Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ឃ្លាំមើល៖ បើសិន​មាន​ការ​​រារាំង​បក្ស​ប្រឆាំង​មិន​ឲ្យ​ចូល​រួម​បោះឆ្នោត​ជា​ការ​ប្លន់​អំណាច​មុន​បោះ​ឆ្នោត

$
0
0

ក្រុម​អ្នក​វិភាគ​អំពី​ស្ថានការណ៍​នយោបាយ​អះអាង​ថា ប្រសិនបើ​មាន​ការ​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ចូល​រួម​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ និង​សកល​ខាង​មុខ​ទេ វា​ដូច​ជា​ការ​ប្លន់​យក​អំណាច​ពី​បក្ស​ប្រឆាំង ពីព្រោះ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គូប្រកួត​ប្រជែង​នឹង​គ្នា។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) លើក​ឡើង​ថា រដ្ឋាភិបាល​មិន​អាច​ប្រើប្រាស់​គណបក្ស​តូចតាច ហើយ​ទាត់​ចោល​ការ​ចូល​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​រួម​ការ​បោះឆ្នោត​នោះ​ឡើយ។

លោក​បន្ត​ថា ប្រសិនបើ​មាន​ការ​ហាមឃាត់​នេះ​មែន វា​ជា​ការ​បោក​បន្លំ​ឆន្ទៈ​ពលរដ្ឋ​ដើម្បី​អំណាច​ប៉ុណ្ណោះ៖ «គណបក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​នយោបាយ​ដ៏​ធំ​មួយ ជា​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ក្នុង​ប្រទេស ហើយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ប្រជាប្រិយភាព​នៃ​គណបក្ស​នេះ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ខំ​រក​វិធី​គ្រប់​យ៉ាង​ដើម្បី​បញ្ឈប់​គណបក្ស​មួយ​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ មាន​សំឡេង​គាំទ្រ​ខ្លាំង​ណាស់​ពី​ពលរដ្ឋ ហើយ​មនុស្ស​ជា​ច្រើន​តែង​អះអាង​ថា គណបក្ស​នេះ​ធ្លាប់​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ទៅ​ទៀត»

អាស៊ីសេរី មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ។ ប៉ុន្តែ​កន្លង​មក​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ធ្លាប់​អះអាង​ថា កម្ពុជា ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច្នេះ​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដដែល ទោះ​បី​មាន ឬ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ។

រហូត​មក​ទល់​ពេល​នេះ ក៏​មាន​គណបក្ស​ចំនួន ១២ បាន​ចុះ​បោះឆ្នោត​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

ភាគ​ច្រើន​នៃ​គណបក្ស​ទាំង​នេះ គេ​សង្កេត​ឃើញ​មិន​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​ការ​បង្ក​ភាព​ស្មុគស្មាញ​ដល់​កិច្ចការ​របស់​ពួកគេ​ក្នុង​ការ​រៀបចំ​ដំណើរការ​នយោបាយ​ដើម្បី​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ឡើយ។

អ្នក​ឃ្លាំមើល​ខ្លះ​អះអាង​ថា គណបក្ស​មួយ​ចំនួន​ក្នុង​ចំណោម​គណបក្ស​ទាំង​នេះ​មាន​ការ​ឧបត្ថម្ភ​ពី​បក្ស​កាន់​អំណាច​ដើម្បី​បំបែក​សំឡេង​បក្ស​សង្គ្រោះ​ជាតិ។

លោក ហ្វីល រ៉ូប៊ឺសុន ថ្លែង​ថា គណបក្ស​នយោបាយ​ទាំង​ឡាយ​ត្រូវ​មាន​សិទ្ធិ និង​ឱកាស​ស្មើៗ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​នយោបាយ​របស់​ខ្លួន​ដោយ​សេរី​យុត្តិធម៌ និង​ស្មើភាព​គ្នា​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច៖ «ប្រសិនបើ​គណបក្ស​កាន់​អំណាច​ព្យាយាម​បិទ​គណបក្ស​ដែល​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ហើយ​បាន​ទទួល​សំឡេង​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មែន​នោះ ការ​បោះឆ្នោត​ខាង​មុខ​នឹង​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​ទាំង​អស់។ អ្វី​ដែល​យើង​ឃើញ​នៅ​ពេល​នេះ គឺ​បក្ស​កាន់​អំណាច​កំពុង​ព្យាយាម​យាយី និង​បង្ក​ការ​រំខាន​ជា​ខ្លាំង​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ តាម​គ្រប់​រូបភាព​ដែល​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​ជាង​គណបក្ស​ដទៃ​ទាំង​អស់ ទាំង​ការ​ចុះ​បញ្ជី និង​ទាំង​ប្រតិបត្តិការ​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា។ បញ្ហា​ទាំង​នេះ គឺ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សំឡេង​ឆ្នោត​គាំទ្រ​យ៉ាង​សម្បើម ហើយ​ដែល​ជា​ការ​គំរាមកំហែង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា»

ចំណែក​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា ក្នុង​រយៈពេល ២​ឆ្នាំ​មក​នេះ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ពុះ​កញ្ជ្រោល​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ទន់ខ្សោយ​តាម​រយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គណបក្ស៖ «ទី​មួយ​គឺ​ការ​វាយ​ប្រហារ​ទៅ​លើ​មេដឹកនាំ។ ដំបូងដៃ​គឺ​លោក សម រង្ស៊ី ហើយ​បន្ទាប់​មក​គឺ​លោក កឹម សុខា ហើយ​បន្តបន្ទាប់​មក​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​បក្ស​ហ្នឹង​ទៀត»

ឡៅ ម៉ុងហៃ ២០១៧ ៨៥៥
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា កត្តា​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្យាយាម​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ទន់​ខ្សោយ​រួម​មាន ការ​លុបបំបាត់​សំឡេង​ភាគ​ច្រើន និង​ភាគ​តិច​ក្នុង​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ក្នុង​ន័យ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ការ​កែ​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​នេះ​មិន​តម្រូវ​ឲ្យ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​មិន​អាច​ធ្វើ​ជា​​ប្រធាន ឬ​អនុ​ប្រធាន​បក្ស។

​រហូត​មក​ទល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ប្រឆាំង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ  ជិត ១០​ករណី​ហើយ​ដែល​ប្ដឹង​ដោយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​បណ្ដឹង​ទាំង​នោះ​រួម​មាន បណ្ដឹង​បរិហារកេរ្តិ៍​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ បណ្ដឹង​បរិហារកេរ្តិ៍​លោក ហេង សំរិន ករណី​ចោទ​លោក ហេង សំរិន ថា ជា​អ្នក​កាត់​ទោស​សម្ដេច សីហនុ ថា​ក្បត់​ជាតិ​កាល​ពី​ជំនាន់​លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ។ បណ្ដឹង​បរិហារកេរ្តិ៍​លោក ហ៊ុន សែន ថា​បាន​ទិញ​ចំនួន ឡៃក៍ (Like) ហ្វេសប៊ុក​ពី​បរទេស។ បណ្ដឹង​បរិហារកេរ្តិ៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី និង​បណ្ដឹង​ជា​ច្រើន​ទៀត។

ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​នេះ​រួម​ទាំង​ការ​បង្ក​ភាព​ចម្រូងចម្រាស​របស់​ក្រសួង​មហាផ្ទៃ ទៅ​ដល់​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថែម​ទៀត។

លើស​ពី​នេះ​ទៅ​ទៀត ការ​បញ្ចេញ​ខ្សែអាត់​សន្ទនា​រឿង​អាស្រូវ​ស្នេហា និង​ការ​សន្ទនា​អំពី​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ​នៅ​តាម​ទំព័រ​ហ្វេសប៊ុក ដែល​គេ​មិន​ស្គាល់​ប្រភព​ច្បាស់លាស់​ថែម​ទៀត ដើម្បី​បំផ្លាញ​ដល់​កិត្តិយស​របស់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ទាំង​ឡាយ​ផង និង​ដើម្បី​បំបែក​បំបាក់​សាមគ្គីភាព​របស់​គណបក្ស​មួយ​នេះ​ឲ្យ​បែក​ជា​ចម្រៀកៗ​ផង។

