Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​នឹង​ប្រជុំ​ជ្រើសរើស​បេក្ខភាព​ប្រធាន​និង​អនុប្រធាន​បក្ស​នៅ​ថ្ងៃ​ទី​២៨​កុម្ភៈ

$
0
0

គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ដើម្បី​ជ្រើសរើស​បេក្ខភាព​ប្រធាន និង​អនុប្រធាន​គណបក្ស​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រេច​ក្នុង​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ក្រោយ​ពី​ប្រធាន​គណបក្ស​របស់​ខ្លួន​លាឈប់​ពី​បក្ស។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា មក​ទល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ការ​ចាត់​តាំង​ជា​ផ្លូវការ​ថា​មន្ត្រី​ណា​មួយ​ជា​បេក្ខភាព​ប្រធាន និង​អនុប្រធាន​គណបក្ស​នៅ​ឡើយ​ទេ។

ការ​បើក​ចំហ​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅ​ទំនេរ​យូរ​ពេក ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​យល់​ថា មិន​មែន​ជា​ផ្លូវ​ល្អ​សម្រាប់​គណបក្ស​ប្រឆាំង​ដើរ​ឡើយ ព្រោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ទើប​នាំ​គ្នា​អនុម័ត និង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ឲ្យ​ពិនិត្យ​នោះ នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា អាច​ជួប​ជោគ​វាសនា​អាក្រក់។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ថា គណបក្ស​នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ដើម្បី​ជ្រើសរើស​បេក្ខភាព​ប្រធាន និង​អនុប្រធាន​គណបក្ស រួច​បញ្ជូន​ឈ្មោះ​បេក្ខជន​ទាំងនោះ​ឲ្យ​គណៈកម្មការ​នាយក​គណបក្ស បើក​កិច្ច​ប្រជុំ​សម្រេច​នៅ​ថ្ងៃ​ទី​១ មីនា ដើម្បី​បញ្ជូន​បន្ត​ទៅ​ឲ្យ​សមាជ​វិសាមញ្ញ​ធ្វើ​ការ​បោះឆ្នោត​ជា​ផ្លូវការ ដែល​គណបក្ស​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ«លុះត្រា​តែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ប្រជុំ​នៅ​ថ្ងៃ​ស្អែក ហើយ​បាន​យក​ទៅ​ដាក់​នៅ​គណៈកម្មការ​នាយក ទើប​គណៈកម្មការ​នាយក​បញ្ជូន​ទៅ​សមាជ​នៅ​ថ្ងៃ​ទី​២ មីនា»

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា គណបក្ស​ក៏​មិន​ទាន់​ដឹង​ថា មន្ត្រី​របស់​ខ្លួន​ណា​ខ្លះ​ដែល​នឹង​ក្លាយ​ជា​បេក្ខភាព​ប្រធាន និង​អនុប្រធាន​នៅ​ឡើយ​ទេ ថ្វី​បើ​មាន​ការ​លេច​ធ្លាយ​ថា គណបក្ស​នេះ​បាន​ត្រៀម​បេក្ខជន​ចំនួន ៣​រូប​ឲ្យ​ធ្វើ​ជា​អនុប្រធាន​គណបក្ស​ក្ដី។

ការ​កំណត់​ថ្ងៃ​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​ដើម្បី​ជ្រើស​តាំង​ប្រធាន និង​អនុប្រធាន​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី បាន​លាឈប់​ពី​ប្រធាន​បក្ស​ទាំង​ភ្ញាក់​ផ្អើល មុន​ពេល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៦​រូប នាំ​គ្នា​បោះឆ្នោត​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​លោក សម រង្ស៊ី ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​របស់​បក្ស​កាន់​អំណាច មាន​បំណង​បំផ្លាញ​គណបក្ស​របស់​លោក​ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ប្រកៀក​ប្រកិត​គ្នា​ជាមួយ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បាន​មុន​រដូវ​កាល​បោះឆ្នោត​ខាង​មុខ​នេះ។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា ថ្លែង​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ថា លោក​ចង់​ឲ្យ​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​នៅ​ទំនេរ​យូរ​ទៅ​មុខ​ទៀត ហើយ​លោក កឹម សុខា បន្ត​ធ្វើ​ជា​អនុប្រធាន​គណបក្ស​ដដែល។ តែ​អ្នក​វិភាគ​រូប​នេះ​យល់​ថា តាម​កាលៈទេសៈ​បច្ចុប្បន្ន​នេះ មិន​អាច​ទុក​បើក​ចំហ​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យូរ​ពេក​ឡើយ ហើយ​លោក​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​ប្រញាប់​ជ្រើស​តាំង​ប្រធាន​គណបក្ស​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ទាន់​ពេលវេលា ព្រោះ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ទើប​នាំ​គ្នា​ធ្វើ​វិសោធនកម្ម និង​អនុម័ត​នោះ បាន​កំណត់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​គ្មាន​ប្រធាន ត្រូវ​តែ​ជ្រើស​តាំង​ប្រធាន​គណបក្ស​របស់​ខ្លួន​ឲ្យ​បាន​មុន ៩០​ថ្ងៃ​ជា​ចាំបាច់«នៅ​ពេល​ច្បាប់​ហ្នឹង​ចូល​ជា​ធរមាន គណបក្ស​នយោបាយ​នៅ​កម្ពុជា ចង់​មិន​ចង់​ត្រូវ​តែ​រត់​តាម​អនុវត្ត​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ទើប​វិសោធនកម្ម​ថ្មី​នេះ។ គណបក្ស​ណា​មួយ​ដែល​មិន​មាន​ប្រធាន និង​អនុប្រធាន គឺ​ជា​ការ​ផ្ទុយ​នឹង​ច្បាប់​ដែល​អនុម័ត​ឡើង​ដោយ​សំឡេង​ភាគច្រើន​មក​ពី​គណបក្ស​កាន់​អំណាច»

លោក សូ ចន្ថា បន្ថែម​ថា ស្រប​ពេល​ដៃគូ​ប្រកួត​កំពុង​បង្កើត​ឲ្យ​មាន​បញ្ហា​ជាច្រើន​រាប់​មិន​អស់ ដូច្នោះ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​គួរ​ប្រយ័ត្នប្រយែង​ឲ្យ​បាន​ខ្ពស់ ត្រូវ​ចេះ​រួបរួម​គ្នា និង​មិន​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ទាំង​ស្រួចស្រាល់​ដោយសារ​តំណែង​ប្រធាន និង​អនុប្រធាន​គណបក្ស​នៅ​ពេល​នេះ​ឡើយ ដើម្បី​កុំ​ឲ្យ​គណបក្ស​ដទៃ​ដែល​ជា​គូ​ប្រកួត​មើល​ឃើញ​អំពី​ចំណុច​ខ្សោយ។

ម្ចាស់​ទំព័រ​ហ្វេសប៊ុក (facebook) ឈ្មោះ សីហា ដែល​តែងតែ​ទម្លាយ​រឿង​អាស្រូវ​ស្នេហា​របស់​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ និង​ទើប​ទម្លាយ​ខ្សែ​អាត់​សំឡេង​ថ្មី​ដែល​បញ្ជាក់​ថា ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​កំពុង​ឈ្លោះ​គ្នា​ដើម្បី​ដណ្ដើម​តំណែង​បេក្ខភាព​អនុប្រធាន​គណបក្ស​នោះ ត្រូវ​បាន​អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា គណបក្ស​អ្នកស្រី​មិន​ដែល​ចាប់​អារម្មណ៍​នឹង​ការ​បែក​ធ្លាយ​នោះ​ឡើយ ព្រោះ​ជា​យុទ្ធសាស្ត្រ​របស់​គេ​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​គណបក្ស​អ្នកស្រី​ត្រូវ​គិត គឺ​ការ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា យុទ្ធសាស្ត្រ​ទម្លាយ​រឿង​អាស្រូវ​របស់​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ពេល​នេះ មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​ថយ​ចុះ​អ្នក​គាំទ្រ​ឡើយ។ ផ្ទុយ​ទៅ​វិញ បក្ស​ប្រឆាំង​រឹត​តែ​ទទួល​បាន​គាំទ្រ​បន្ថែម​ទៀត។ លោក​ថា បទពិសោធន៍​ក្នុង​ឆ្នាំ​២០១៣ កន្លង​ទៅ បើ​ទោះ​ជា​មន្ត្រី​បក្ស​ប្រឆាំង​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​ផ្នែក​នយោបាយ​យ៉ាង​ច្រើន តែ​ចុង​ក្រោយ គណបក្ស​នេះ​បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​សន្ធឹកសន្ធាប់​រហូត​ឈ្នះ​កៅអី​ក្នុង​រដ្ឋសភា​ចំនួន ៥៥​អាសនៈ។

ទោះ​បី​ជា​យុទ្ធសាស្ត្រ​ទម្លាយ​រឿង​អាស្រូវ​មន្ត្រី​បក្ស​ប្រឆាំង​គ្មាន​ប្រសិទ្ធភាព​បែប​នេះ​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា ព្រមាន​ថា ភាព​ចន្លោះ​ប្រហោង​ដែល​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បែកបាក់​គ្នា និង​ត្រូវ​គិតគូរ​ការពារ​ឲ្យ​បាន​រឹងមាំ​នោះ គឺ​គណបក្ស​នេះ​ត្រូវ​តែ​រក្សា​ឲ្យ​បាន​នូវ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ក្នុង​បក្ស ភាព​ជឿ​ទុក​ចិត្ត​គ្នា និង​មាន​ទំនុក​ចិត្ត​គ្នា​រវាង​មន្ត្រី​ចាប់​តាំង​ពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់​លើ ដែល​ជា​កត្តា​ដ៏​រឹងមាំ​អាច​ឲ្យ​គណបក្ស​ឈរ​ជើង​បន្ត​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត ជាពិសេស អ្នក​វិភាគ​រូប​នេះ​ចង់​ឃើញ​គណបក្ស​ប្រឆាំង​ផ្ដោត​សំខាន់​លើ​កម្មវិធី​គោល​នយោបាយ​របស់​ខ្លួន​សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង ជា​ជាង​ការ​ផ្ដោត​លើ​ព្រឹត្តិការណ៍ និង​រត់​តាម​ព្រឹត្តិការណ៍​ដែល​ដៃគូ​ម្ខាង​ទៀត​រៀបចំ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles