មន្ត្រីបក្សប្រឆាំងគ្រោងធ្វើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធ ដើម្បីបំភ្លឺជុំវិញករណីដែលអាចប៉ះពាល់កម្មសិទ្ធិបញ្ញា ដោយសារប្រមុខរដ្ឋាភិបាលចេញបញ្ជាឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន លុប ឬប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្ម (Logo) ដែលបានចុះបញ្ជីពាណិជ្ជកម្មយ៉ាងតក់ក្រហល់។ មន្ត្រីរដ្ឋាភិបាលលើកឡើងថា ចំណាត់ការនេះរាងយឺតពេលបន្តិចផង និងមានតែខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនឯណោះទៅវិញទេ ដែលធ្វើឲ្យប៉ះពាល់ដល់រដ្ឋ។ ចំណែកអ្នកច្បាប់វិញយល់ថា រដ្ឋត្រូវផ្តល់សំណងថ្លៃខូចខាតដល់គ្រឹះស្ថានឯកជន ដោយសារការបង្ខំឲ្យប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្មទាំងកណ្ដាលទីបែបនេះ។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ចាត់ទុកចំណាត់ការបែបនេះថានឹងបង្កការភ្ញាក់ផ្អើលដល់ក្រុមហ៊ុនវិនិយោគជាច្រើននៅកម្ពុជា៖ «ឲ្យដូរផ្លាកនេះក៏វាមិនត្រូវតាមគោលការណ៍ច្បាប់។ ផ្លាកសញ្ញានេះត្រូវបានឆែកពិនិត្យ ធានាថាជាផ្លាកតែមួយគ្មានពីរ។ ឥឡូវត្រូវរដ្ឋាភិបាលបង្ខំឲ្យដូរទាំងតក់ក្រហល់បែបនេះ។ ខ្ញុំថាវាជាការអនុវត្តមិនត្រឹមត្រូវ ហើយត្រូវតែមានការឆ្លើយបញ្ជាក់ពីក្រសួងមានសមត្ថកិច្ចឲ្យបានត្រឹមត្រូវ»។
លោក សុន ឆ័យ បន្តថា គេមិនត្រូវធ្វើតាមតែបញ្ជាផ្ទាល់ពីមជ្ឈដ្ឋានណាមួយនោះឡើយ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្មនៅពេលនេះ រាងយឺតពេលបន្តិចផង មិនមែនធ្វើដោយតក់ក្រហល់នោះទេ។ លោក សុខ ឥសាន លើកឡើងថា ចំណាត់ការនេះគឺធ្វើឡើងដើម្បីឲ្យស្របទៅតាមសភាពការណ៍បច្ចុប្បន្ន។ លោក សុខ ឥសាន ចង្អុលទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថាជាអ្នកធ្វើឲ្យប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា៖ «ការដែលប៉ះពាល់កម្មសិទ្ធិបញ្ញាហ្នឹង ខ្ញុំយល់ថាអាហ្នឹងខាងមីក្រូហិរញ្ញវត្ថុទេដែលធ្វើឲ្យប៉ះពាល់របស់រដ្ឋ។ អ៊ីចឹងទេបានជារដ្ឋហ្នឹងមានគោលបំណងល្អ ដើម្បីកុំឲ្យបងប្អូនយល់ច្រឡំ»។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយចំនួននៅកម្ពុជា មាននិមិត្តសញ្ញាពាណិជ្ជកម្មស្រដៀងគ្នានឹងនិមិត្តសញ្ញាសម្គាល់ស្ថាប័នរដ្ឋ ដូចជារូបសត្វហង្ស ដែលជានិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអក្សរ “រ” វះពោះ ជានិមិត្តសញ្ញារបស់ធនាគារជាតិនៃកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងនេះ ដូរនិមិត្តសញ្ញាដែលស្រដៀងគ្នានឹងនិមិត្តសញ្ញាស្ថាប័នរដ្ឋជាបន្ទាន់ និងត្រូវប្រកាសប្រាប់អតិថិជនរបស់ខ្លួនថា ខ្លួនឯងជាវិស័យឯកជន មិនមែនជារបស់រដ្ឋទេ។ បើមិនដូច្នេះទេ រដ្ឋនឹងដកអាជ្ញាប័ណ្ណតែម្តង៖ «តាមគ្រឹះស្ថានទាំងអស់ ទាំងសាខា ទីស្នាក់ការធំរបស់គាត់ ក៏ត្រូវដាក់គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន មិនមែនរបស់រដ្ឋ រួចហើយត្រូវអប់រំបុគ្គលិកឲ្យនិយាយភាសាមុនគេថា នេះជាផ្នែកឯកជន មិនមែនរបស់រដ្ឋ។ បើមិននិយាយអាហ្នឹងទេ គឺចាប់បង្ខំត្រូវបិទ»។
ក្រោយការចេញបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាលបានចេញសេចក្តីប្រកាសកំណត់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្មរបស់ខ្លួនជាបន្ទាន់។ ក្រសួងពាណិជ្ជកម្ម ទុកពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងនោះត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីប្ដូរ។ គិតមកត្រឹមថ្ងៃនេះ មានស្ថាប័នឯកជនជាងដប់ រួមមានធនាគារអេស៊ីលីដា (Acleda) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្មរបស់ខ្លួនរួចហើយ។ បើតាមគេហទំព័រផ្លូវការរបស់ធនាគារអេស៊ីលីដា និមិត្តសញ្ញារូបហង្សរបស់ធនាគារនេះប្រើប្រាស់ជាផ្លូវការអស់រយៈពេល ២៤ឆ្នាំហើយ បើគិតពីឆ្នាំ១៩៩៣។ ធនាគារអេស៊ីលីដា បានប៉ាន់ស្មានថា ការផ្លាស់ប្ដូរឡូហ្គោនេះបានចំណាយជិត ៤លានដុល្លារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ចំណាយប្រាក់ជិត ១លានដុល្លារដែលជាបន្ទុករបស់ធនាគារផ្ទាល់។
បើសិនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលត្រូវចំណាយប្រាក់ដល់ទៅលានដុល្លារដូច្នេះ តើរដ្ឋាភិបាលមានការជួយឧបត្ថម្ភអ្វី ដើម្បីជួយក្នុងការដូរឡូហ្គោនេះទេ? លោក សុខ ឥសាន មានប្រសាសន៍ថា «អត់មានទេ។ អាហ្នឹងជារឿងផ្ទៃក្នុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយៗ»។
អ្នកច្បាប់យល់ឃើញថា ការអនុវត្តវិធានការរបស់រដ្ឋាភិបាលបែបនេះ មិនត្រឹមតែធ្វើឲ្យខាតបង់តែថវិកាប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រុមហ៊ុនវិនិយោគឯកជនទាំងនោះថែមទៀតផង។ លោកមេធាវី ហុង គឹមសួន យល់ឃើញថា ដោយសារការខូចខាតនេះមិនមែនជាកំហុសរបស់គ្រឹះស្ថានឯកជន ភាគីរដ្ឋត្រូវតែចេញថ្លៃខូចខាត៖ «អ្ហក៎! ដល់តែការបង្គាប់បញ្ជារបស់រដ្ឋដើម្បីជាផលប្រយោជន៍រដ្ឋមែន ប៉ុន្តែការដែលបង្គាប់បញ្ជាត្រូវតែដោះដូរជាមួយនឹងការខាតបង់របស់គេ។ មិនមែនឯកជនហ្នឹងអ្វីដែលរដ្ឋថាខុស ថាមិនត្រូវ ថាបាត់បង់ផលប្រយោជន៍រដ្ឋហ្នឹង បង្ហាញអំណះអំណាងយ៉ាងម៉េចថាវាខាតបង់ផលប្រយោជន៍ជាតិ ហើយដល់តែផលប្រយោជន៍ឯកជនហ្នឹងក៏គេបង់ពន្ធឲ្យរដ្ឋ ឲ្យជាតិដែរ»។
