Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេ​ឃុំ​បក្ស​កាន់​អំណាច​នៅ​រតនគិរី​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត

$
0
0

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេ​ឃុំ​នៅ​ឃុំ​ភ្នំកុក ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ចោទ​ប្រកាន់​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​គំរាម​ដក​ហូត​ដី​ពី​ប្រជាពលរដ្ឋ​ដែល​ឈរ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​មន្ត្រី​ឃុំ​ភ្នំកុក ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​គ្មាន​ការពិត។

ការ​ចោទ​ប្រកាន់​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​អ្នក​សង្កេតការណ៍​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​ភ្នំកុក មួយ​រូប បាន​ដក​ខ្លួន​មិន​ឈរ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ភ្នំកុក លោក សែង ខងស៊ី បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ថា​មេ​ឃុំ​ភ្នំកុក បាន​ចោទ​ប្រកាន់​លោក​ថា បាន​បង្ខិតបង្ខំ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឈរ​ឈ្មោះ​ជា​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត ព្រម​ទាំង​គំរាម​ប្ដឹង​លោក​ទៅ​អាជ្ញាធរ​ខេត្ត។ លោក​កត់​សំគាល់​ថា ក្រោយ​ការ​ព្រមាន​នេះ អ្នក​សង្កេតការណ៍​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​បាន​សុំ​លា​ឈប់​វិញ ក្រោម​ហេតុផល​ថា មេ​ឃុំ​គំរាម​ដក​ហូត​ដី ប្រសិន​អ្នក​សង្កេតការណ៍​នោះ​នៅ​តែ​បន្ត​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ទាក់ទិន​ការ​ចូល​រួម​បញ្ហា​នយោបាយ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ នៅ​ខែ​មិថុនា ​ខាង​មុខ​នេះ៖ «អត្តសញ្ញាណប័ណ្ណ​ក៏​គេ​ព្រម​ឲ្យ​ហើយ ស៊ីញ៉េ​ខ្ញុំ​ទៀត ហើយ​រូប​ថត​មួយ​ទៀត​គេ​ឲ្យ​ខ្ញុំ​ហ្នឹង។ គាត់​ប្រាប់​ហើយ គាត់​ឈប់​ហើយ បើ​ខ្លាច​គំរាម​កំហែង​រឹប​អូស​ដី​គាត់​ហ្នឹង»។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​រតនគិរី លោក រ៉ាន់ សាយលឿន ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ភ្នំ​កុកព្រៅ គឺ​លោក សៀង ខាំលាង បាន​ស្ម័គ្រ​ចិត្ត​ឈរ​ឈ្មោះ​ជា​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​ភ្នំកុក ព្រមទាំង​ផ្ដល់​ឯកសារ​អត្តសញ្ញាណប័ណ្ណ និង​រូប​ថត​សម្រាប់​ចុះ​ឈ្មោះ​ជា​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​ជូន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​រួច​រាល់ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ក៏​ប៉ុន្តែ​បាន​លា​ឈប់​វិញ​បន្ទាប់​ពី​មេឃុំ​បាន​ព្រមាន​ដក​ហូត​ដី​របស់​ក្រុម​គ្រួសារ​គេ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ភ្នំកុក លោក លី នឿន បដិសេធ​ថា មិន​បាន​គំរាម​ដក​ហូត​ដី​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​បាន​លួច​បញ្ចូល​ឈ្មោះ​ប្រជាពលរដ្ឋ​ជា​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​ដោយ​គ្មាន​ការ​ស្ម័គ្រ​ចិត្ត។ លោក​ថា លោក សៀង ខាំលាង ជា​សមាជិក​គណបក្ស​ប្រជាជន​បាន​ផ្ដល់​ព័ត៌មាន​នេះ​មក​អាជ្ញាធរ​ឃុំ និង​ទាមទារ​ឲ្យ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​សង្កេតការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ខ្លួន​ឯង៖ «គណបក្ស​ប្រជាជន ប័ណ្ណ​សម្គាល់​គណបក្ស​មាន គាត់​ថា​បង្ខំ ខ្ញុំ​ថា​លុប​ទៅ យក​អ្នក​ផ្សេង​ទៅ ម្ចាស់​គេ​មិន​ព្រម​សាមី​ខ្លួន​គេ​មិន​ព្រម»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ណែនាំ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ដាក់​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​សង្កេតការណ៍​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។

​ទាក់ទិន​ការ​ចោទ​ឆ្លើយ​ដាក់​គ្នា​នេះ លេខា​គណៈកម្មាធិការ​សង្កេតការណ៍​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ខេត្ត​រតនគិរី លោក ជូន ភីនដារ៉ា បញ្ជាក់​​ថា លោក​ក៏​ទទួល​បាន​របាយការណ៍​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទិន​បញ្ហា​នេះ​រួច​ហើយ។ លោក​បន្ត​ថា ប្រសិន​មាន​បញ្ហា​កើត​ឡើង​បែប​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​មន្ត្រី​ឃុំ​ត្រូវ​ដាក់​​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ដើម្បី​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា។ លោក​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អង្គការ​ខុមហ្វ្រែល ទទួល​បាន​របាយការណ៍​ចោទ​ប្រកាន់​រឿង​​គំរាមកំហែង​ទាក់ទិន​ការ​ដាក់​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ៖ «គាត់​អាច​ដាក់​ពាក្យ​បណ្ដឹង​បាន​តើ ទៅ​គណៈកម្មការ​ក៏​បាន ទៅ​រដ្ឋបាល​ស៊ីវិល​ដូចជា​ខាង​តុលាការ​​ក៏​បាន ពី​បទ​គំរាមកំហែង ព្រោះ​សិទ្ធិ​ប្រជាពលរដ្ឋ​មិន​អាច​អ្នក​ណា​បង្ខិតបង្ខំ​បាន​ទេ»

​នៅ​ខេត្ត​រតនគិរី គណបក្ស​ចំនួន ៦ រួម​មាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ដើម្បី​ចូលរួម​បោះឆ្នោត។ ដោយ​ឡែក​នៅ​ឃុំ​ភ្នំកុក មាន​តែ​គណបក្ស​បី​តែប៉ុណ្ណោះ ដែល​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles