ក្រុមពលរដ្ឋជាង ១០០គ្រួសារ រស់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជួបជុំគ្នាដាក់លិខិតប្រឆាំងទាស់ទៅនឹងការបិទបញ្ជីក្បាលដីដែលបានបិទផ្សាយដោយអាជ្ញាធរមូលដ្ឋាន កាលពីពេលកន្លងទៅ ដោយសារតែមិនមានឈ្មោះរបស់ពួកគេនៅក្នុងបញ្ជីដែលត្រូវទទួលបានប្លង់កម្មសិទ្ធិ។
ក្រុមពលរដ្ឋរិះគន់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីសុរិយោដីខេត្តដែលព្យាយាមគេចវេះមិនទទួលដោះស្រាយបញ្ហារបស់ពួកគេ៖ «ពេលជូនដំណឹងគាត់ថាខុសនេះខុសនោះ ថ្ងៃនេះថ្ងៃនោះ ហើយឲ្យបញ្ជូនទៅភូមិ ភូមិឲ្យបញ្ជូនទៅឃុំ ខេត្តឲ្យទៅរកស្រុក ស្រុកឲ្យទៅរកឃុំ ប្រជាជនរត់ទៅរត់មកជាងដប់ថ្ងៃហើយ ជិតផុតថ្ងៃហើយអត់ឃើញចំណាត់ការ។ ថាតែដប់ប្រាំថ្ងៃ។ ពេលបិទប្រកាសអត់មានប្រាប់ប្រជាពលរដ្ឋឯណា នៅពេលគាត់វាស់ដីហ្នឹង គាត់អត់មានវាស់ប្រជាជន ប្រជាជនដឹងទាំងអស់គ្នា ដល់ពេលក្រុមហ៊ុនចេញជាប្លង់ អត់មានចេញឲ្យប្រជាជន តែចេញឲ្យនាយទុនទៅវិញ»។
ក្រុមពលរដ្ឋបញ្ជាក់ទៀតថា ការទុកពេលតវ៉ាចំពោះការបិទផ្សាយបញ្ជីក្បាលដី អាចនឹងត្រូវបិទបញ្ចប់នៅដើមសប្ដាហ៍ក្រោយ។ ក្រុមពលរដ្ឋអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាជូនពួកគាត់។
ពលរដ្ឋអះអាងថា ដីស្រែចម្ការរបស់ពួកគេត្រូវបានឈ្មួញដីគំរាមកំហែង និងប្រើហិង្សាបង្ខំឲ្យពលរដ្ឋចាកចេញពីផ្ទះសម្បែងដីធ្លីរបស់ខ្លួន។
ពួកគាត់ឲ្យដឹងទៀតថា អភិបាលខេត្តបានបង្កើតក្រុមការងារមួយចុះវាស់វែងដីជូនពលរដ្ឋ ប៉ុន្តែជាលទ្ធផល ពួកគាត់គ្មានឈ្មោះទទួលបានលេខក្បាលដី បែរជាមានអ្នកផ្សេងជាអ្នកទទួលបានទៅវិញ៕