​សូម្បី​លោក ហ៊ុន សែន ផ្ទាល់ កាល​ពី​ដើម​ខែ​មីនា ក៏​ធ្លាប់​គំរាម​ជា​សាធារណៈ​ថា លោក​នឹង​បញ្ចេញ​ខ្សែអាត់​សំឡេង​រវាង​លោក និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់ ប្រសិនបើ​លោក កឹម សុខា មិន​ទទួល​ស្គាល់​សំឡេង​ទាំង​នោះ៖ «អ្នក​ឯង​ចង់​សាក! បើ​ចង់​សាក​ខ្ញុំ​ទម្លាយ​ចេញ​មក​ទាំង​អស់ ទាំង​ពី​ក្នុង WhatsApp SMS។ តិច​អ្នក​ឯង​ថា ខ្ញុំ​ជា​មនុស្ស​មិន​បាន​ការ។ គ្រាន់​តែ​អ្វី ឯកសារ​ស្តុក​ទុក​ដែល​អ្នក​ឯង SMS មក​ខ្ញុំ។ អ្នក​ឯង WhatsApp មក​ខ្ញុំ អ្នក​ឯង Telegram មក​ខ្ញុំ អ្នក​ឯង Line មក​ខ្ញុំ អ្នក​ឯង​ចង់​ឲ្យ​ខ្ញុំ​បញ្ចេញ? ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អ្នក​ឯង​មើល​ទាំង​អស់ ហើយ​វា​យ៉ាង​ម៉េច?»

មាស នី ៨៥៥
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA Photo: RFA

​អ្នក​វិភាគ​មួយ​ចំនួន​អះអាង​ថា ការ​ព្យាយាម​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ទាំង​នេះ​គឺ​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បំបាក់​ទឹក​ចិត្ត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ថ្នាក់​មូលដ្ឋាន និង​ធ្វើ​ឲ្យ​មន្ត្រី​បក្ស​ជា​ច្រើន​អស់​សង្ឃឹម​ក្នុង​ការ​ដឹក​នាំ​របស់​ក្បាល​ម៉ាស៊ីន​បក្ស។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​សង្គម លោក​បណ្ឌិត មាស នី បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៣១ ខែ​មីនា ថា ដំណើរការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​ធ្វើ​ឡើង​មិន​ស្មើ​ភាព​គ្នា​ដូច​ការ​ប្រកួត​កីឡា​ប្រដាល់​នោះ​ឡើយ៖ «ទិដ្ឋភាព​នយោបាយ​នេះ ប្រសិនបើ​ការ​ប្រកួត​នេះ​វា​ប្រកប​ដោយ​យុត្តិធម៌ គឺ​អ្នក​ឈរ​គេ​សប្បាយ​នឹង​មើល​ណាស់។ ប៉ុន្តែ​អ្វី​ដែល​គេ​ព្រួយ​បារម្ភ​ហ្នឹង ពីព្រោះ​ពេល​ខ្លះ​វា​ហាក់​ដូចជា​មាន​ការ​ខាំ​ស្លឹក​ត្រចៀក​រវាង​គូ​ភាគី​ទាំង​សង​ខាង​ហ្នឹង​ផង។ ប៉ុន្តែ​មក​ដល់​ឥឡូវ​នេះ យើង​ហាក់​ដូច​ជា​ឃើញ​សញ្ញា​ខ្លះ វា​ហាក់​ដូចជា... ពីព្រោះ​ធម្មតា​បើ​គូ​ប្រដាល់​ពេល​ណា​ដែល​គូ​ស្មើ គឺ​អាជ្ញា​កណ្ដាល​ពិបាក​ណាស់ ពីព្រោះ​ល្បិច​អ្នក​ទាំង​ពីរ​ប្រហែល​គ្នា អ៊ីចឹង​ពិបាក​នឹង​មើល​ថា អ្នក​ណា​ខុស ឬ​ត្រូវ? ប៉ុន្តែ​នៅ​នឹង​យើង​នេះ អ្វី​ដែល​មហាជន​មើល​ឃើញ​ហាក់​ដូច​ជា​អាជ្ញា​កណ្ដាល​ហ្នឹង​លោត​មក​ជួយ​វ៉ៃ ជួយ​ខាំ​ស្លឹក​ត្រចៀក​ទៅ​ទៀត»

​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន ចាត់​ទុក​ឈុត​នយោបាយ​នៅ​កម្ពុជា ថា​ជា​នយោបាយ​ដ៏​អាក្រក់ ជា​នយោបាយ​អយុត្តិធម៌ និង​ជា​នយោបាយ​អសីលធម៌ ដែល​ញាំញី​ទៅ​ដោយ​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ និង​អំពើ​ពុករលួយ​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា នៅ​កំពុង​ដើរ​ចេញ​ពី​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដែល​ខ្លួន​បាន​ឲ្យ​សច្ចាប័ន ដូចជា​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធ​នយោបាយ និង​គោលការណ៍​ប្រជាធិបតេយ្យ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles