លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញារក្សាសន្តិភាពឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ហើយមិនត្រូវយកបញ្ហាសិទ្ធិមនុស្សមកបង្កជាបញ្ហានៅកម្ពុជា នោះឡើយ។ រីឯអ្នកវិភាគចាត់ទុកថា ការប្រកាសរបស់លោក ហ៊ុន សែន ជាការគំរាមកំហែងច្រើនជាង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែលើកឡើងជាញឹកញាប់ពីតម្លៃនៃសន្តិភាព ហើយលោកថែមទាំងព្រមានកម្ទេចអ្នកណាដែលហ៊ានធ្វើបដិវត្តន៍ពណ៌ ឬចង់បំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងកម្មវិធីប្រារព្ធទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ នៅវិមានសន្តិភាព នៅថ្ងៃទី២៧ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា មិនត្រូវយកបញ្ហាសិទ្ធិមនុស្សមកបង្កជាបញ្ហា និងអសន្តិសុខនៅកម្ពុជា នោះឡើយ៖ «ទោះក្នុងតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពឲ្យបាន។ រឿងស្អីផ្សេងទៀត គឺនិយាយគ្នាក្រោយ តែអ្នកណាបំផ្លាញសន្តិភាពហើយ អ្នកឯងត្រូវទទួលនូវទណ្ឌកម្មពិតប្រាកដមួយ មិនអាចមើលរំលងបញ្ហានេះបានទេ។ អ្នកឯងនិយាយពីសិទ្ធិមនុស្សហ្អេស៎! ដើម្បីសិទ្ធិមនុស្សពីរបីនាក់ បំផ្លាញប្រទេសជាតិទាំងមូល អ្នកឯងនិយាយពីសិទ្ធិអី? សិទ្ធិដែលអ្នកឯងសម្លាប់ប្រជាជនរាប់ម៉ឺនរាប់លាននាក់។ តើអ្នកឯងស្គាល់សិទ្ធិទេ? កុំនិយាយពីសិទ្ធិ សិទ្ធិដូចសព្វថ្ងៃនេះសិទ្ធិរស់រានមានជីវិត សិទ្ធិមានអ្វីៗដែលកំពុងធ្វើរាល់ថ្ងៃនេះ អាហ្នឹងបានគេហៅសិទ្ធិ។ សិទ្ធិដោយអានាធិបតេយ្យ គឺជាសិទ្ធិបំផ្លាញជាតិតែប៉ុណ្ណោះ។ យើងទទួលសិទ្ធិ ប៉ុន្តែមិនមែនសិទ្ធិអនាធិបតេយ្យទេ គឺជាសិទ្ធិនៃនីតិរដ្ឋ ត្រូវយល់គ្នាឲ្យច្បាស់លើរឿងនេះ។ សង្ឃឹមថាមិត្តភ័ក្ដិបរទេសយល់ច្បាស់អំពីរឿងនេះ»។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ក៏បានព្រមានឲ្យត្រៀមក្ដារមឈូស បើជនណាចង់ធ្វើបដិវត្តន៍ពណ៌។
ការប្រកាសរក្សាសន្តិភាពនៅពេលនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់ថា ដើម្បីបង្កើន និងទាក់ទាញភ្ញៀវទេសចរ ព្រោះកាលណាបើសង្គមមួយមិនមានសន្តិភាព និងស្ថិរភាពហើយនោះ គឺគ្មានអ្នកទេសចរណាទៅលេងកម្សាន្តឡើយ។ លោកបានលើកឧទាហរណ៍ថា តំបន់ប្រាសាទអង្គរ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងមានសក្ដានុពលបំផុតរបស់កម្ពុជា មិនមែនទើបកើតមាននាពេលបច្ចុប្បន្ននេះទេ ប៉ុន្តែមូលហេតុដែលក្នុងទសវត្សរ៍ឆ្នាំ៧០ មិនមានភ្ញៀវទេសចរមកលេងកម្សាន្ត ដោយសារតែភ្លើងសង្គ្រាម។
ការប្រកូកប្រកាសអំពីរឿងការពារសន្តិភាពនេះ ធ្វើឡើងតែមួយថ្ងៃក្រោយពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុក (facebook) កាលពីថ្ងៃទី២៦ ខែកុម្ភៈ ថា «សន្តិភាពពិត គឺសន្តិភាពទាំងរូបកាយ (ខាងក្រៅ) និងសន្តិភាពទាំងផ្លូវចិត្ត (ខាងក្នុង)។ ការបញ្ចប់សង្គ្រាមប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាពក៏ពិតមែនហើយ។ ផ្ទុយទៅវិញ ការដែលនៅតែធ្វើឲ្យខ្មែរបែកបាក់គ្នា ឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយអយុត្តិធម៌ពីសំណាក់អ្នកមានបំពានអ្នកក្រ អ្នកខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះគាបសង្កត់អ្នកចាញ់។ នេះហើយគឺជាមូលហេតុនាំឲ្យមានការប្រឆាំងកាន់តែច្រើនទៅៗ ដូចពាក្យស្លោកមួយបានចែងថា ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ»។
រីឯអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា គាំទ្រចំពោះការលើកឡើងរបស់លោក ហ៊ុន សែន អំពីការការពារសន្តិភាព ប៉ុន្តែលោកចង់ឃើញកម្ពុជា មានសន្តិភាពតាមបែបប្រជាធិបតេយ្យ៖ «ខ្ញុំចង់ឃើញកម្ពុជា មានសន្តិភាពបែបប្រជាធិបតេយ្យ គឺជាសន្តិភាពដែលប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ពលរដ្ឋអាចប្រើប្រាស់សិទ្ធិ ហើយពលរដ្ឋស្ថិតនៅក្រុមច្បាប់ស្តង់ដារតែមួយ ប៉ុន្តែខ្ញុំមិនចង់ឃើញសន្តិភាពដែលស្ថិតនៅក្រោមការគាបសង្កត់ ឬសន្តិភាពស្ថិតនៅក្រោមការគំរាមកំហែងនោះទេ»។
លោក សូ ចន្ថា បញ្ជាក់ថា រហូតមកដល់ពេលនេះ គឺលោកមើលមិនឃើញថា មានចលនាណាមួយដែលនាំឲ្យកើតមានសង្គ្រាម ឬអស្ថិរភាពនៅក្នុងសង្គមនោះទេ។ ចំពោះការប្រកាសរបស់លោក ហ៊ុន សែន ពេលនេះ លោកយល់ថាអាចជាការគំរាមកំហែងច្រើនជាង៕