គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលហៅកាត់ជាភាសាអង់គ្លេសថា ជី.ប៊ី.ស៊ី (GBC) កំពុងស្វែងរកកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងសងខាងនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីរក្សានូវស្ថិរភាព សន្តិភាព និងសុខសន្តិសុខបានល្អ។
ប្រទេសកម្ពុជា-ថៃ នៅមានបញ្ហាជាមួយគ្នារឿងបន្ទាត់ព្រំដែនខ្លះនៅឡើយ ដែលចាំបាច់ត្រូវការឲ្យកងរក្សាព្រំដែននៃប្រទេសទាំងពីរមានការយោគយល់គ្នាខ្ពស់ ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។
ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅរបស់ក្រសួងការពារជាតិកម្ពុជា-ថៃ បានជួបប្រជុំគ្នានៅឯខេត្តសៀមរាប នៅរសៀលថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ។
នៅព្រឹកថ្ងៃច័ន្ទ ទី២៧ កុម្ភៈ ដដែលនេះ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោកឧត្តមសេនីយ៍ នាង ផាត និងនាយកទីចាត់ការព្រំដែនថៃ លោកឧត្តមសេនីយ៍ឯក ខុម រ៉ន គាវិចជីយ៉ាចាន់ (Kum Ron Kearwichyajane) បានជួបសម្ដែងការគួរសម និងសំណេះសំណាលគ្នានៅមុនពេលជួបប្រជុំ។
រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ប្រាប់អ្នកកាសែតនៅមុនពេលជួបប្រជុំថា ការជួបប្រជុំនោះ គឺពិភាក្សាគ្នាទៅលើបញ្ហាសំខាន់ៗចំនួន ៣ចំណុច ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនៅតាមបណ្ដោយព្រំដែន ក្នុងគោលបំណងរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ៖ «ក្រៅពីនោះក៏បានលើកឡើងនូវវិធានការទាំងឡាយ ដើម្បីទប់ស្កាត់អំពើអសកម្មទាំងឡាយដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម»។
ចំណែកលោក ខុម រ៉ន គាវិចជីយ៉ាចាន់ នាយកទីចាត់ការព្រំដែនថៃ មិនបានអធិប្បាយអ្វីទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅខេត្តសៀមរាប នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា ខាងមុខ។
កិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នេះ គឺជាការរៀបចំឯកសារព្រាងនានាដើម្បីត្រៀមលក្ខណៈសម្រាប់ដាក់ជូនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃ ដែលជាប្រធានគណៈកម្មាធិការព្រំដែនទូទៅនៃប្រទេសទាំងពីរនៅអំឡុងខែមីនា ខាងមុខ៕