គណបក្សសង្គ្រោះជាតិ នឹងកោះប្រជុំគណៈកម្មាធិការនាយករបស់គណបក្សនេះនៅថ្ងៃទី៤ ខែមេសា ដ៏ខ្លីខាងមុខនេះ ដើម្បីអនុវត្តនូវប្រការ៤៧ នៃលក្ខន្តិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើវិសោធនកម្មនៅថ្ងៃទី២ ខែមីនា កន្លងទៅ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់ប្រាប់អាស៊ីសេរី នៅរាត្រីថ្ងៃទី៣១ ខែមីនា ថា កិច្ចប្រជុំនេះនឹងរៀបចំឡើងឲ្យស្របទៅតាមអ្វីដែលក្រសួងមហាផ្ទៃ ចង់បាន ដោយសារក្រសួងមហាផ្ទៃ បានយល់ព្រមទទួលតម្កល់លក្ខន្តិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិ ហើយនៅពេលនេះ៖ «អ្វីដែលជាចំណុចសំខាន់ គឺក្រសួងមហាផ្ទៃ បានទទួលស្គាល់សាមាជវិសាមញ្ញរបស់គណបក្ស ហើយនិងទទួលយកនូវការធ្វើវិសោធនកម្មមាត្រា៤៥ និង ៤៧ របស់គណបក្ស។ អ៊ីចឹងប៉ុណ្ណឹង គឺយើងគ្រប់គ្រាន់ហើយ!»។
ប្រការ៤៥ និង៤៧ របស់លក្ខន្តិកៈគណបក្សសង្គ្រោះជាតិ ចែងអំពីការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរបស់បក្ស ពោលគឺការជ្រើសតាំងប្រធាន និងអនុប្រធាន។ លោក អេង ឆៃអ៊ាង នៅតែអះអាងថា ការធ្វើសមាជវិសមញ្ញជ្រើសរើសក្បាលម៉ាស៊ីនបក្ស កាលពីដើមខែមីនា នោះ គឺមិនខុសឆ្គងអ្វីនោះទេ គ្រាន់តែថា ក្រសួងមហាផ្ទៃ ជាអាណាព្យាបាល។ បើអាណាព្យាបាលស្នើឲ្យមានការកែតម្រូវគណបក្សសង្គ្រោះជាតិ នឹងសម្របតាមក្រសួង។ អាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីក្រសួងមហាផ្ទៃ បាននៅឡើយទេនៅពេលនេះ៕