Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រាសាទ​តាមាន់ធំ​នៅ​ខេត្ត​ឧត្ដរមានជ័យ​មិន​ទាន់​សម្បូរ​ភ្ញៀវ​ទេសចរ​ទៅ​លេង

$
0
0

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា ប្រាសាទ​តាមាន់ធំ ដែល​ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​ដងរែក នៃ​ឃុំ​គោកមន ស្រុក​បន្ទាយអំពិល គឺ​មាន​សក្ដានុពល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ខេត្ត​នេះ​អាច​រក​កម្រៃ​ពី​វិស័យ​ទេសចរណ៍​បាន។

ក៏ប៉ុន្តែ​បច្ចុប្បន្ន ប្រាសាទ​បុរាណ​ដែល​មាន​ទីតាំង​នៅ​ជាប់​ព្រំដែន​ខ្មែរ-ថៃ មួយ​នេះ កំពុង​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព ជា​ហេតុ​មិន​អាច​ឲ្យ​មន្ត្រី​ទេសចរ និង​អាជ្ញាធរ​ខេត្ត ទៅ​រៀបចំ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​បាន​នៅ​ឡើយ។

តាមាន់ធំ គឺ​ជា​ប្រាសាទ​បុរាណ​របស់​ខ្មែរ​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។

បច្ចុប្បន្ន ប្រាសាទ​មួយ​នេះ​មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចេញ​ចូល​ទៅ​ទស្សនា​ទេ ដោយសារ​តែ​វា​មាន​ទីតាំង​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ជាប់​ព្រំដែន​ខ្មែរ-ថៃ ដែល​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​រឿង​ព្រំដែន​ជាមួយ​គ្នា។

យូរៗ​ម្ដង​ទើប​គេ​ឃើញ​មាន​ក្រុម​និស្សិត អ្នក​ស្រាវជ្រាវ​បរទេស និង​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ឆ្ងាយៗ នាំ​គ្នា​ឡើង​ទៅ​លេង​នៅ​ប្រាសាទ​នោះ​ម្ដង។

ស្ត្រី​ម្នាក់​មក​ពី​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដែល​បាន​នាំ​កូន​ស្រីៗ និង​ចៅ​តូចៗ​ខ្លះ​ទៅ​ទស្សនា​ប្រាសាទ​តាមាន់ធំ​នោះ គឺ​លោកស្រី សុខ សារ៉េត។ លោកស្រី​មាន​ប្រសាសន៍​ថា រូប​គាត់​មាន​កូន​ប្រុស​ម្នាក់​ធ្វើ​ទាហាន ហើយ​ប្រចាំ​នៅ​ការពារ​តំបន់​ប្រាសាទ​នេះ។ គាត់​បាន​មក​លេង​កូន​ប្រុស​របស់​គាត់ ហើយ​ក៏​ឆ្លៀត​ឡើង​ទៅ​លេង​ប្រាសាទ​តាមាន់ធំ តែ​ម្ដង។

លោកស្រី សុខ សារ៉េត ឲ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ដំបូង​ដែល​គាត់​បាន​មក​ឃើញ​ប្រាសាទ​បុរាណ​ខ្មែរ​តាមាន់ធំ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក៖ «ចង់​មក​ឲ្យ​ស្គាល់​ថា​ប្រាសាទ​នេះ​នៅ​កន្លែង​ណា ខ្ញុំ​ចង់​ស្គាល់​ព្រៃ ស្គាល់​ព្រំដែន​ផង។ ពេល​ខ្ញុំ​ឃើញ​ប្រាសាទ​តាមាន់ធំ នៅ​ក្នុង​ព្រៃ​ដូច្នេះ មាន​អារម្មណ៍​ថា​សោក​សង្រេង»

ប្រាសាទ​តាមាន់ធំ​ដែល​កសាង​ឡើង​អំពី​ថ្ម​ភក់ មាន​របង​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម នៅ​លើ​ផ្ទៃដី​ទំហំ ៦០​ម៉ែត្រ​បួន​ជ្រុង គឺ​មាន​អាយុកាល​ជាង ១.០០០​ឆ្នាំ​ហើយ។

បច្ចុប្បន្ន ជា​រៀង​រាល់​ថ្ងៃ​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ និង​ក្នុង​ប្រាសាទ គឺ​មាន​ទាហាន​ខ្មែរ និង​ថៃ តែង​ចូល​យាម​ប្រចាំ​ការពារ​ព្រំដែន​ជាមួយ​គ្នា​ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​យប់។ ដោយសារ​តែ​ប្រាសាទ​នេះ​មាន​វត្តមាន​ទាហាន​ខ្មែរ និង​ថៃ នៅ​យាមកាម​ជា​ប្រចាំ​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ភាគច្រើន​មិន​សូវ​ចូល​ទៅ​លេង​កម្សាន្ត​ទេ ពីព្រោះ​គេ​ខ្លាច​ជម្លោះ​ប្រដាប់​អាវុធ​អាច​កើត​ឡើង​នៅ​ពេល​ណា​មួយ។

ទាហាន​ខ្មែរ​ម្នាក់​ដែល​ប្រចាំ​ការពារ​ប្រាសាទ​តាមាន់ធំ លោក យិន យ៉េក មាន​ប្រសាសន៍​ថា ជា​ធម្មតា​មិន​សូវ​សម្បូរ​ភ្ញៀវ​ឡើង​ទៅ​លេង​ប្រាសាទ​តាមាន់ធំ​ទេ ប៉ុន្តែ​នៅ​រដូវ​ចូល​ឆ្នាំ ឬ​ក៏​ភ្ជុំ​បិណ្ឌ​ជាដើម ទើប​សម្បូរ​អ្នក​ទៅ​លេង ដោយ​មាន​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ផង និង​ថៃ ផង។ ទាហាន​ដដែល​បញ្ជាក់​ថា នៅ​ពេល​ធម្មតា គឺ​យូរៗ​ទើប​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​នាំ​គ្នា​ឡើង​ទៅ​មើល​ប្រាសាទ​តាមាន់ធំ​ម្ដង ដោយ​អ្នក​ខ្លះ​មក​លេង និង​ខ្លះ​ទៀត​ទៅ​បែរបន់​ផ្នែក​ជំនឿ​សាសនា​ជាដើម។

លោក យិន យ៉េក បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​កងទ័ព លោក​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ និង​មន្ទីរ​ទេសចរណ៍ រៀបចំ​អភិវឌ្ឍ​ប្រាសាទ​តាមាន់ធំ​នោះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ទៅ​លេង​មាន​ចំនួន​ច្រើន​ជា​រៀង​រាល់​ថ្ងៃ៖ «ឥឡូវ​ចំនួន​ភ្ញៀវ​មក​លេង​ដូចជា​ស្រក​ជាង​មុន ពី​មុន​មាន​មក​ច្រើន។ ខ្ញុំ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​លេង​ឲ្យ​បាន​ច្រើន អត់​អី​ទេ»

ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ ក្នុង​ពេល​ដែល​កម្ពុជា-ថៃ មាន​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ គឺ​តំបន់​ប្រាសាទ​តាមាន់ធំ នៃ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ក៏​ជា​តំបន់​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​វត្តមាន​កងទ័ព​ទាំង​សងខាង​បន្ត​រាយ​បណ្ដាក់​នៅ​ទីនោះ​រហូត​មក​ដល់​បច្ចុប្បន្ន។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ប្រាសាទ​តាមាន់ធំ គឺ​មាន​ប្រហែល​ពី ៥០​នាក់​ទៅ ១០០​នាក់​ក្នុង​មួយ​ខែៗ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ អ្នកស្រី ធិន នីមុន្នីរស្មី មាន​ប្រសាសន៍​ថា មន្ទីរ​ទេសចរណ៍​បាន​សម្លឹង​ឃើញ​សក្ដានុពល​របស់​ប្រាសាទ​តាមាន់ធំ ថា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា​បាន​ច្រើន ក៏ប៉ុន្តែ​បច្ចុប្បន្ន មន្ទីរ​ទេសចរណ៍​មិន​ទាន់​អាច​ចូល​ទៅ​រៀបចំ​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍​បាន​ទេ ពីព្រោះ​តែ​តំបន់​នោះ​នៅ​ជា​ចំណុច​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ ហើយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​ខ្មែរ និង​ថៃ នៅ​ឡើយ។

អ្នកស្រី ធិន នីមុន្នីរស្មី បញ្ជាក់​ទៀត​ថា ដោយសារ​តែ​ប្រាសាទ​តាមាន់ធំ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ទាហាន​នៅ​ឡើយ​នោះ មិន​សូវ​សម្បូរ​ភ្ញៀវ​ឡើង​ទៅ​ទស្សនា​ទេ ពីព្រោះ​តែ​កងទ័ព​នៅ​មាន​កំណត់​ពេលវេលា​ឲ្យ​ចេញ​ចូល ហើយ​អ្នក​ទេសចរ​ខ្លះ​មិន​ហ៊ាន​ទៅ​ផង។ ទោះ​ជា​យ៉ាង​ណា ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​ឲ្យ​ដឹង​ថា គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ សម្រាប់​អភិវឌ្ឍ​ប្រាសាទ​តាមាន់ធំ ក្នុង​ពេល​អនាគត ដូចជា​រៀបចំ​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ផែនទី​ជាដើម៖ «ចំពោះ​ជំនាញ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​តំបន់​នោះ យើង​មិន​ទាន់​អាច​ធ្វើ​បាន​នៅ​ឡើយ ប៉ុន្តែ​យើង​មាន​ទិសដៅ​អនាគត គឺ​យើង​នឹង​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​បាន​ស្អាត»

ប្រាសាទ​តាមាន់ធំ កសាង​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១០០២ ទៅ​ឆ្នាំ​១០៦៦ នៃ​គ្រិស្ដសករាជ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យវរ្ម័នទី១ និង​ព្រះបាទ​ឧទ័យាទិត្យវរ្ម័នទី២។ ប្រាសាទ​នេះ​នៅ​ចម្ងាយ​ប្រមាណ​ជា ២​គីឡូម៉ែត្រ​ពី​ប្រាសាទ​តាមាន់តូច ប៉ុន្តែ​បច្ចុប្បន្ន ប្រាសាទ​តាមាន់តូច បាន​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles