​តែ​ម្តង ដែល​យើង​បាន​ដឹង ជាពិសេស​ច្រក​មេមត់»

ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ចុះ​ផ្សាយ​ថា ទិន្នន័យ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ភាព​ខុស​គ្នា​ខ្លាំង​រវាង​អគ្គនាយកដ្ឋាន​គយ​កម្ពុជា និង​គយ​វៀតណាម។ ព្រឹត្តិបត្រ​នេះ​បញ្ជាក់​ថា ទិន្នន័យ​គយ​វៀតណាម បាន​នាំ​ឈើ​ចូល​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម អំឡុង​ឆ្នាំ​២០១៦ ជិត ២០​ម៉ឺន​ម៉ែត្រ​គូប (១៧១.៤៣៨​ម៉ែត្រ​គូប) ខណៈ​អគ្គនាយកដ្ឋាន​គយ​កម្ពុជា បង្ហាញ​ថា ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​តែ​ជាង ៤​ពាន់​ម៉ែត្រ​គូប (.២៣០​ម៉ែត្រ​គូប) ប៉ុណ្ណោះ។ តួលេខ​នេះ​ខុស​គ្នា ៥០​ដង។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ការ​បង្ហាញ​របាយការណ៍​នាំ​ឈើ​ចេញ​របស់​អគ្គនាយកដ្ឋាន​គយ​កម្ពុជា តិច​ជាង​ច្រើន​ដង​នៃ​ការ​នាំ​ឈើ​ចូល​ប្រទេស​វៀតណាម របស់​គយ​វៀតណាម ជា​សញ្ញា​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ឬ​អាច​ជា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់។ លោក​ថា អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​វាយ​តម្លៃ​ថា ភាគច្រើន​នៃ​ឈើ​ដែល​នាំ​ទៅ​ប្រទេស​វៀតណាម គឺ​ជា​ឈើ​ខុស​ច្បាប់ ហើយ​ជន​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ ពុំ​សូវ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ បើ​ទោះ​បី​ជា​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​រឹប​អូស​ឈើ​ប្រណិត​រាប់​ម៉ឺន​ម៉ែត្រ​គូប​ពី​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ក្តី៖ «វា​ជា​អំពើ​ខុស​ច្បាប់​ពេញ​ទី ពីព្រោះ​របាយការណ៍​នៃ​ការ​នាំ​ឈើ​ចូល​រវាង​វៀតណាម ដែល​ផ្សាយ​ចេញ និង​កម្ពុជា ផ្សាយ​ចេញ គឺ​ខុស​គ្នា​ដូច​មេឃ និង​ដី។ ហ្នឹង​បញ្ជាក់​ថា ទោះ​បី​មាត់​ថា​បិទ​ច្រក​ព្រំដែន ហេតុ​អី​បាន​ឈើ​ចេញ​បាន​រហូត​ដល់​តួលេខ​ខុស​គ្នា​ដូច​មេឃ និង​ដី គឺ​វា​កើត​ចេញ​ពី​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ»

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ គឺ​ចាត់​ទុក​ជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ១០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles