មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ហៅការចោទប្រកាន់មន្ត្រីជំនាញថាបានគំរាមកំហែង និងប្រមាថពលរដ្ឋ ហើយដណ្ដើមដីពីអ្នកភូមិចំនួន ១៧គ្រួសារ គឺជារឿងហួសពីការពិត និងមិនអាចទទួលយកបាន។
ការបដិសេធនេះ ក្រោយពេលតំណាងរាស្ត្រគណបក្សប្រឆាំងមណ្ឌលខេត្តកំពង់ធំ បានផ្ញើពាក្យបណ្ដឹងរបស់ពលរដ្ឋ ១៧គ្រួសារ ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រធានរដ្ឋសភា ដោយស្នើឲ្យចាត់វិធានការចំពោះនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលបានដណ្ដើមដី និងគំរាមកំហែងពលរដ្ឋ។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បញ្ជាក់ជំហរថា ពួកគេនឹងបន្តរក្សាដីព្រៃរបស់រដ្ឋ ព្រមទាំងចាត់វិធានការតាមច្បាប់ទៅលើបុគ្គលទាំងឡាយណាដែលបានចូលទៅរំលោភ ឬកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់។
ការលើកឡើងនេះ ដោយមន្ត្រីជំនាញអះអាងទីតាំងដីដែលកំពុងមានជម្លោះជាមួយពលរដ្ឋចំនួន ១៧គ្រួសារ គឺជាតំបន់គម្របព្រៃឈើដែលគ្រប់គ្រងដោយរដ្ឋកាលពីឆ្នាំ២០០២ រហូតមក បន្ទាប់ពីក្រុមហ៊ុនបរទេសមួយដកខ្លួនចេញ។ បន្ថែមពីនេះ ក្នុងចំណោមពលរដ្ឋ ១៧គ្រួសារ គឺមានអ្នកភូមិ ២នាក់កំពុងមានឈ្មោះនៅតុលាការនៅឡើយ ពីបទចូលកាប់រុករានដីព្រៃរបស់រដ្ឋដោយខុសច្បាប់។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក តឹប ញាតា មានប្រសាសន៍នៅថ្ងៃទី១ មេសា ថា សំណុំរឿងរបស់ពលរដ្ឋ ១៧គ្រួសារនេះ គឺអាជ្ញាធរកំពុងចាប់របៀបដោះស្រាយ ប៉ុន្តែក្រុមពលរដ្ឋទាំងនោះបែរជានាំគ្នាទៅសាងសង់សំណង់នៅលើដីដែលកំពុងមានទំនាស់ ហើយប្តឹងផ្តល់អាជ្ញាធរ និងមន្ត្រីជំនាញថែមទៀតផង។ លោកបន្តថា ខាងរដ្ឋបាលព្រៃឈើមានតួនាទីការពារដីរបស់រដ្ឋ ហើយការចោទប្រកាន់លោកថាគំរាមកំហែង និងដណ្ដើមដីពលរដ្ឋនោះ គឺជារឿងហួសហេតុ៖ «ដល់គេមិនគោរពច្បាប់ ហើយគេចេះតែប្ដឹងអ៊ីចេះប្ដឹងអ៊ីចុះ។ តាមពិតដីរដ្ឋ មិនមែនជាការសម្រេចដោយនរណាម្នាក់ទេ។ មិនអ៊ីចឹងអី? បាទ! ត្រូវតែមានការសម្រេចដោយថ្នាក់ដឹកនាំកំពូល»។
កាលពីថ្ងៃទី២៣ មីនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ បានបញ្ជូនលិខិតអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យជួយអន្តរាគមន៍លើករណីពលរដ្ឋរងគ្រោះដីធ្លីចំនួន ១៧គ្រួសារ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ លើទំហំដីជិត ៣ហិកតារ។
លិខិតដដែលបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ធំ មិនទាន់អនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ តម្រូវឲ្យអាជ្ញាធរដោះស្រាយជូនពលរដ្ឋដែលនៅសេសសល់ចំនួន ១៧គ្រួសារនោះទេ។ ជាងនេះទៀត ក្នុងលិខិតអ្នកតំណាងរាស្ត្រស្នើឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការចំពោះនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ លោក តឹប ញាតា ដែលបានដណ្ដើមដីពលរដ្ឋទាំងនេះ ដោយប្រើតួនាទី និងភារកិច្ចរបស់ខ្លួនគំរាមកំហែង និងប្រមាថទៅលើពលរដ្ឋទាមទារកម្មសិទ្ធិដីធ្លី ព្រមទាំងស្នើឲ្យធ្វើអធិការកិច្ចលើបញ្ហាពុករលួយទៀតផង។
លោក តឹប ញាតា អះអាងថាខ្លួនមិនបានគំរាមកំហែងពលរដ្ឋទេ ដោយគ្រាន់តែជម្រាបប្រាប់ពួកគាត់អំពីនីតិវិធីប៉ុណ្ណោះ ពីព្រោះសំណុំរឿងនេះ តុលាការក៏បានចេញដីការក្សាការពារដីតំបន់មានជម្លោះឲ្យនៅដដែល ប៉ុន្តែមានអ្នកភូមិម្នាក់ចូលទៅសាងសង់ផ្ទះនៅលើដីមានទំនាស់ ដែលធ្វើឲ្យលោកព្រួយបារម្ភថា ពលរដ្ឋផ្សេងនឹងចូលទៅបន្ថែមទៀត បណ្ដាលឲ្យប៉ះពាល់ដល់ទីតាំងដាក់ឧបករណ៍វាស់នីវ៉ូ ឬកម្ពស់ទឹករបស់ម្ចាស់ជំនួស គឺប្រទេសជប៉ុន និងរដ្ឋាភិបាលកម្ពុជា នៅតំបន់នោះ។
មន្ត្រីរដ្ឋបាលព្រៃឈើដដែលបន្តថា ពលរដ្ឋទាំងនោះគឺមិនដឹងប្រវត្តិច្បាស់លាស់ទេ។
យ៉ាងនេះក្តី តំណាងពលរដ្ឋ ១៧គ្រួសារ លោក អ៊ាវ វ៉ាន់ហៀង ឲ្យដឹងថា ពួកគាត់នាំគ្នាចូលទៅកាន់កាប់ដីកំពុងមានជម្លោះ គឺក្រោយពេលក្រុមហ៊ុនហ្គេត (GATT) ដកខ្លួនចេញកាលពីឆ្នាំ២០០២ ដែលមានទំហំជាង ៣០ហិកតារ ហើយមិនមែនជាប្រភេទដីព្រៃទេ ប៉ុន្តែដីដែលពលរដ្ឋកំពុងទាមទារបច្ចុប្បន្ន គឺមានទំហំជិត ៣ហិកតារប៉ុណ្ណោះ។ លោកបន្តថា រហូតដល់ឆ្នាំ២០១២ ទើបអាជ្ញាធរស្រុកមកធ្វើផ្ទះនៅលើដីដែលពួកគាត់កាន់កាប់ ទើបអ្នកភូមិនាំគ្នាប្ដឹងតវ៉ា ក្រោយមកក៏មានដោះស្រាយជូនពលរដ្ឋជាង ១០គ្រួសារ ដែលមិនមានឈ្មោះតវ៉ាសោះ។ ចំណែកពួកគាត់ដែលមានឈ្មោះតវ៉ា នៅមិនទាន់ទទួលបានការដោះស្រាយដដែល៖ «ហើយសេសសល់ហ្នឹង គេបានចុះបញ្ជីថាបានបែងចែកអស់ហើយ តាមពិតអ្នកតវ៉ាហ្នឹងអត់មានបានទេ»។
មន្ត្រីអង្កេតអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ បញ្ជាក់ថា ទំនាស់ដីធ្លី គឺដោះស្រាយតាមរយៈគណៈកម្មការដោះស្រាយវិវាទដីធ្លីដែលមានថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិ មិនមែនដោះស្រាយតាមផ្លូវតុលាការទេ។ ជាមួយគ្នានេះ លោកចង់ឲ្យអាជ្ញាធរខេត្តយកអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកដោះស្រាយលើករណីនេះ៕