ប្រជាពលរដ្ឋមួយភូមិស្ថិតក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង នាំគ្នាតវ៉ាបិទផ្លូវ ដើម្បីបញ្ឈប់សកម្មភាពឡានដឹកដីដែលបានបំផ្លាញផ្លូវរបស់ពួកគាត់ស្ទើរទាំងស្រុង ហើយមិនទទួលខុសត្រូវជួសជុលឡើងវិញ។ រីឯមេឃុំអំពិល ថាបញ្ហាទាមទាររបស់ពលរដ្ឋនេះ ត្រូវបានក្រុមហ៊ុនសន្យាដោះស្រាយហើយ នៅរសៀលថ្ងៃទី៣ ខែមេសា នេះ។
ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង អះអាងថា អាជ្ញាធរឃុំពុំបានដោះស្រាយបញ្ហារបស់ពួកគាត់ ដែលអនុញ្ញាតឲ្យឡានដឹកដីធំៗបើកបរបំផ្លាញផ្លូវ ដែលកសាងដោយវិភាគទានរបស់ពលរដ្ឋ បើទោះបីជាពួកគាត់ធ្លាប់បានប្រាប់អាជ្ញាធរជាច្រើនលើកក្តី។
ពលរដ្ឋម្នាក់អះអាងថា ក្នុងមួយថ្ងៃៗឡានធំៗជាច្រើនគ្រឿង បានដឹកដីឆ្លងកាត់ផ្លូវក្នុងភូមិរបស់ពួកគាត់ជាច្រើនជើង ដោយបណ្ដាលឲ្យខូចផ្លូវលំប្រវែងប្រមាណ ៤គីឡូម៉ែត្រស្ទើរទាំងស្រុង។
ពលរដ្ឋរូបនេះបន្តថា បច្ចុប្បន្ន អ្នកភូមិពិបាកធ្វើដំណើរ ជាពិសេសសិស្សសាលាក្មេងៗពុំអាចទៅរៀនបាន។ អ្នកភូមិសំណូមពរឲ្យអាជ្ញាធរ អន្តរាគមន៍ទៅក្រុមហ៊ុនឡានដឹកដី ឲ្យទទួលខុសត្រូវជួយជួសជុលផ្លូវមួយខ្សែនោះឲ្យស្អាតឡើងវិញ បើពុំនោះទេ អ្នកភូមិនឹងតវ៉ាកាន់តែខ្លាំង៖ «»។
ក្រោយពីអ្នកភូមិបានតវ៉ាបិទផ្លូវនៅក្នុងភូមិនៅព្រឹកថ្ងៃទី៣ ខែមេសា ហើយពុំទទួលបានដំណោះស្រាយនោះ គឺនៅរសៀលថ្ងៃដដែល ពលរដ្ឋប្រមាណ ៥០នាក់ ក៏បាននាំគ្នាបើកគោយន្តឡើងទៅតវ៉ានៅសាលាឃុំអំពិល ដើម្បីឲ្យមេឃុំជួយដោះស្រាយរឿងឡានដឹកដីនេះ។
មេឃុំអំពិល លោក មុំ សារ៉ន មានប្រសាសន៍ថា កន្លងទៅ លោកបានដឹងដែរអំពីបញ្ហាផ្លូវដែលខូចដោយសារឡានដឹកដីនោះ ប៉ុន្តែលោកមិនទាន់បានចុះដោះស្រាយទេ ដោយសារពុំទាន់មានពាក្យបណ្ដឹងជាក់លាក់ពីអ្នកភូមិ។ លោកអះអាងថា ដងផ្លូវនោះ គឺមិនទាន់ខូចខាតធ្ងន់ធ្ងរដូចអ្នកភូមិនិយាយឡើយ គឺនៅអាចធ្វើដំណើរបាន។ ទោះជាយ៉ាងណា លោកមេឃុំអះអាងថា នៅរសៀលនេះលោកបានជួបប្រជុំដោះស្រាយជាមួយពលរដ្ឋ និងក្រុមហ៊ុនឡានដឹកដីរួចហើយ ដោយក្រុមហ៊ុនសន្យាថានឹងជួសជុលផ្លូវនោះឡើងវិញ៖ «»។
លោកមេឃុំរូបនេះបន្តថា ឡានធំៗទាំងនោះ គឺដឹកដីទៅចាក់ធ្វើផ្លូវនៅស្រុកចន្ទ្រា និងស្រុកប្រសូត្រ ខេត្តស្វាយរៀង។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា តាមគោលការណ៍អភិបាលកិច្ច គឺមន្ត្រីអាជ្ញាធរត្រូវចេញមុខការពារផ្លូវ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន និងមិនត្រូវបណ្ដោយឲ្យក្រុមហ៊ុនដឹកដីធ្វើឲ្យប៉ះពាល់ផ្លូវ ដែលនាំឲ្យពលរដ្ឋមិនអាចធ្វើដំណើរបានទេ។ មន្ត្រីការពារសិទ្ធិមនុស្សរូបនេះថ្លែងថា ភាគីក្រុមហ៊ុនដែលទាញយកផលប្រយោជន៍ពីផ្លូវ ក៏ត្រូវមានកាតព្វកិច្ចជួសជុល និងថែរក្សាផ្លូវឲ្យបានដូចដើមជូនពលរដ្ឋវិញ៕