Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ភូមិ​ថា​ជនជាតិ​វៀតណាម​ជា​ច្រើន​នេសាទ​ត្រី​ខុស​ច្បាប់​នៅ​ខេត្ត​ពោធិ៍សាត់

$
0
0

អ្នក​ភូមិ​នៃ​ឃុំ​រាំងទិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ ថា​បទល្មើស​ដាក់​បរ ឬ​របាំង​លប​រុញ​ជន​ដែល​ប្រើ​អួន​ក្រឡា​ញឹក​អូស​ដោយ​ទូក​ម៉ាស៊ីន​ពីរ​សង​ខាង និង​អូស​អួន​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន​ធំៗ​នៅ​តែ​បន្ត​កើត​មាន​ច្រើន​ក្នុង​មូលដ្ឋាន​នេះ ហើយ​សមត្ថកិច្ច​មិន​ឃើញ​ចុះ​បង្ក្រាប។

គណៈកម្មការ​បង្ក្រាប​បទល្មើស​នេសាទ​ខេត្ត​ពោធិ៍សាត់ ទទួល​ស្គាល់​ថា បទល្មើស​ទាំង​នេះ​ពិត​ជា​បន្ត​កើត​មាន​ខ្លះ ប៉ុន្តែ​អះអាង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ចុះ​បង្ក្រាប​ដូច​ភ្លៀង​រលឹម។

ប្រជា​នេសាទ​ខឹងសម្បា​ចំពោះ​ជនជាតិ​វៀតណាម ប្រមាណ ៥០​នាក់ ដែល​ប្រើ​ទូក​ម៉ាស៊ីន​ ៨​គ្រឿង ដើម្បី​អូស​អួន និង​រុញ​ជន​ប្រើ​សាច់​អួន​ក្រឡា​ល្អិត​មាន​មុខ​យ៉ាង​តិច ៤០​ម៉ែត្រ អូស​ដោយ​ទូក​ម៉ាស៊ីន​ពីរ​គ្រឿង​សង​ខាង​បង្កប់​ដោយ​ម៉ាស៊ីន​ឆក់ នៅ​តាម​បណ្ដោយ​បឹង​ទន្លេសាប ចាប់​ពី​ចំណុច​ភូមិ​ក្អមសំណរ រហូត​ដល់​ភូមិ​ផាត់សណ្ដោង នៃ​ឃុំ​រាំងទិល បណ្ដាល​ឲ្យ​ខ្ទេច​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​របស់​ពួកគេ។ សកម្មភាព​នេះ ត្រូវ​បាន​លួច​ធ្វើ​រាល់​ថ្ងៃ ចាប់​ពី​ម៉ោង ៩​យប់ រហូត​ដល់​ម៉ោង ៤​ទៀប​ភ្លឺ។

ប្រជា​នេសាទ​ម្នាក់​នៅ​ឃុំ​រាំងទិល លោក ឈុន ឈឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ថា រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​មិន​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ដូច​កាល​ពី​ប៉ុន្មាន​ខែ​មុន​ឡើយ ហើយ​អ្នក​ប្រព្រឹត្ត​ល្មើស​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម កាន់​តែ​បាន​ដៃ។

