Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រូបង្រៀន​ខេត្ត​ព្រះសីហនុ​នៅ​តែ​បារម្ភ​អំពី​បញ្ហា​គ្រឿង​ញៀន​ប៉ះពាល់​ការ​សិក្សា​សិស្ស

$
0
0

គណៈ​គ្រប់គ្រង​សាលា និង​គ្រូបង្រៀន​នៅ​វិទ្យាល័យ​កំពង់សីលា ខេត្ត​ព្រះសីហនុ បារម្ភ​អំពី​ចរាចរណ៍​គ្រឿង​ញៀន​នា​មូលដ្ឋាន​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា និង​អនាគត​យុវជន។ ពួក​គេ​ស្នើ​ឲ្យ​ក្រុម​យុវជន ឬ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ជៀស​ឲ្យ​ផុត​ពី​គ្រឿង​ញៀន និង​ងាក​មក​ខិតខំ​សិក្សា​រៀន​សូត្រ ដើម្បី​អាច​មាន​ឱកាស​រក​ការងារ​ល្អ​ធ្វើ លើក​ស្ទួយ​កិត្តិយស​គ្រួសារ និង​ភាព​រីក​ចម្រើន​នៃ​សង្គម​ជាតិ។

គ្រូបង្រៀន​នៅ​តាម​សាលា​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​គ្រឿង​ញៀន ត្រូវ​ជន​ខិលខូច​បន្ត​ចែកចាយ​ទាំង​នៅ​ទីប្រជុំជន បន្ត​រហូត​ដល់​តំបន់​ដាច់ស្រយាល ហើយ​មាន​យុវជន​មួយ​ចំនួន​បាន​ប្រើប្រាស់។

លោក គង់ សុវុឌ្ឍី នាយក​វិទ្យាល័យ ហ៊ុន សែន កំពង់សីលា ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ចំណោម​សាលា​ច្រើន​ទៀត សំណូមពរ​ទៅ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជួយ​បញ្ជូន​កម្លាំង​ចុះ​ស្រាវជ្រាវ​បទល្មើស​គ្រឿង​ញៀន​នេះ។ លោក​បន្ត​ថា កន្លង​ទៅ​នេះ​សង្កេត​ឃើញ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជាដើម បាន​ចុះ​បង្ក្រាប​ចាប់​បាន​ជន​ល្មើស ឬ​ជន​សង្ស័យ​ចែកចាយ​គ្រឿង​ញៀន​ជាច្រើន​ករណី បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស ប៉ុន្តែ​បទល្មើស​នេះ​នៅ​តែ​បន្ត​កើត​មាន​មក​ដល់​ពេល​នេះ។

លោក សុវុឌ្ឍី បាន​ស្នើ​ឲ្យ​កម្លាំង​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បញ្ជូន​ចុះ​ស្រាវជ្រាវ​សកម្មភាព​ចែកចាយ ឬ​ជួញ​ដូរ​គ្រឿង​ញៀន​នា​ស្រុក​កំពង់សីលា ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ព្រោះ​បទល្មើស​នេះ​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ។

ទន្ទឹម​គ្នា​នេះ នាយក​វិទ្យាល័យ​កំពង់សីលា លោក គង់ សុវុឌ្ឍី ក៏​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស ពិសេស​ក្រុម​យុវជន​រៀន​នៅ​វិទ្យាល័យ​នេះ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ព្រោះ​បើ​ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន នឹង​ត្រូវ​ផ្ដន្ទាទោស​ជាប់​គុក​ច្រវាក់ ជាពិសេស​គ្រឿង​ញៀន​បាន​បំផ្លាញ​សុខភាព​មនុស្ស និង​កិត្តិយស​គ្រួសារ​ធ្ងន់ធ្ងរ។ គ្រូបង្រៀន​រូប​នេះ​ក៏​ឆ្លៀត​រំឭក​ដល់​សិស្សានុសិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​កម្រិត​២ ឬ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​នេះ ត្រូវ​នាំ​គ្នា​ខិតខំ​រៀន​សូត្រ ដើម្បី​បាន​ប្រឡង​ជាប់ ព្រោះ​បើ​គ្មាន​ចំណេះ​ក្នុង​ខ្លួន​ទេ ពួក​គេ​មិន​អាច​រត់​ទៅ​ពឹង​អ្នក​នេះ ឬ​អ្នក​នោះ ជួយ​ឲ្យ​បាន​ប្រឡង​ជាប់​នោះ​ទេ គឺ​ត្រូវ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ទាំងអស់​គ្នា ត្រូវ​ជៀស​ឲ្យ​ផុត​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។ បើ​កាលណា​យើង​មាន​គ្រឿង​ញៀន​ក្នុង​ខ្លួន​ហើយ គឺ​ធ្វើ​ឲ្យ​បាត់បង់​នូវ​សុខភាព បាត់បង់​នូវ​ទ្រព្យ​សម្បត្តិ​លុយ​កាក់​ដោយ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ ជាពិសេស​ធ្វើ​ឲ្យ​បាត់បង់​នូវ​កិត្តិយស​គ្រួសារ និង​ធ្វើ​ឲ្យ​កើត​មាន​ភាព​អនាធិបតេយ្យ​នៅ​ក្នុង​សង្គម​ជាតិ​ថែម​ទៀត»

លោក សុវុឌ្ឍី សង្កត់​ធ្ងន់​ទៅ​ដល់​យុវជន​រៀន​នៅ​វិទ្យាល័យ​កំពង់សីលា ទាំងអស់ ឲ្យ​ខិតខំ​រៀន​សូត្រ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រឡង​ឲ្យ​ជាប់ ដើម្បី​ទៅ​ថ្ងៃ​អនាគត​អាច​មាន​ឱកាស​ស្វែងរក​ការងារ​បាន​កន្លែង​ល្អៗ និង​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​សម្រាប់​អនាគត។

ទាក់ទិន​បញ្ហា​គ្រឿង​ញៀន​នេះ​ដែរ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​កត់​សម្គាល់​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ មាន​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ជាដើម បាន​ចុះ​អនុវត្ត​ការងារ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ច្រើន កាល​ពី​ឆ្នាំ​២០១៦។

ពួក​គេ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ ត្រូវ​បន្ត​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នេះ​ឲ្យ​បាន​ជា​ប្រចាំ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​កញ្ចប់​ថវិកា​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​សមត្ថកិច្ច​ជំនាញ សម្រាប់​បំពេញ​បេសកកម្ម​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICDHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ឲ្យ​ដឹង​ថា បញ្ហា​គ្រឿង​ញៀន​នៅ​តែ​កើត​មាន​នៅ​មូលដ្ឋាន​នេះ ទោះ​បី​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត​នេះ ចាប់​បាន​ជន​ល្មើស​រាប់​រយ​នាក់​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​បែប​ណា​ក្តី។

មន្ត្រី​ឃ្លាំ​មើល​សង្គម​រូប​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​កញ្ចប់​ថវិកា​ឲ្យ​បាន​ច្រើន ជូន​កម្លាំង​ជំនាញ​នៅ​តាម​មូលដ្ឋាន​នានា ដើម្បី​ជំរុញ​ឲ្យ​បេសកកម្ម​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយ​កម្លាំង​សមត្ថកិច្ច​មាន​ទឹក​ចិត្ត​ចុះ​បំពេញ​ការងារ។

បញ្ហា​នេះ លោក ប៊ួន ណារិទ្ធិ ក៏​ស្នើ​ដល់​ស្ថាប័ន​តុលាការ ត្រូវ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្តិ​បទល្មើស​គ្រឿង​ញៀន​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​មិន​ត្រូវ​ឲ្យ​មាន​ការ​ធានា​ជន​ល្មើស​គ្រឿង​ញៀន​បាន​រស់នៅ​ក្រៅ​ពន្ធនាគារ​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​សុវត្ថិភាព​របស់​ក្រុម​យុវជន ឬ​កូន​ចៅ​ជំនាន់​ក្រោយ ដែល​អាច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ធ្វើ​ចរាចរណ៍​គ្រឿង​ញៀន ដែល​បច្ចុប្បន្ន​បាន​ធ្វើ​សកម្មភាព​ពី​ទីប្រជុំជន រហូត​ដល់​មូលដ្ឋាន​ឃុំ-សង្កាត់​នានា បើ​សមត្ថកិច្ច​ទប់ស្កាត់​មិន​មាន​ប្រសិទ្ធភាព។

ស្រដៀង​គ្នា​ដែរ អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​ពោល​សរសើរ​សកម្មភាព​ការងារ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​របស់​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ និង​នគរបាល​ខេត្ត កាល​ពី​ឆ្នាំ​២០១៦ និង​បន្ត​មក​ដល់​ពេល​នេះ។ អ្នកស្រី​កត់​សម្គាល់​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ ឬ​ជន​ល្មើស​គ្រឿង​ញៀន​រាប់​រយ​ករណី បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​កាល​ពី​ឆ្នាំ​២០១៦។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ សង្កត់​ធ្ងន់​ថា បទល្មើស​គ្រឿង​ញៀន​នេះ កម្លាំង​ជំនាញ​ស្ថាប័ន​លោក​មិន​ធ្វេសប្រហែស​ទេ ហើយ​បាន​បន្ត​ចុះ​ស្រាវជ្រាវ​រក​មេ​ខ្លោង​ផលិត និង​ចែកចាយ​ទាំង​នៅ​ទីប្រជុំជន និង​នៅ​ទី​ជនបទ​ជា​រៀង​រាល់​ថ្ងៃ។ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា ត្រូវ​សហការ​ផ្តល់​ព័ត៌មាន​មក​កម្លាំង​សមត្ថកិច្ច​ឲ្យ​បាន​ឆាប់ បើ​សង្ស័យ​ទីតាំង​ណា​មួយ ឬ​ស្គាល់​អត្តសញ្ញាណ​របស់​ជន​ល្មើស​លួច​ផលិត ឬ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឈាន​ដល់​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព។

របាយការណ៍​របស់​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៦ បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ សមត្ថកិច្ច​បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន​ចំនួន ៨៥​ករណី​ក្នុង ១៥២​មុខ​សញ្ញា និង​មាន​ស្ត្រី​ចំនួន ២៣​នាក់​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស។ ករណី​ជួញ​ដូរ និង​ចែកចាយ​គ្រឿង​ញៀន​មាន​ចំនួន ៦៣​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ១៥២​នាក់ មាន​ស្ត្រី ២១​នាក់។ ករណី​រក្សា​ទុក​សារធាតុ​ញៀន និង​ការ​ដឹក​ជញ្ជូន​មាន ១៥​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ២៣​នាក់ មាន​ស្ត្រី ១​នាក់។ ករណី​ប្រើប្រាស់​គ្រឿង​ញៀន​មាន​ចំនួន ១៧​ករណី មាន​ស្ត្រី ១​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles