គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឲ្យសាធារណជនដែលប្រើប្រាស់ផ្លូវចូលរួមអនុវត្តច្បាប់ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។
សេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ លោក ស ខេង បានសរសេរថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ តែងតែមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍ ដូច្នេះមានខ្លឹមសារចំនួន ១០ចំណុច ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះរួមមាន ស្នើឲ្យសាធារណជនពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ។ល។ កុំផ្ទុកអ្នកដំណើរ និងទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងកុំដំឡើងថ្លៃធ្វើដំណើរ។ ត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវាត់នៅពេលធ្វើដំណើរ។ គោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច។ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ មិនត្រូវបត់ ឬជែងក្នុងភាពប្រថុយប្រថាន។ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់៕