Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហរដ្ឋ​អាមេរិក​បន្ត​ជួយ​កម្ពុជា​ដើម្បី​សម្អាត​ចម្ការ​មីន​និង​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ

$
0
0

ទាក់ទង​នឹង​រឿង​គ្រាប់មីន​ដែល​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​វិញ សហរដ្ឋ​អាមេរិក បញ្ជាក់​ជំហរ​ថា ខ្លួន​នៅ​តែ​បន្ត​ជួយ​កម្ពុជា តាម​គម្រោង ដើម្បី​សម្អាត​ចម្ការ​មីន និង​គ្រាប់មីន​មិន​ទាន់​ផ្ទុះ។

ជំហរ​របស់​អាមេរិក​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William A. Heidt) បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​កម្ចាត់​មីន​កម្ពុជា នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ។ ចំណែក​រដ្ឋាភិបាល​កម្ពុជា វិញ ក៏​ដាក់​ចេញ​ជា​គោលដៅ​សកល​របស់​ខ្លួន​ដែរ ដោយ​ប្ដេជ្ញា​ថា​នឹង​បោស​សម្អាត​គ្រាប់មីន​ប្រឆាំង​មនុស្ស​ឲ្យ​បាន​រួច​រាល់​នៅ​មុន​ឆ្នាំ​២០២៥។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ហៃដ្ដ ថ្លែង​ថា សហរដ្ឋ​អាមេរិក នៅ​តែ​ចាត់​ទុក​បញ្ហា​បោស​សម្អាត​មីន​នៅ​កម្ពុជា ថា​ជា​រឿង​អាទិភាព ថ្វីត្បិតតែ​កញ្ចប់​ថវិកា​សម្រាប់​ជួយ​គម្រោង​ដោះ​មីន​នៅ​កម្ពុជា មិន​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ ដោយសារ​តែ​គម្រោង​ថវិកា​នេះ​នៅ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក កំពុង​រៀបចំ​រដ្ឋបាល​ថ្មី​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ។

លោក​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៦ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ចំណាយ​ថវិកា​ជាង ១២០​លាន​ដុល្លារ​អាមេរិក​សម្រាប់​កម្មវិធី​កម្ចាត់​ជាតិ​ផ្ទុះ​នៅ​កម្ពុជា និង​បាន​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ហើយ​ផ្តល់​ការ​អប់រំ​ស្ដីពី​គ្រោះថ្នាក់​បណ្ដាល​មក​ពី​គ្រាប់មីន និង​ជួយ​ពង្រឹង​សមត្ថភាព​ថ្នាក់​ជាតិ៖ «»

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ដាក់​ចេញ​ជា​គោលដៅ​សកល ដោយ​ត្រូវ​ធ្វើ​សកម្មភាព​បោស​សម្អាត​គ្រាប់មីន​ប្រឆាំង​មនុស្ស​ឲ្យ​ចប់​សព្វគ្រប់​បាន​មុន​ឆ្នាំ​២០២៥។ ចំពោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​មាន​នៅ​ក្នុង​ដី​ប្រមាណ ១​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត លោក ហេង រតនា ថា ស៊ីម៉ាក់ ត្រូវការ​ថវិកា​ប្រមាណ ៤០៦​លាន​ដុល្លារ ដើម្បី​ចំណាយ​ទៅ​លើ​ការ​បោស​សម្អាត​មីន​ឲ្យ​បាន​មុន​ឆ្នាំ​២០២៥៖ «»

ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​មក​នេះ ស៊ីម៉ាក់ កម្ទេច​គ្រាប់មីន​បាន​ជិត ៤​លាន​គ្រាប់ ហើយ​រំដោះ​ផ្ទៃដី​បាន​ជាង ១.៥០០​គីឡូ​ម៉ែត្រ​ក្រឡា ដោយសារ​តែ​មាន​ជំនួយ​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន ដូចជា​សហរដ្ឋ​អាមេរិក (United State) ជប៉ុន (Japan) អូស្ត្រាលី (Australia) កាណាដា (Canada) ន័រវេសន៍ (Norway) និង​ហូល្លង់ដ៍ (Netherlands) ជាដើម។

ចំពោះ​អត្រា​គ្រោះថ្នាក់​រង​របួស និង​ស្លាប់​ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​វិញ លោក ហេង រតនា ថា​ករណី​នេះ​បាន​ធ្លាក់​ចុះ​ពី​ជាង ៤​ពាន់​ករណី​ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម ៨៣​ករណី​សម្រាប់​ឆ្នាំ​២០១៦។

ក្រៅ​ពី​គ្រាប់បែក​អាមេរិក​ដែល​ទម្លាក់​នៅ​តាម​ផ្លូវ​លំ​ហូជីមិញ ហើយ​ធ្លាក់​ចូល​ទឹកដី​ខ្មែរ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម លោក ហេង រតនា ថា​នៅ​មាន​គ្រាប់មីន​មក​ពី​ប្រទេស​វៀតណាម (Vietnam) ចិន (China) រុស្ស៊ី (Russia) ប៉ូឡូញ (Poland) ប៊ែលហ្ស៊ីក (Belgium) អាល្លឺម៉ង់​ខាង​កើត (East Germany) និង​ប្រទេស​សិង្ហបុរី (Singapore) ជាដើម ដែល​គ្រាប់មីន​ទាំងនោះ​នៅ​តែ​បន្ត​យាយី​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles