Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​ក្រុង​ប៉ោយប៉ែត​បន្ត​តវ៉ា​លើក​ទី​៥០​ទាមទារ​សំណង

$
0
0

ប្រជាពលរដ្ឋ​ចំនួន​ជាង ១០​នាក់​តំណាង​ឲ្យ​ជាង ១០០​គ្រួសារ រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ បន្ត​ការ​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។

នេះ​ជា​លើក​ទី​៥០ ហើយ​ដែល​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត តវ៉ា​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់។

តំណាង​អ្នក​តវ៉ា​ម្នាក់​រស់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា​សាជាថ្មី ដោយសារ​ពួក​គាត់​ជាង ១០០​គ្រួសារ​រស់នៅ​ចាប់​ពី​សង្កាត់​ផ្សារកណ្ដាល ដល់​ព្រំដែន​ថៃ ជា​ពលរដ្ឋ​ក្រីក្រ គឺ​រស់នៅ​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ហើយ​គ្មាន​ប្រាក់​សម្រាប់​ទិញ​ដី​សង់​ទីលំនៅ​ថ្មី​ឡើយ។ លោក​បន្ថែម​ថា ការ​តវ៉ា​លើក​នេះ អាជ្ញាធរ​ពុំ​បាន​ចេញ​មក​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់​នោះ​ទេ៖ «ខ្ញុំ​អន់​ចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ ដែល​គាត់​មិន​បានមក​ជួប​ប្រជាពលរដ្ឋ​ដូច​កាល​ទៅ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​តវ៉ា​ចាក់​ត្រី​ចោល​នៅ​ព្រំដែន​ថៃ កាល​ពី​កន្លង​ទៅ​នោះ​ទេ។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ក្រុង​ដូច​គ្នា ហេតុ​អី​បាន​ជា​គាត់​ដោះស្រាយ​លម្អៀង​បែប​នេះ

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​តវ៉ា​មិន​ស្ថិត​ក្នុង​គម្រោង​ដែល​ត្រូវ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​នោះ​ទេ ដោយសារ​ពួក​គាត់​រស់នៅ​ឆ្ងាយ​ពី​ផ្លូវ​រថភ្លើង ដែល​ក្នុង​គម្រោង​ដោះស្រាយ​សំណង​អ្នក​រស់នៅ​ចម្ងាយ ៣​ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង។

ចំណែក​ក្រុម​អ្នក​តវ៉ា​អះអាង​ថា ពួក​គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​បញ្ជាក់ ដែល​ពួក​គាត់​ត្រូវ​ទទួល​បាន​សំណង​ពី​អាជ្ញាធរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ហាក់​គេច​មិន​ចង់​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ក្រីក្រ គឺ​ខុស​ពី​ការ​តវ៉ា​របស់​ក្រុម​ថៅកែ​រក​ស៊ី​ដឹក​ត្រី ដែល​បាន​ចាក់​ត្រី​បិទ​ផ្លូវ​នៅ​គល់​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ ដែល​សមត្ថកិច្ច​របស់​ថៃ យក​ពន្ធ​ខ្ពស់​ចំពោះ​ការ​ដឹក​ត្រី​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ទៅ​លក់​នៅ​ទឹក​ដី​ថៃ ហើយ​ពេល​នោះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​មួយ​នេះ បាន​ដណ្ដើម​គ្នា​ចេញ​ទៅ​ដោះស្រាយ​យ៉ាង​ប្រញាប់ប្រញាល់៖ «រាល់​បញ្ហា​ទុក្ខ​លំបាក​របស់​ពលរដ្ឋ មិន​មែន​ជា​ការ​សម្ដែង​ទេ គឺ​ជា​រឿង​ពិត អ៊ីចឹង​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ពួក​គាត់​ទេ បង្ហាញ​ឲ្យ​ឃើញ​ថា ឥទ្ធិពល​ទាំងអស់​នេះ​នឹង​ធ្វើ​ឲ្យ​អាប់​មុខ​មាត់​ដល់​អាជ្ញាធរ​នៅ​ទីនោះ​ទៅ​វិញ​ទេ»

លោក ស៊ុំ ច័ន្ទគា ជំរុញ​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អន្តរ​ក្រសួង ដើម្បី​ចុះ​មក​ពិនិត្យ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​បន្ត​ទៀត។

ពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពីពួក​គាត់​លើក​បដា​តវ៉ា​នៅ​មុខសាលា​ក្រុង​ប៉ោយប៉ែត ប្រមាណ ១​ម៉ោង។ ពួក​គាត់សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ដែល​អាច​ទទួល​យក​បាន​ទេ ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ។ ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន​ស៊ីណូ​ហាយដ្រូ (Sinohydro) របស់​ចិន ដែល​គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៧

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles