ក្រុមពលរដ្ឋដែលនេសាទត្រីខុសច្បាប់ ចោទនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ថាបានតម្រូវឲ្យអ្នកនេសាទដោយឧបករណ៍រុញស៊ីប ឬរុញឈើភ្ជាប់សាច់អួន ដែលមានមុខចាប់ពី ៣ម៉ែត្រឡើង ត្រូវបង់ប្រាក់ ១៥ម៉ឺនរៀលឲ្យខ្លួន និង ៥ម៉ឺនរៀលទៀតឲ្យទៅមន្ត្រីប៉ុស្តិ៍ បើមិនដូច្នោះទេ គេនឹងចាប់យកឧបករណ៍ល្មើសទាំងនោះ។ នាយប៉ុស្តិ៍នគរបាលឃុំរាំងទិល បដិសេធចំពោះការចោទប្រកាន់នេះ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាំងទិល លោក ពេជ្រ ចំរើន ហៅ ប៉ុន និងកូនចៅ ត្រូវពលរដ្ឋអះអាងថា ជាប់ពាក់ព័ន្ធនឹងអ្នកប្រព្រឹត្តិបទល្មើសនេសាទជាច្រើនឆ្នាំហើយ តាមរយៈការទទួលសំណូកជាលុយចន្លោះពី ៥ម៉ឺនរៀលទៅ ១៥ម៉ឺនរៀល។ ការសូកលុយនេះ គឺដើម្បីសម្រួលដល់ការនេសាទខុសច្បាប់ពេញមួយរដូវទឹកទន្លេស្រក ខណៈដែលបទល្មើសជាច្រើនប្រភេទកើតមានស្ទើរពេញទឹកក្នុងឃុំនេះ។
ពលរដ្ឋម្នាក់ដែលរកស៊ីនេសាទត្រីខុសច្បាប់ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ ខែមេសា ថា ឆ្នាំកន្លងទៅ លោកស្រីធ្លាប់បង់លុយឲ្យលោក ពេជ្រ ចំរើន តែ ៥ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយរដូវ ប៉ុន្តែឆ្នាំនេះបានដំឡើងដល់ ១៥ម៉ឺនរៀល ដោយគេសំអាងថា សកម្មភាពចុះបង្ក្រាបបទល្មើសនាពេលបច្ចុប្បន្នមានការតឹងតែងជាងមុន ហើយយ៉ាងយូររយៈពេលបីថ្ងៃទៀត ត្រូវតែបង់លុយឲ្យគេ៖ «មេប៉ុស្តិ៍នៅរាំងទិល ដើរទារស៊ីប ១៥ម៉ឺនក្នុងមួយក្បាលទូក ហើយកូនចៅគាត់នៅភូមិឈើរុះ ទារក្នុងមួយក្បាលទូក ៥ម៉ឺនផ្សេង។ ខ្ញុំដឹងហើយពូថាមុខរបររបស់ខ្ញុំរាល់ថ្ងៃ គឺរបរខុសច្បាប់ ប៉ុន្តែពូគិតមើលទៅ គេរកគ្រប់គ្នា ហើយខ្ញុំរកក្រោយគេ ហើយគេរកពេញទឹកពេញដី គាត់មើលមិនឃើញ ទៅមើលឃើញតែគ្រួសារខ្ញុំម្នាក់»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាំងទិល លោក ពេជ្រ ចំរើន ថាលោកមិនបានយកលុយកាក់ ឬជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទទាំងនេះទេ ប៉ុន្តែលោកទទួលស្គាល់ថា បទល្មើសក្នុងមូលដ្ឋានរបស់លោកពិតជាមាន ហើយពលរដ្ឋទាំងនោះមិនចង់ឲ្យមានការបង្ក្រាប ឬបញ្ចប់របររកស៊ីពួកគេនោះទេ ប៉ុន្តែលោកក៏ធ្លាប់ដកហូតឧបករណ៍ល្មើសមួយចំនួនដែរ៖ «និយាយឲ្យខ្លី សតិអារម្មណ៍របស់ពលរដ្ឋគេចង់ឲ្យតែស្រួល គេអត់ចង់ឲ្យពិបាក គេចង់ថារបៀបគេលួចរកស៊ីទៅបានទៅ។ អូ! អត់ទេ សមត្ថកិច្ចនៅនេះអត់មានប៉ះពាល់ទេ មានតែខាងក្រៅអីមិនដឹង ព្រោះខ្ញុំអត់ដឹងដែរ ព្រោះខាងខ្ញុំអត់មានប៉ះពាល់ទេបង»។
ទោះជាយ៉ាងណា ពលរដ្ឋម្នាក់នៅឃុំរាំងទិល គឺលោកស្រី ប៉ាន់ ឆៃលី សង្កេតឃើញថា ការបង្ក្រាប ឬដកហូតឧបករណ៍នេសាទ ធ្វើបានតែពីរ ឬបីនាក់ ចំណែកអ្នកប្រព្រឹត្តល្មើសច្បាប់ជាច្រើនទៀតពុំមានបញ្ហាឡើយ។ លោកស្រីចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើ ពិចារណា និងចុះបង្ក្រាបឲ្យបានស្មើភាពគ្នា ដោយមិនត្រូវបណ្ដោយឲ្យអ្នករកបានចេះតែរកទៅ អ្នកអត់ចេះតែអត់ទៅនោះទេ៖ «យើងបង់ប៉ុនណាដូចរាល់ឆ្នាំទៅ ប៉ុន្តែដល់ឆ្នាំនេះគាត់ (លោក ពេជ្រ ចំរើន) លោភលន់ហួសពេក ដែលធ្វើឲ្យពួកខ្ញុំរកស៊ីអត់កើត បើបិទត្រូវបិទទាំងអស់ បានខ្ញុំព្រម ព្រោះគេរកទូទៅហើយបានខ្ញុំរកដែរ»។
ទាក់ទងបញ្ហានេះដែរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ឡាយ ពិសិដ្ឋ ថាលោកបានបញ្ជាឲ្យមន្ត្រីរបស់លោកចុះពិនិត្យពីស្ថានភាពបទល្មើស និងចុះបង្ក្រាបជាប្រចាំ៕