ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ដោយសារបាតុភូតធម្មជាតិ មានធ្លាក់ភ្លៀងជាប់ៗគ្នានៅប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យខេត្តមួយចំនួន និងរាជធានីភ្នំពេញ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី១ ខែមេសា។ ចំណែកនៅឯក្រុងប៉ៃលិន ដោយសារការភ្លៀងធ្លាក់ច្រើន បានបង្កឲ្យប្រព័ន្ធ ស្ទឹង អូរ ខ្លះ មានសភាពល្អក់កករ ដោយសារតែការបាក់ច្រោះដីពីតំបន់សាងសង់ផ្លូវក្រវាត់ព្រំដែន។
មន្ត្រីក្រសួងបរិស្ថាន អះអាងថា ភាពល្អក់កករនៅតាមប្រព័ន្ធ ស្ទឹង អូរ នាក្រុងប៉ៃលិន និងក្រុងសាលាក្រៅ ខេត្តប៉ៃលិន មិនបានបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រើប្រាស់ទឹកនោះទេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា ក្រសួងពុំមានវិធានការអ្វីក្រៅតែរង់ចាំរាំងភ្លៀងប៉ុណ្ណោះ ដើម្បីឲ្យទឹកនៅតាមប្រព័ន្ធ ស្ទឹង អូរ អាចនឹងត្រឡប់មករងថ្លាវិញ។ លោកបញ្ជាក់ថា ការល្អក់កករនេះ ដោយសារភ្លៀងធ្លាក់ ៣ថ្ងៃជាប់គ្នា នៅក្នុងតំបន់ស្នូលនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ភូមិសាស្ត្រប៉ៃលិន ក្នុងខណៈតំបន់នោះកងកម្លាំងវិស្វកម្មកំពុងសាងសង់ផ្លូវក្រវាត់ព្រំដែនចំនួន ៣៥គីឡូម៉ែត្រ៖ «ឥឡូវយើងធ្វើម៉េចកើត មានទៅលើកអីទប់កើតក្នុងដំណាក់កាលនេះ ក៏ប៉ុន្តែធម្មតាទេ បើសិនជាមានការប៉ះពាល់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងទឹកប្រើប្រាស់ប្រចាំថ្ងៃ គឺយើងត្រូវតែជួយដោះស្រាយហើយ អាជ្ញាធរជាពិសេស»។
សេចក្ដីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តប៉ៃលិន នៅថ្ងៃ៣១ ខែមីនា បានបកស្រាយថា ខណៈភ្លៀងធ្លាក់ចំតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងចន្លោះបង្គោលឡាក់ ៦៨ ៦៩ និងឡាក់៧០ ក្នុងភូមិសាស្ត្រចំណុចអូរតាផៃ ធូរេនពីរដើម អូរត្រាវ អូរដូង វាលស្បូវ និងអន្លង់ខៀវ បង្កឲ្យបាក់ច្រោះដី និងទាញយកសំណឹកពីការកកាយដីផ្លូវ បានហូរចូលទៅក្នុងប្រព័ន្ធអូរ ស្ទឹង កាលពីយប់ថ្ងៃទី៣០ មីនា។ ទឹកល្អក់នេះអាចនឹងហូរឆ្លងកាត់ស្ទឹងក្រុងប៉ៃលិន ស្រុកសាលាក្រៅ និងអាចចាក់ចូលទៅដល់ស្ទឹងក្នុងស្រុកបវេល ខេត្តបាត់ដំបង។
ជុំវិញបញ្ហានេះ ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិន លោក គឹម សុខា ថ្លែងថា សូមកុំឲ្យពលរដ្ឋមានការភាន់ច្រឡំ ឬព្រួយបារម្ភពីភាពល្អក់កករនេះ គឺពុំមែនដោយសារអាជីវកម្មរ៉ែត្បូង ឬអាជីវកម្មនានា ឬមានជាតិពុលអ្វីនោះទេ។ លោកថា បញ្ហានេះក៏មិនបង្កឲ្យមានផលប៉ះពាល់ដល់រឿងកង្វះទឹកប្រើប្រាស់ឡើយ៖ «បើទោះជាយ៉ាងណា មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា ពលរដ្ឋកំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់ ដ្បិតទឹកក្នុងប្រព័ន្ធស្ទឹងអូរនានា ដែលជាប្រភពទឹកសំខាន់របស់ពលរដ្ឋនោះបានប្រែល្អក់ពុំអាចប្រើប្រាស់បាន»។
ទាក់ទងទៅនឹងបាតុភូតធម្មជាតិនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយសេចក្ដីជូនដំណឹងថា ដោយសារបាតុភូតធម្មជាតិ មានធ្លាក់ភ្លៀងជាប់ៗគ្នាចំនួន ៣ថ្ងៃ។ បាតុភូតមានដូចជាខ្យល់កួច ដែលបក់ពីសមុទ្ទចិនខាងត្បូង ជ្រលងសម្ពាធខ្ពស់ខ្សោយ និងការភាយកម្ដៅចេញពីសំបកផែនដី និងជួបគ្នានៅក្នុងបរិយាកាសនៅថ្ងៃទី១ ខែមេសា។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍ថា ភ្លៀងបានធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរតែទូទាំងប្រទេស បណ្ដាឲ្យទីតាំងខ្លះក្នុងខេត្តមួយចំនួន ដូចជា ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ស្រុកខ្លះនៃខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង។ ទឹកជំនន់នោះក៏បានស្រកវិញនៅពេលរាំងភ្លៀង។ លោកបញ្ជាក់ថា ទឹកភ្លៀងមិនទាន់អស់ទេ ភ្លៀងនៅអាចបន្តមួយថ្ងៃ ឬពីរទៀត ក្នុងកម្រិតបរិមាណ តិចមិនច្រើនដូចថ្ងៃទី១ មេសា ទេ។ លោកបន្តថា នៅខណៈមានបាតុភូតរបៀបនេះក្នុងរដូវប្រាំង ក៏អាចនាំមកជាមួយនូវផ្គររន្ទះ និងខ្យល់កន្ទ្រាក់ ដែលពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន៖ «ប្រសិនបើមេឃមានសភាពអាប់អួដោយពពកគ្របដេរដាសរបៀបនេះ ទោះបីថាភ្លៀងក៏មិនមានបាតុភូតអ្វីកើតឡើង ហើយបើកើតក៏មិនខ្លាំងដែរ ប៉ុន្តែយើងបារម្ភកន្លែងណាដែលមានបើកថ្ងៃក្ដៅខ្លាំង ហើយចាប់ផ្ដើមក៏កើតជាពពក វាអាចសញ្ញាសម្គាល់មួយ សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បើសិនជាមេឃរកកល់ភ្លៀងត្រូវរកកន្លែងសុវត្ថិភាព»។
សេចក្ដីជូនដំណឹងបញ្ជាក់ថា នៅថ្ងៃទី១ ថ្ងៃទី២ មេសា ខេត្តមួយចំនួនមានសភាពអួអាប់ខ្លាំង ភ្លៀងធ្លាក់ពីមធ្យមទៅច្រើនលាយឡំផ្គររន្ទះ និងខ្យល់កន្ទ្រាក់។ ចំណែកថ្ងៃទី៣ ខែមេសា ស្ថានភាពអាកាសធាតុធូរស្រាលបន្តិចម្ដងៗ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយក្នុងអំឡុង២ ទៅ ៣ថ្ងៃបន្ថែមទៀត៕