ក្រុមអង្គការអន្តរជាតិការពារសិទ្ធិមនុស្សថ្កោលទោសចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលបន្តដាក់ពន្ធនាគារអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ក្នុងសំណុំរឿងចោទប្រកាន់ថា បានសមគំនិតសូកប៉ាន់សាក្សី។ សវនាការរបស់តុលាការកំពូល កាលពីថ្ងៃទី៣១ ខែមីនា បានសម្រេចទាត់ចោលសំណើសុំនៅក្រៅឃុំរបស់មេធាវី លោក នី ចរិយា។
លើសពីនេះក្រុមអង្គការអន្តរជាតិការពារសិទ្ធិមនុស្ស ក៏បានលើកឡើងពីការបន្តឃុំខ្លួនមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចំនួន ៤នាក់ ក្នុងសំណុំរឿងដដែលនេះ ថាជាការធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស។
អង្គការឃ្លាំមើលកិច្ចការពារអ្នកការពារសិទ្ធិមនុស្ស ដែលជាដៃគូរបស់អង្គការពិភពលោកប្រឆាំងអំពើទារុណកម្ម (World Organization Against Torture) និងសម្ព័ន្ធអង្គការសិទ្ធិមនុស្សអន្តរជាតិ (FIDH) អំពាវនាវអោយអាជ្ញាធរកម្ពុជា ដោះលែងអគ្គលេខាធិការរង គ.ជ.ប និងមន្ត្រីសមាគមអាដហុក ជាបន្ទាន់ និងដោយពុំមានលក្ខខណ្ឌ។
សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការការពារសិទ្ធិមនុស្សទាំងនេះ ដែលចេញនៅថ្ងៃទី៣១ ខែមីនា បញ្ជាក់ទៀតថា អាជ្ញាធរកម្ពុជា ត្រូវបញ្ឈប់ការរំលោភបំពាន ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពទៅលើអ្នកការពារសិទ្ធិមនុស្ស។
អង្គជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែមីនា បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ឲ្យលោក នី ចរិយា នៅជាប់ក្នុងមន្ទីរឃុំឃាំងបណ្ដោះអាសន្នដដែល ដោយសម្អាងថា សំណុំរឿងនេះជាបទឧក្រិដ្ឋ។
ចំណែកមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ចំនួន ៤នាក់ មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី វិញ ក៏ត្រូវតុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំដែរ កាលពីថ្ងៃទី១៣ ខែមីនា។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានទេ នៅថ្ងៃទី១ ខែមេសា ដោយសារលោកជាប់ប្រជុំ។
បើទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់បានបញ្ជាក់ថា តុលាការបំពេញតាមតួនាទី ពោលគឺអនុវត្តសំណុំរឿងនីមួយៗ គឺឈរលើគោលការណ៍ច្បាប់ និងឯករាជ្យភាពរបស់ខ្លួនពេញលេញ៖ «ជនដែលប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹង គឺគាត់ប្រឈមនឹងបទព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ និងព្រហ្មទណ្ឌពិសេសដទៃទៀត»។
អគ្គលេខាធិការរង គ.ជ.ប លោក នី ចិរយា មន្ត្រីអាដហុក ៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី បានជាប់ពន្ធនាគាររយៈពេល ៣៣៨ថ្ងៃហើយ គិតត្រឹមថ្ងៃទី១ ខែមេសា ពោលគឺជិតមួយឆ្នាំហើយ ពីបទសមគំនិត និងសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ទាំងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ បានទទូចអោយរដ្ឋាភិបាលដោះលែងអ្នកទាំង ៥ អោយមានសេរីភាពវិញ ថែមទាំងបានចាត់ទុកការបន្តឃុំខ្លួនអ្នកទាំងនោះថា ជាការឃុំខ្លួនតាមអំពើចិត្ត ដែលមានន័យថា ជាការដកហូតសិទ្ធិសេរីភាពតាមតែទំនើងចិត្ត និងជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីនៃសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និងអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