រដ្ឋាភិបាលស្វីស (Switzerland) ប្ដេជ្ញាសហការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់មន្ទីរពេទ្យនេះឲ្យមានថវិកាយូរអង្វែង ទោះស្ថាបនិកមន្ទីរពេទ្យគឺលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) កំពុងឈឺធ្ងន់យ៉ាងណាក្ដី។
ការប្រកាសគាំទ្ររបស់រដ្ឋាភិបាលស្វីសឡើងវិញនៅពេលនេះ បន្ទាប់ពីមានដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររបស់វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ។ តាំងពីឆ្នាំ១៩៩៤ រដ្ឋាភិបាលស្វីសបានគាំទ្រថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា សរុបប្រមាណជាង៥០លានដុល្លារអាមេរិក។
កាលពីថ្ងៃទី២៨ មីនា ក្រុមប្រឹក្សាអភិបាលរបស់មូលនិធិគន្ធបុប្ផានៅទីក្រុងហ្សូរិក (Zurich) ប្រទេសស្វីស ឲ្យដឹងថា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានធ្លាក់ខ្លួនឈឺធ្ងន់ និងប្រកាសលាលែងពីតំណែងប្រធានគ្រប់គ្រងមន្ទីរពេទ្យនេះ ហើយតែងតាំងអនុប្រធានក្រុមប្រឹក្សាអភិបាលរបស់មូលនិធិគន្ធបុប្ផា គឺលោកវេជ្ជបណ្ឌិត ភីធីរ ស្ទូដឺរ (Peter Studer) មកគ្រប់គ្រងជំនួសជាបណ្ដោះអាសន្ន ដើម្បីឲ្យមន្ទីរពេទ្យនេះដំណើរការដោយឯករាជ្យ ផ្ដល់សេវាថែទាំសុខភាពកុមារ និងមាតាដោយឥតគិតប្រាក់ និងធានានូវគុណភាពខ្ពស់។
ក្នុងរយៈពេលប្រមាណ២៥ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ជាង ៥៥០លានដុល្លារអាមេរិក សម្រាប់ព្យាបាលកុមារក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ ថវិកាទាំងនោះបានមកពីរដ្ឋាភិបាលស្វីស រដ្ឋាភិបាលកម្ពុជា និងពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស៕