Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

វេជ្ជបណ្ឌិត​ថៃ​ណែនាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ត្រូវ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ឆ្នាំ

$
0
0

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​បាងកក ខេត្ត​ចាន់ប៊ុរី ប្រទេស​ថៃ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ជា​ប្រចាំ​ឆ្នាំ ដើម្បី​បង្ការ​ទប់ស្កាត់​ជា​មុន​នូវ​ប្រភេទ​ជំងឺ​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​នៅ​តាម​រាងកាយ​មនុស្ស​ម្នាក់ៗ ប្រសើរ​ជាង​ទុក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ទើប​ទៅ​រក​សេវា​ព្យាបាល​ជា​ក្រោយ នាំ​ឲ្យ​ចំណាយ​អស់​ថវិកា​ច្រើន និង​មាន​ពេល​ខ្លះ​មិន​អាច​ជួយ​សង្គ្រោះ​បាន។

លោក​វេជ្ជបណ្ឌិត អេកកៈឆ័យ ខាំយ៉េន (Akachai Khumyen) អនុប្រធាន​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី ប្រទេស​ថៃ ផ្តល់​សម្ភាស​ឲ្យ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កុម្ភៈ ថា ការ​ដែល​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ ឬ​ឆែក​សុខភាព​រាងកាយ​ជា​ប្រចាំ​ឆ្នាំ អាច​ជួយ​ដល់​ការ​ការពារ ឬ​ទប់ស្កាត់​ប្រភេទ​ជំងឺ​ផ្សេងៗ​ទៅ​លើ​បុគ្គល​គ្រប់​រូប។

លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​មាន​អ្នក​ជំងឺ​ជនជាតិ​ខ្មែរ​រាប់​ពាន់​នាក់​បាន​ទៅ​រក​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី ដោយ​អ្នក​ជំងឺ​ម្នាក់ៗ​មាន​អាការ ឬ​សភាព​ធ្ងន់ធ្ងរ ទើប​ទៅ​រក​សេវា​ព្យាបាល។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​កម្ពុជា មាន​អាយុ​ចាប់​ពី ២៥​ឆ្នាំ​ឡើង​ទៅ គួរ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​មួយ​ឆ្នាំ​ឲ្យ​បាន​ម្តង ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ កុំ​ចាំ​ដល់​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ទើប​ទៅ​រក​សេវា​ព្យាបាល គឺ​មិន​ត្រឹមត្រូវ​ទេ។

លោក​វេជ្ជបណ្ឌិត អេកកៈឆ័យ ខាំយ៉េន ផ្តល់​អនុសាសន៍​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ថែទាំ​សុខភាព «ហេតុ​អ្វី​ចាំបាច់​ថែទាំ​សុខភាព​ប្រចាំ​ឆ្នាំ និង​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​ថ្លើម» រៀបចំ​ដោយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម សាខា​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ។

លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី មាន​ដូចជា ជំងឺ​ទាក់ទង​ប្រព័ន្ធ​រំលាយ​អាហារ រោគ​ពោះវៀន សម្ពាធ​ឈាម លើស​ជាតិ​ស្ករ អាស៊ីត ខ្លាញ់ រោគ​ថ្លើម រោគ​មហា​រីក​ផ្សេងៗ និង​រោគ​ស្ត្រី​ជាដើម ដោយ​អ្នក​ជំងឺ​ភាគច្រើន​មាន​សភាព​ធ្ងន់ធ្ងរ ទើប​ទៅ​រក​សេវា​ព្យាបាល។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ដែល​បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​សិក្ខាសាលា និង​បាន​ប្រឹក្សា​យោបល់​អំពី​បញ្ហា​សុខភាព​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​មក​ពី​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី គាំទ្រ​ការ​តម្រូវ​ឲ្យ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ឆ្នាំ។ លោក​ថា​វិធី​នេះ​ផ្តល់​សារសំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព ព្រោះ​បើ​ពិនិត្យ​ឃើញ​រោគ​សញ្ញា​ណា​មួយ អាច​ព្យាបាល​ទប់ស្កាត់​ជា​មុន។

លោក​ចាត់​ទុក​ការ​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​កម្ពុជា និង​ថៃ លើ​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ នឹង​អាច​ផ្តល់​ទំនុក​ចិត្ត​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ខាង​មុខ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​សេវា​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព និង​សេវា​ដឹក​ជញ្ជូន​មាន​ភាព​រហ័ស៖ «ការ​រៀបចំ​ឲ្យ​មាន​សេវា​សុខាភិបាល​រវាង​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី ប្រទេស​ថៃ ជាមួយ​ប្រតិបត្តិករ ឬ​វិស័យ​ឯកជន​ប្រចាំ​ខេត្ត​ព្រះសីហនុ ក្នុង​ការ​ផ្សព្វផ្សាយ​ជូន​ភ្ញៀវ​ទេសចរ​នៅ​ទីក្រុង​បាងកក ក៏ដូចជា​ខេត្ត​ព្រះសីហនុ ក្នុង​បញ្ហា​ការ​សម្រាក​កម្សាន្ត​ផង និង​ផ្សារភ្ជាប់​ជាមួយ​សេវា​ផ្នែក​សុខាភិបាល​នេះ​ផង ខ្ញុំ​គិត​ថា​វា​មាន​សារសំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ»

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ លោកស្រី អ៊ាង ជ្រេ ម្ចាស់​ហាង​ម៉ាស្សា​មួយ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ស្ដីពី «ហេតុ​អ្វី​ចាំបាច់​ថែទាំ​សុខភាព​ប្រចាំ​ឆ្នាំ»។ លោកស្រី​គាំទ្រ​វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី រំឭក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ឆ្នាំ​ដែរ៖ «នាង​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​សិក្ខាសាលា​ស្ដីពី​ការ​ថែទាំ​សុខភាព​នេះ ដោយសារ​តែ​សិក្ខាសាលា​នេះ​មានក្រុម​វេជ្ជបណ្ឌិតមក​ពី​ប្រទេស​ថៃ គាត់​បាន​ចុះ​មក​ធ្វើ​ការ​វាស់​សម្ពាធ​ឈាម និង​បាន​ផ្តល់​ប្រឹក្សា​មួយ​ចំនួន​នូវ​អាការ​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ផង»

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា សាខា​ខេត្ត​ព្រះសីហនុ លោក វ៉ាន់ សុខហេង ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​ពី​សុខភាព​ពលរដ្ឋ​ជាមួយ​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី។ លោក​ថា​ការ​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​នេះ​មាន​គោលដៅ​ចង់​ផ្តល់​ការ​យល់​ដឹង​អំពី​បញ្ហា​ថែទាំ​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ឲ្យ​ចេះ​ពី​វិធី​ថែទាំ​សុខភាព​ដែល​មិន​បណ្ដែតបណ្ដោយ​ឲ្យ​រោគ​សញ្ញា​នៅ​ក្នុង​ខ្លួន​កាន់​តែ​រីក​រាលដាល​ខ្លាំង។

លោក​ឲ្យ​ដឹង​ថា សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ឬ​ហៅ​កាត់​ថា ហ្វែស្មិក (Fasmec) សាខា​ខេត្ត​ព្រះសីហនុ បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​ជាមួយ​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី ដើម្បី​ជួយ​សម្រួល​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​ប្រតិបត្តិករ​ដែល​ចូល​ជា​សមាជិក​ជាមួយ​សម្ព័ន្ធ​ហ្វែស្មិក៖ «សិក្ខាសាលា​នេះ យើង​បាន​អញ្ជើញ​លោក​វេជ្ជបណ្ឌិត​មក​ពី​មន្ទីរពេទ្យ​ចាន់ប៊ុរី ឲ្យ​មក​បង្ហាញ និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ អំពី​សារសំខាន់​នៃ​ការ​ឆែក ឬ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ ដើម្បី​កាត់​បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ចំណាយ​ថវិកា​ច្រើន​នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​បញ្ហា​សុខភាព ហើយ​រត់​ទៅ​រក​គ្រូពេទ្យ​ព្យាបាល​ជំងឺ។ ដូច្នេះ​យើង​ទប់ស្កាត់​ជា​មុន ដើម្បី​កុំ​ឲ្យ​សភាព​ជំងឺ​ឈឺ​ធ្ងន់ ឬ​ខ្លាំង ហើយ​បើ​សិន​ជា​យើង​ឆែក​សុខភាព​ជា​មុន ហើយ​ឃើញ​រោគ​សញ្ញា​តិចតួច ការ​ព្យាបាល​ក៏​អស់​លុយ​តិច ហើយ​ការ​ព្យាបាល​ក៏​សង្ឃឹម​ថា​អាច​ជា​សះស្បើយ​បាន​ច្រើននេះ​បើ​តាម​ការ​ផ្តល់​អនុសាសន៍​របស់​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី បាន​លើក​ឡើង»

លោក វ៉ាន់ សុខហេង ដែល​ជា​អគ្គនាយក​សាលា​ស្តង់ដារ​ជាតិ អន្តរជាតិ អាយដៀ ស៊ស (Idea Source) ប្រចាំ​ខេត្ត​ព្រះសីហនុ គាំទ្រ​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក្នុង ១​ឆ្នាំ​ឲ្យ​បាន​ម្តង ព្រោះ​សេវា​ពិនិត្យ​សុខភាព និង​ពិគ្រោះ​យោបល់​មិន​ចំណាយ​ថវិកា​ច្រើន​ទេ ការ​ពិនិត្យ​នេះ​មិន​ថា​តែ​នៅ​ប្រទេស​ថៃ ឬ​នៅ​ក្នុង​ប្រទេស​ទេ សំខាន់​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​ទម្លាប់​ចេះ​គិតគូរ​របៀប​របប​ពិនិត្យ​សុខភាព​ជា​ទៀងទាត់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ធ្ងន់ធ្ងរ​ណា​មួយ​ដែល​មិន​ដឹង​ខ្លួន និង​កាត់​បន្ថយ​ចំណាយ ទោះ​បី​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក្ដី។

ទោះ​ជា​បែប​នេះ​ក្តី អនុប្រធាន​មន្ទីរពេទ្យ​បាងកក ចាន់ប៊ុរី លោក​វេជ្ជបណ្ឌិត អេកកៈឆ័យ ខាំយ៉េន មិន​បាន​បង្ហាញ​ទិន្នន័យ ឬ​តួលេខ​នៃ​ចំនួន​អ្នក​ជំងឺ​ពិត​ប្រាកដ​ថា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ប៉ុន្មាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ដែល​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បាងកក ខេត្ត​ចាន់ប៊ុរី នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា អ្នក​ជំងឺ​ភាគច្រើន ពួក​គេ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​នេះ មាន​ជំនាញ​ពិត​ប្រាកដ ហើយ​មន្ទីរពេទ្យ​នេះ​មាន​គុណភាព​ស្តង់ដារ​អន្តរជាតិ ជាពិសេស​មាន​បុគ្គលិក​អាច​ទាក់ទង​ជា​ភាសា​ខ្មែរ និង​មាន​រថយន្ត​សង្គ្រោះ​សម្រាប់​ទទួល​ដឹក​អ្នក​ជំងឺ​ពី​ប្រទេស​កម្ពុជា ក្នុង​ករណី​សង្គ្រោះ​បន្ទាន់ រង់ចាំ​បម្រើ​សេវាកម្ម ២៤​ម៉ោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles