ប្រជាសហគមន៍ការពារព្រៃឈើ នៅឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ យល់ថា រដូវក្រៅបានចូលមកដល់ ហើយការសម្អាតដីដាំដំណាំផ្សេងៗ ការរុករកឃ្មុំ ក៏កើតមានឡើងដែរ។ សកម្មភាពទាំងនេះ គឺជាមូលហេតុបណ្ដាលឱ្យមានភ្លើងឆេះព្រៃកន្លងមក។ បញ្ហានេះ តំណាងអ្នកភូមិមួយចំនួននាំគ្នារៀបចំវិធីបង្ការ ឬទប់ស្កាត់មិនឱ្យមានភ្លើងឆេះព្រៃសហគមន៍របស់ខ្លួន។ ចំណែកអាជ្ញាធរខេត្តសម្ដែងការគាំទ្រចំពោះវិធីការពារទាំងនោះ ពីព្រោះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានអនុវត្តកន្លងមក។
ប្រជាសហគមន៍ការពារព្រៃឈើនៅឃុំងន ស្នើប្រជាសហគមន៍ផ្សេងទៀត ព្រមទាំងអាជ្ញាធរត្រូវធ្វើយ៉ាងណាចូលរួមសកម្មភាពទប់ស្កាត់មិនឱ្យមានភ្លើងឆេះព្រៃកើតឡើង។ ការស្នើនេះ ពីព្រោះប្រជាសហគមន៍យល់ថា ព្រៃឈើមានសារសំខាន់សម្រាប់ជីវិតមនុស្ស សត្វ និងជាការរួមចំណែកទប់ស្កាត់ទៅនឹងបម្រែបម្រួលអាកាសធាតុនៅពេលបច្ចុប្បន្ន។ បន្ថែមពីនេះ ពួកគេយល់ថា ករណីភ្លើងឆេះព្រៃ ក៏ជាចំណែកមួយនាំឱ្យព្រៃឈើបាត់បង់ដែរ បន្ទាប់ពីការបាត់បង់ដោយសារការឈូសឆាយ ការកាប់រុករាន និងការកាប់បំផ្លាញឈើធ្វើអាជីវកម្មជាដើម។
ប្រធានព្រៃសហគមន៍ការពារធម្មជាតិជាំធ្លក នៅឃុំងន ស្រុកសណ្ដាន់ លោក គង់ ប៊ុនឈៀង មានប្រសាសន៍ថា វិធានការរបស់ប្រជាសហគមន៍ដើម្បីទប់ស្កាត់ ឬបង្ការមិនឱ្យមានភ្លើងឆេះព្រៃ ពិសេសឆេះចូលតំបន់ដែលពួកគាត់បានដាំកូនឈើឡើងវិញ ដូចជាធ្វើផ្លូវភ្លើង ឬមុខកាត់ផ្ដាច់ភ្លើង នៅពេលមានភ្លើងឆេះតំបន់ផ្សេងៗ ឬពីចម្ការរបស់អ្នកភូមិមិនឱ្យឆេះឆ្លងចូលតំបន់ដែលកំពុងការពារ។ បន្ថែមពីនេះ សហគមន៍បានផ្សព្វផ្សាយឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះសកម្មភាពចូលព្រៃ ឬសម្អាតចម្ការរបស់ខ្លួន៖ «ទីមួយ យើងផ្សព្វផ្សាយទៅប្រជាពលរដ្ឋឱ្យគាត់ចូលរួមចំណែកដូចជាគាត់ទៅស្រែចម្ការហ្នឹងគាត់ជួយទប់ស្កាត់មិនឱ្យភ្លើងឆេះព្រៃ ដូចជារាយការណ៍ និងមើលការខុសត្រូវ»។
ព្រៃសហគមន៍ការពារធម្មជាតិជាំធ្លក មានទំហំជាង ៥ពាន់ហិកតារ (៥.២០៤) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០។ កាលពីថ្ងៃទី២៨ និងទី២៩ ខែមីនា ប្រជាសហគមន៍ចំនួនជាង ៤០នាក់ នាំគ្នាសម្អាតផ្លូវភ្លើង ឬមុខកាត់ផ្ដាច់ភ្លើងទំហំប្រមាណ ៣ម៉ែត្រ បណ្ដោយប្រវែង ១ពាន់ម៉ែត្រ នៅតំបន់ដែលងាយរងការឆាបឆេះពីតំបន់ផ្សេង និងជាតំបន់ដែលពលរដ្ឋបានដាំកូនឈើចំនួន ៨ម៉ឺនដើម លើទំហំដីជិត ៣០ហិកតារ។
ប្រជាសហគមន៍នៅភូមិស្រឡៅ មួយរូប អ្នកស្រី ពេជ្រ នី ឱ្យដឹងថា ព្រៃសហគមន៍របស់ពួកគាត់គឺមានសារសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋមូលដ្ឋានដែលមានមួយចំនួនជាជនជាតិដើមភាគតិចផង។ អ្នកស្រីបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ធ្លាប់មានករណីភ្លើងឆេះព្រៃសហគមន៍នៅផ្នែកខ្លះ ធ្វើឱ្យប៉ះពាល់ដល់កូនឈើតូចៗ ដែលទើបនឹងដាំថែមទៀត។ ប្រជាសហគមន៍រូបនេះ សប្បាយចិត្តនៅពេលពួកគាត់បានចូលរួមចំណែកការពារព្រៃឈើ ដែលជាអាយុជីវិតរបស់ពលរដ្ឋមូលដ្ឋាន និងមនុស្សជាតិទាំងមូល៖ «ចាស៎! ឱ្យគាត់ចូលរួមទាំងអស់គ្នានៅក្នុងសហគមន៍នៅតាមភូមិ ឃុំ ស្រុករបស់យើងដើម្បីឱ្យព្រៃបានលូតលាស់ល្អ»។
ព្រៃឈើនៅតែដើរតួនាទីយ៉ាងសំខាន់ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅពេលបច្ចុប្បន្ន និងបាតុភូតធម្មជាតិផ្សេងៗ ដូចជាការឡើងកម្ដៅ ភ្លៀងមិនទៀងទាត់ ខ្យល់ព្យុះ ការរក្សាសំណើមរបស់ដី។ ជាងនេះទៀត ព្រៃឈើក៏ជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទរស់នៅ។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក គង់ វិមាន មានប្រសាសន៍នៅថ្ងៃទី៣១ ខែមីនា ថា លោកគាំទ្រចំពោះសកម្មភាពរបស់សហគមន៍ទាំងនោះ ពីព្រោះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញ។ ជាងនេះទៀត អាជ្ញាធរ និងមន្ត្រីជំនាញតែងផ្សព្វផ្សាយអប់រំពលរដ្ឋអំពីវិធានការផ្សេងៗ ដើម្បីទប់ស្កាត់មិនឱ្យភ្លើងឆេះព្រៃ និងការរុករានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ជានិច្ច៖ «ជារឿយៗមក ក្នុងនាមអាជ្ញាធរមូលដ្ឋាននេះ យើងបានយកចិត្តទុកដាក់ខ្ពស់ណាស់លើបញ្ហាព្រៃឈើ ក៏ដូចជាធនធានធម្មជាតិដែលបានកំណត់ និងការពារដោយច្បាប់»។
អ្នកនាំពាក្យសាលាខេត្តដដែលបន្ថែមថា អាជ្ញាធរខេត្តតែងដាស់តឿនដល់មន្ត្រីក្រោមឱវាទអំពីកិច្ចការពារព្រៃឈើ ដែលជាបញ្ហាអាទិភាព និងជាបទបញ្ជារបស់រាជរដ្ឋាភិបាលផង។ លោកថា សកម្មភាពរបស់អាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីជំនាញនឹងខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដូចភ្លៀងរលឹម។
គម្របព្រៃឈើនៅប្រទេសកម្ពុជា បច្ចុប្បន្ន ត្រូវបានមន្ត្រីសង្គមស៊ីវិល មើលឃើញថា បាត់បង់ដោយសារការឃុបឃិតគ្នារវាងមន្ត្រីនគរបាលយុត្តិធម៌មួយចំនួន ជាមួយក្រុមឈ្មួញឈើធំៗ ដើម្បីធ្វើអាជីវកម្មយកទៅលក់នៅក្រៅប្រទេស ពិសេសប្រទេសវៀតណាម។ ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន និងការផ្ដល់ដីសម្បទានសង្គមកិច្ចរាប់ពាន់ហិកតារដោយគ្មានការត្រួតពិនិត្យអំពីផលប៉ះពាល់ច្បាស់លាស់។ ចលនាទិញ និងលក់ដីគម្របព្រៃឈើរាប់រយហិកតារ ព្រមទាំងសកម្មភាពភ្លើងឆេះព្រៃជាដើម។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចនៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ករណីភ្លើងឆេះព្រៃមួយចំនួនកើតឡើងដោយសារការកាប់រុករានដីព្រៃយកដាំដំណាំ ការចោះ ឬក្រៀវដើមឈើឱ្យឆាប់ងាប់ ហើយលួចដុតដើម្បីបានដីធ្វើចម្ការ។ លោកបន្តថា ដើម្បីការពារបញ្ហាទាំងនេះ គឺត្រូវចូលរួមទាំងអស់គ្នា ហើយមន្ត្រីនគរបាលយុត្តិធម៌នៅថ្នាក់មូលដ្ឋានត្រូវទទួលខុសត្រូវចំពោះរឿងទាំងនេះ៖ «យើងគិតទៅវាជាចំណែកមួយដែលសហគមន៍ គាត់ត្រូវបំពេញ ប៉ុន្តែវានៅចំណែកច្រើនទៀតក្នុងការការពារព្រៃឈើ ដើម្បីទប់ស្កាត់មិនឱ្យមានការកាប់រានដីព្រៃ»។
លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ដើម្បីថែរក្សាគម្រប់ព្រៃឈើឱ្យនៅគង់វង្ស រាជរដ្ឋាភិបាលត្រូវអនុវត្តច្បាប់ដែលមានស្រាប់ឱ្យបានត្រឹមត្រូវ និងគ្មានការយោគយល់។ ជាមួយគ្នានេះ មន្ត្រីពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើនៅតែបណ្ដែតបណ្ដោយឱ្យគម្រប់ព្រៃឈើបាត់បង់បន្តទៀត។ ចំណែកពលរដ្ឋ មន្ត្រីសង្គមស៊ីវិល អ្នកសារព័ត៌មាន មានតួនាទីចង្អុលបង្ហាញមន្ត្រីអសកម្ម ឬមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដែលធ្វើឱ្យមានវិនាសកម្មព្រៃឈើកើតឡើង ហើយប្ដឹងតុលាការតែម្ដង៕