លោក សុខ ឥសាន យល់ថា ការលើកឡើងអំពីផលប៉ះពាល់ និងសំណងនេះ គឺជាការឈឺឆ្អាលជំនួសសាមីខ្លួន ដែលគេកំពុងខិតខំអនុវត្តតាមបញ្ជារបស់រដ្ឋាភិបាលដោយមិនរអ៊ូរទាំទាល់តែសោះ៖ «ហើយខ្ញុំយល់ថា អ្នកក្រៅម៉េចក៏ឈឺឆ្អាល ឈឺក្បាលអីម្ល៉េះជំនួសដល់ប្រធានមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា ហ្នឹង។ លោកអត់មានយោបល់អីផង លោកខំតែធ្វើ កែទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ហើយមូលហេតុអីបានអ្នកក្រៅគាត់ឈឺឆ្អាលខ្លាំងម្ល៉េះ?»។
លោកមេធាវី ហុង គឹមសួន លើកឡើងបន្ថែមថា ការអត់មានយោបល់អីផងនៅពេលខាតប្រាក់រាប់លានដុល្លារបែបនេះ មិនមែនម្ចាស់គ្រឹះស្ថានឯកជនទាំងនោះសប្បាយចិត្តនោះទេ ប៉ុន្តែពួកគេរងសម្ពាធ និងខ្លាចអំណាចរដ្ឋ៖ «កុំថាឡើយលុយរាប់លាន ត្រឹមតែរាប់ពាន់រាប់ម៉ឺន ក៏គេតូចចិត្តតូចថ្លើមដែរ តែគេអត់ហ៊ានប្រកែកប្រណាំងជាមួយនឹងអំណាចរដ្ឋ ព្រោះអំណាចរដ្ឋមានសិទ្ធិផ្តាច់មុខក្នុងការបង្គាប់បញ្ជាទៅលើការធ្វើអីមួយនោះ»។
អាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីលោក អ៊ិន ចាន់នី ប្រធានធនាគារអេស៊ីលីដា បានទេនៅថ្ងៃទី២៤ ខែកុម្ភៈ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
ពាក់ព័ន្ធការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋនេះ លោក សុន ឆ័យ លើកឡើងថា រដ្ឋសភាមានតួនាទីកោះហៅរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺឲ្យទាន់ពេលវេលាពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសពីសំណាក់រដ្ឋាភិបាលលើបញ្ហាដែលកើតមានជាយថាហេតុ។ ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជួបការលំបាកក្នុងការកោះហៅមន្ត្រីទាំងនោះ ដើម្បីឲ្យមកបំភ្លឺផ្ទាល់មាត់ក្នុងរដ្ឋសភា ដោយសារលោកនាយករដ្ឋមន្ត្រីបានប្រកាសមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រី ឬមន្ត្រីរដ្ឋាភិបាលទាំងនោះមកបំភ្លឺតាមសំណួរផ្ទាល់មាត់របស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។ ហេតុដូច្នេះហើយ ទើបលោកជ្រើសរើសយកវិធីសរសេរជាលិខិតជំនួសវិញ៖ «ទោះជាយ៉ាងនេះក្តី យើងបានរិះគិត ហើយពិចារណាក្នុងការរៀបចំជាលិខិតផ្ញើទៅក្រសួងពាណិជ្ជកម្ម ដែលជាកន្លែងចុះបញ្ជី ដែលជាអ្នកទទួលស្គាល់ផ្លាកសញ្ញា ហើយផ្លាកសញ្ញានេះត្រូវបានទទួលស្គាល់ជាអន្តរជាតិទៀតបាទ! ហើយនិងទៅធនាគារជាតិ ដើម្បីបញ្ជាក់ទៅគាត់ថា ហេតុអ្វីបានជាអនុវត្តស្លាកសញ្ញានេះរាប់សិបឆ្នាំមកហើយអត់មានបញ្ហា ហើយទើបមានបញ្ហានៅពេលថ្មីៗនេះបាទ?»។
ប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការបង្គាប់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារដូរនិមិត្តសញ្ញាពាណិជ្ជកម្មនេះ គឺកុំឲ្យប្រជាពលរដ្ឋភាន់ច្រឡំថាគ្រឹះស្ថានឯកជនទាំងនេះជារបស់រដ្ឋ និងម្យ៉ាងទៀត គឺដើម្បីទប់ស្កាត់កុំឲ្យអ្នកនយោបាយបោករាស្ត្ររឿងបំណុលធនាគារ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមដាក់ខ្នោះអ្នកនយោបាយណាដែលដើរខ្សឹប ឬឃោសនារឿងដោះស្រាយបំណុលនេះ៖ «ខ្ញុំថាទាល់តែលេងដែរ! អារឿងគេដើរខ្សឹបនេះ បើថាមានបទល្មើសជាក់ស្តែង ចាប់នៅនឹងកន្លែងម៉ង! អ្នកឯងមកបោកប្រាស់អី ព្រោះវាដើរបោកប្រាស់។ រាល់ថ្ងៃនេះ ថាបើបោះឲ្យខ្ញុំទៅ ខ្ញុំឈ្នះខ្ញុំលុបចោលបំណុលហ្នឹង។ ចឹងយើងដាក់ យើងលេងអាហ្នឹងឲ្យធ្ងន់មើល៍។ តាមមូលដ្ឋានចាប់ចងស្លាបសេកនៅហ្នឹង បញ្ជូនទៅឲ្យតុលាការកាត់ទោស»។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបញ្ជាក់ថា អ្នកនយោបាយនោះជានរណា ក៏លោក សុខ ឥសាន បានចោទគណបក្សប្រឆាំងនៅក្នុងសារព័ត៌មានហ្វ្រេសញូវ (Fresh News) ថាជាអ្នកឃោសនាភូតភរបំភាន់មតិប្រជាជនរឿងសន្យាលុបបំណុលធនាគារ បើខ្លួនជាប់ឆ្នោត។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ច្រានចោលការលើកឡើងបែបនេះ។ លោក សុន ឆ័យ អះអាងថា លោកមិនដែលធ្លាប់ឮអំពីការឃោសនាដូចការចោទប្រកាន់របស់គណបក្សប្រជាជនកម្ពុជា បែបនេះទេ៖ «ខ្ញុំដូចជាមិនចាំ ថាគណបក្សសង្គ្រោះជាតិ ណា ឬក៏បាននិយាយអំពីការអះអាងនយោបាយទៅសងលុយជំនួសពលរដ្ឋនោះទេ។ ខ្ញុំដូចមិនធ្លាប់ឮ»។
ទោះជាយ៉ាងនេះក្តី លោក សុន ឆ័យ បញ្ជាក់ថា គណបក្សប្រឆាំងប្រកាន់ជំហរថា វិធានការគ្រប់គ្រងប្រទេសត្រូវគោរពច្បាប់។ គោលការណ៍ដែលបំពានលើគោលការណ៍ច្បាប់ គឺជាការភូតភរកុហក៖ «គ្មានរដ្ឋាភិបាលណាធ្វើនយោបាយយកលុយជាតិទៅសងបំណុលអ្នកជំពាក់បុលបានទេ មានតែវិធីដែលអាចសម្រួលជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយការប្រាក់អីជាដើម ដោយការយោគយល់ស្រុះស្រួល។ ដូច្នេះ ខ្ញុំយល់ថាត្រូវតែមានការជួយប្រជាពលរដ្ឋ។ ការលំបាកប្រជាពលរដ្ឋដែលឃើញថាមានដល់រាប់លានគ្រួសារ ដែលរងគ្រោះដោយសារការខ្ចីបុល»។
ទីប្រឹក្សានៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៊ុន មុនី មានប្រសាសន៍ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុសរុបនៅកម្ពុជា មានចំនួនប្រមាណ ៦០ស្ថាប័ននៅឆ្នាំ២០១៦។ បច្ចុប្បន្ន ប្រជាពលរដ្ឋចំនួន ២លានគ្រួសារដែលភាគច្រើនរស់នៅទីជនបទ ឬ ៦០ភាគរយនៃចំនួនគ្រួសារសរុបនៅកម្ពុជា កំពុងជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ពលរដ្ឋភាគច្រើនខ្ចីប្រាក់ចន្លោះពី ៣ពាន់ដុល្លារទៅ ៤ពាន់ដុល្លារ៕