Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាលា​ឧទ្ធរណ៍​បដិសេធ​សំណើ​របស់​លោក គឹម សុខ ដែល​ចង់​ជជែក​ទល់​មុខ​លោក ហ៊ុន សែន

$
0
0

សភា​ស៊ើបអង្កេត​របស់​សាលា​ឧទ្ធរណ៍​ទាត់​ចោល​សំណើ​របស់​លោក គឹម សុខ ដែល​ចង់​ជជែក​ទល់​មុខ​លោក ហ៊ុន សែន ក្នុង​នាម​ជា​អ្នក​ប្ដឹង​លោក​មក​តុលាការ រហូត​ដល់​មាន​ការ​ឃុំ​ខ្លួន​ដូច​សព្វថ្ងៃ​នេះ។ ការ​សម្រេច​បែប​នេះ ធ្វើ​ឡើង​ក្នុង​បន្ទប់​សវនាការ​ជំនុំជម្រះ​អសាធារណៈ​មួយ​នៅ​សាលាឧទ្ធរណ៍ ថ្ងៃ​ទី​៣១ ខែ​មីនា។

សភា​ស៊ើបសួរ​របស់​សាលាឧទ្ធណ៍​នៅ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ​ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​ជជែក​ត​ទល់​ជាមួយ​លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​នៅ​តុលាការ។

មេធាវី​ការពារ​ឲ្យ​លោក គឹម សុខ ថា កូន​ក្ដី​របស់​លោក​មិន​សុខ​ចិត្ត​ទទួល​ការ​សម្រេច​របស់​ឧទ្ធរណ៍​នៅ​ពេល​នេះ​បាន​ទេ ដូច្នេះ​លោក​ត្រូវ​ដាក់​ពាក្យ​សាទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​សប្តាហ៍​ក្រោយ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ លោក​មេធាវី ជូង ជូងី ឲ្យ​ដឹង​ថា នៅ​ពេល​ជំនុំជម្រះ​កូន​ក្តី​របស់​លោក គឺ​លោក គឹម សុខ និយាយ​ថា ដរាប​ណា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មក​ត​ទល់​ក្តី​ជាមួយ​លោក​នៅ​តុលាការ ការ​ចោទ​ប្រកាន់​មក​លើ​លោក​ទាំង​ប៉ុន្មាន​របស់​តុលាការ មិន​អាច​ធ្វើ​ឲ្យ​លោក​ទទួល​យក​បាន​ឡើយ។

លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ជំនុំជម្រះ​កូនក្តី​របស់​លោក​ព្យាយាម​សុំ​និយាយ​ច្រើន​ចំណុច ប៉ុន្តែ​ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​លោក គឹម សុខ បាន​និយាយ​ច្រើន​ទេ៖ «ដើម្បី​មាន​យុត្តិធម៌​ទាល់តែ​អ្នក​ប្ដឹង​គាត់​ហ្នឹង​មក​ជជែក​ច្បាស់លាស់​ជាមួយ​គាត់​នៅ​តុលាការ ទើប​អាច​រក​ការ​ពិត​ឃើញ សំអាង​របស់​លោក គឹម សុខ ថា មេធាវី​អត់​ដឹង​រឿង​ស៊ី​ជម្រៅ​រឿង​របស់​សម្ដេច ហ៊ុន សែន ទេ លុះត្រា​សម្ដេច ហ៊ុន សែន មក​ជជែក​តទល់​ទើប​អាច​រក​ឃើញ​ភាព​យុត្តិធម៌​យ៉ាង​ណា​នោះ»

​សវនាការ​ជំនុំជម្រះ​អសាធារណៈ​នៅ​សាលាឧទ្ធរណ៍ ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្មាំ​គុក​បាន​បញ្ជូន​លោក គឹម សុខ មក​តុលាការ​ដែរ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ចូល​ក្នុង​បរិវេណ​សាលាឧទ្ធរណ៍​ឡើយ ដោយ​កងកម្លាំង​ជា​ច្រើន​យាមកាម​ទាំង​ទ្វារ​មុខ និង​ទ្វារ​ក្រោយ។ នេះ​ជា​សវនាការ​លើ​សំណុំ​រឿង​ដែល​លោក គឹម សុខ ជា​ចុង​ចម្លើយ បាន​ដាក់​ពាក្យ​ប្តឹង​សុំ "បំពេញ​កិច្ច" ទៅ​តុលាការ​សុំ​ជួប​ត​ទល់​ជាមួយ​លោក​ជា​ដើម​បណ្ដឹង​លោក ហ៊ុន សែន។

​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន សែន គឺ​លោក គី តិច ដែល​បាន​ចូលរួម​តតាំង​ក្តី​ជំនួស​លោក ហ៊ុន សែន យល់​ថា សភា​ស៊ើប​អង្កេត​របស់​សាលាឧទ្ធរណ៍​សម្រេច​ដូច​នេះ​គឺ​ត្រឹមត្រូវ។ លោក​មេធាវី​មាន​ហេតុផល​បី​យ៉ាង​ដែល​លោក​យល់​ថា យុត្តិធម៌​គឺ​ពាក្យ​ស្នើ​របស់​លោក​មេធាវី ជូង ជូងី មិន​បាន​បញ្ជាក់​មូលហេតុ ឬ​សំអាង​ហេតុ​ឲ្យ​បាន​ច្បាស់លាស់​ដោយ​មិន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ដើម​បណ្ដឹង​ជា​អ្នក​ណា? ទី​២ គឺ​លោក គឹម សុខ បាន​សារភាព​ថា សំឡេង​របស់​គាត់​នៅ​វិទ្យុ​អាស៊ីសេរី ដែល​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​សំអាង​ហេតុ​ចុង​ក្រោយ ចៅក្រម​យល់​ថា មេធាវី​របស់​លោក ហ៊ុន សែន មាន​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ការងារ​ជំនួស​លោក​ដើម​បណ្ដឹង​គឺ​លោក ហ៊ុន សែន នៅ​តុលាការ៖ «គាត់​ប្រើ​ពាក្យ​សុំ​ចៅក្រម​ហៅ​សួរ​តទល់​ដើម​បណ្ដឹង​នឹង​ជន​ត្រូវ​ចោទ ខ្ញុំ​មិន​ដឹង​ថា គាត់​សំដៅ​ទៅ​អ្នក​ណា​ទេ? ប៉ុន្តែ​ដើម​បណ្ដឹង​ហ្នឹង គឺ​ខ្ញុំ​ក៏​អាច​ធ្វើ​ដើមបណ្តឹង​តទល់​ជាមួយ​បាន​ដែរ ព្រោះ​ខ្ញុំ​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី»

​លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម  និង​នយោបាយ ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ថា បាន​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី កាល​ពី​ខែ​កុម្ភៈ។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ សំណុំ​រឿង​នេះ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​អាមេរិក។

កាល​ពី​ដើម​ខែ​មីនា ឆ្មាំ​គុក​បាន​បញ្ជូន​ខ្លួន​លោក គឹម សុខ មក​តុលាការ ដោយ​លោក​ស្រែក​ខ្លាំងៗ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា មាន​គេ​ឲ្យ​លោក​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ដើម្បី​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ។ ជាង​ទៅ​ទៀត លោក​ស្នើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ឈប់​បញ្ជូន​មនុស្ស​ទៅ​បញ្ចុះបញ្ចូល​លោក​នៅ​ក្នុង​ពន្ធនាគារ និង​គំរាម​ដាក់​លោក​ក្នុង​គុក​ងងឹត​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles