ក្រុមអង្គការសង្គមស៊ីវិលចំនួន ១០ ដែលធ្វើការពាក់ព័ន្ធនឹងក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកស្រលាញ់ទាំងពីរភេទ អ្នកប្ដូរភេទ និងអ្នកមាននិន្នាការភេទមិនប្រាកដ អំពាវនាវឲ្យរដ្ឋាភិបាល ចាត់វិធានការក្នុងការការពារសិទ្ធិរបស់អ្នកប្ដូរភេទ រួមទាំងការបង្កើតច្បាប់ដែលមានអានុភាពក្នុងការទទួលស្គាល់សិទ្ធិរបស់អ្នកប្ដូរភេទតាមផ្លូវច្បាប់។ ការអំពាវនាវនេះធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី៣១ ខែមីនា ក្នុងឱកាសនៃទិវាអន្តរជាតិដើម្បីលើកកម្ពស់សិទ្ធិអ្នកប្ដូរភេទ។
ទន្ទឹមនឹងនេះដែរ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យទទួលយកស្រលាញ់រាប់អាន និងចូលរួមអបអរដល់ពលរដ្ឋខ្មែរដែលជាអ្នកប្ដូរភេទ ក្នុងនាមពួកគាត់ជាអ្នកចូលរួមយ៉ាងពេញលេញក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ ពួកគេស្នើឲ្យពលរដ្ឋកម្ពុជា ផ្ដល់តម្លៃដល់អ្នកប្ដូរភេទឲ្យបានស្មើភាពគ្នា ព្រមទាំងទទួលយកវប្បធម៌នៃការអត់ឱន ការរួមបញ្ចូល និងការមិនរើសអើង។
លោក នួន ស៊ីដារ៉ា អ្នកសម្របសម្រួលគម្រោងសូជី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា មានតម្រូវការចាំបាច់ក្នុងការទទួលស្គាល់យេនឌ័រតាមផ្លូវច្បាប់។ លោកថា ការបង្កើតច្បាប់មួយដែលទទួលស្គាល់អត្តសញ្ញាណយេនឌ័រ នៅក្នុងឯកសារផ្លូវការនានា ស្របតាមនិន្នាការអន្តរជាតិ នឹងជាការវិវត្តន៍វិជ្ជមានមួយឆ្ពោះទៅដល់ការផ្ដល់សិទ្ធិស្មើគ្នាសម្រាប់សហគមន៍អ្នកប្ដូរភេទ។ លោកបន្តថា ករណីនេះគួរតែជាបញ្ហាអាទិភាពមួយរបស់រដ្ឋាភិបាលក្នុងការគោរពអត្តសញ្ញាណយេនឌ័រ ដែលកំណត់ដោយបុគ្គលម្នាក់ៗនៅកម្ពុជា ទាំងផ្លូវច្បាប់ និងទាំងទិដ្ឋភាពសង្គម។
សេចក្ដីថ្លែងការណ៍រួមដដែលនេះបញ្ជាក់ថា សិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នា គឺជាសិទ្ធិមនុស្ស ហើយបុគ្គលគ្រប់រូបត្រូវតែទទួលបានការការពារពីការប្រព្រឹត្តមិនត្រឹមត្រូវ ការយាយី និងការរើសអើងដោយផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់ពួកគេ។
ទិវាអន្តរជាតិដើម្បីលើកកម្ពស់សិទ្ធិអ្នកប្ដូរភេទ គឺជាទិវានៃការផ្ដល់អំណាច និងការអបអរចំពោះសហគមន៍អ្នកប្ដូរភេទ។ ប្រធានបទសម្រាប់ទិវាឆ្នាំនេះ គឺការតស៊ូរបស់អ្នកប្ដូរភេទ។ ទិវានេះជាការលើកទឹកចិត្តឲ្យមានការបង្ហាញជាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងអារម្មណ៍រើសអើងលើអ្នកប្ដូរភេទជំរុញឲ្យអ្នកប្ដូរភេទចេះតស៊ូប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញលើខ្លួន និងលើកស្ទួយយុត្តិធម៌សម្រាប់អ្នកប្ដូរភេទ៕