អ្នក​បណ្ដែត​មង ឬ​ចង​សន្ទូច​ជា​លក្ខណៈ​គ្រួសារ​ជួប​ការ​លំបាក​ដោយសារ​ក្រុម​ល្មើស​នេះ៖ «រក​អត់​បាន​បង បើ​រក​ទៅ​ខ្លាច​យ៉ាំង​កាវ​អូស​ចំ​ទៅ​អស់​ទៅ ហើយ​យើង​ម្នាក់​អ៊ីចឹង បើ​គេ​អូស​ចំ​ហើយ​អត់​ហ៊ាន​ទៅ​ហាម​គេ​ទៀត ព្រោះ​គេ​មាន​កម្មករ​ច្រើន​យើង​ម្នាក់​អត់​ហ៊ាន​ចូល​ទៅ​ទេ ខ្លាច​គេ​វាយ​យើង​ជួនកាល​អាច​ដែរ វា​ដេញ ឬ​វាយ​សម្លាប់​ទៅ​ក៏​គ្មាន​ក្រសួង និង​សមត្ថកិច្ច​ណា​ទៅ​ជួយ​យើង​បើ​យប់​ហើយ»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ពោធិ៍សាត់ លោក ឡាយ ពិសិដ្ឋ ថា បទល្មើស​ទាំង​នេះ​មិន​មែន​កើត​មាន​តែ​នៅ​ឃុំ​រាំងទិល ទេ នៅ​ឃុំ​កំពង់ហ្លួង នៃ​ស្រុក​ក្រគរ ក៏​មាន​ដែរ។ ប៉ុន្តែ​ចាប់​ពី​ចុង​ឆ្នាំ​២០១៦ ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ម៉ឺងម៉ាត់​មក មាន​ជនល្មើស​ប្រហែល ៥០​នាក់​ហើយ ​ត្រូវ​បាន​ឃាត់​ខ្លួន និង​ខ្លះ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៖ «ការងារ​នេះ​ក្នុង​នាម​ខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​មួយ ខ្ញុំ​បាន​ចាត់ចែង​ឲ្យ​មន្ត្រី​របស់​ខ្ញុំ​ឲ្យ​ពិនិត្យ​មើល​ជាក់​ស្ដែង កន្លែង​ណា​ដែល​ហួស​ច្បាប់​ពេក​យើង​អាច​ធ្វើ​ការ​ពិន័យ អប់រំ បើ​ថា​ខ្ពស់​មែន​ទែន​អា​ហ្នឹង​ចាប់​ខ្លះ​អី​ខ្លះ ហើយ​ក្នុង​ឆ្នាំ​នេះ​ជាង ៥០​នាក់​ហើយ​តាម​មើល ពី​ព្រោះ​យើង​ធ្វើ​បាន​គត់មត់​ជាង​ឆ្នាំ​មុនៗ អ្នក​ល្មើស​ដែល​គាត់​មក​នេសាទ​អី​ខ្លះ ទោះ​បី​យ៉ាង​ម៉េច​គាត់​អត់​ហ៊ាន​ចូល​រក​ក្នុង​ឡូត៍​អភិរក្ស​ទេ»

មន្ត្រី​សម្របសម្រួល​សហគមន៍​របស់​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) លោក ម៉ន រ៉ាវី សង្កេត​ឃើញ​ថា បទល្មើស​នេសាទ​នៅ​ខេត្ត​ពោធិ៍សាត់ ក្នុង​ឆ្នាំ​២០១៧ នេះ​មាន​ការ​ថយ​ចុះ​ច្រើន​បើ​ប្រៀបធៀប​នឹង​បណ្ដា​ឆ្នាំ​មុនៗ។

លោក​ថា ដើម្បី​ឲ្យ​ការ​បង្ក្រាប​បទល្មើស​នេសាទ​មាន​ប្រសិទ្ធ​ភាព​ជាង​នេះ​ទៀត​នោះ មន្ត្រី​សមត្ថកិច្ច​ចម្រុះ​គួរ​សហការ​ជាមួយ​សហគមន៍​ចុះ​បង្ក្រាប​ឲ្យ​បាន​ញឹកញាប់៖ «ជា​ពិសេស​គណៈកម្មការ​សហគមន៍ ឬ​អ្នក​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា ប៉ូលិស ប៉េអឹម យើង​ត្រូវ​សហការ​ជាមួយ​ពួកគាត់ (មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល) ដើម្បី​ពង្រឹង​ចុះ​ល្បាត​បន្ថែម ឲ្យ​បាន​ញឹកញាប់​ក្នុង​នីមួយៗ ខ្ញុំ​ជឿ​ថា បទល្មើស​នឹង​ថយ​ចុះ​បន្ត​ទៀត»

ប្រជា​នេសាទ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ថា​បទល្មើស​នេសាទ និង​ព្រៃឈើ​នៅ​កម្ពុជា ជា​ជំងឺ​រ៉ាំរ៉ៃ​លំបាក​នឹង​ព្យាបាល។ ប៉ុន្តែ​បទល្មើស​ទាំង​នេះ​បាន​ថយ​ចុះ​ជាង​មុន បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​កំណែ​ទម្រង់​ដោយ​ដាក់​រដ្ឋបាល​ជលផល និង​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ឋិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម​តែមួយ ហើយ​អភិបាល​ខេត្ត​នីមួយៗ​ជា​អ្នក​សម្របសម្រួល ឬ​ដឹកនាំ​ផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles