នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ មានទណ្ឌិត៤នាក់ ដែលនឹងត្រូវក្រសួងយុត្តិធម៌ស្នើទៅប្រមុខរដ្ឋាភិបាលពិនិត្យសម្រេច ដើម្បីស្នើព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ខណៈជាង៧០នាក់នឹងត្រូវស្នើបន្ធូរបន្ថយទោស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី៣១ មីនា ថា ទណ្ឌិតជាង៧០នាក់ ដែលត្រូវស្នើលើកលែង និងបន្ធូរបន្ថយទោសនៅពេលនេះ ត្រូវបានគណៈកម្មការជាតិសម្រេចជ្រើសរើសចេញពីទណ្ឌិតជិត៤០០នាក់ ដែលខាងពន្ធនាគារស្នើសុំមក។
យ៉ាងណាក៏ដោយ លោក គឹម សន្តិភាព ឲ្យដឹងថា ការស្នើលើកលែងទោសនេះ ពុំកំណត់ថាអ្នកនោះជាមន្ត្រីសង្គមស៊ីវិល ឬមន្ត្រីគណបក្សនយោបាយនោះទេ។ លោកបញ្ជាក់ថា សំខាន់អ្នកទោសទាំងនោះ មានសាលក្រមស្ថាពរ និងវាយតម្លៃថាបានអប់រំកែប្រែ ហើយបានអនុវត្តទោសក្នុងពន្ធនាគារចំនួនពីរភាគបីនៃទោស៖ «ខ្ញុំមិនបានដឹងសាវតាជាតិរបស់ទណ្ឌិតទាំងនោះទេ! ព្រោះគណៈកម្មការពិនិត្យលើប្រភេទនៃបទល្មើស ហើយខ្ញុំមិនបានមើលថាតើក្នុងនោះមានសង្គមស៊ីវិល ឬគ្មានទេ។ យើងយកទណ្ឌិតមកទាំងអស់ហ្នឹង ជានិន្នាការគណបក្សនយោបាយៗណា ព្រោះគ្មានការកំណត់ក្នុងសាលក្រមនិងសាលដីកាទេ»។
ក្នុងមួយឆ្នាំ ព្រះមហាក្សត្រព្រះរាជប្រទានលើកលែងទោសទណ្ឌិតចំនួន៣លើក គឺក្នុងពិធីបុណ្យចូលឆ្នាំ បុណ្យវិសាខបូជា និងព្រះរាជពិធីបុណ្យអុំទូក។ ការស្នើសុំលើកលែងទោសត្រូវបានរឹតបន្តឹង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ការដោះលែងទណ្ឌិតថា ភាគច្រើននៃជនល្មើសដែលសមត្ថកិច្ចចាប់ខ្លួនបាន ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារតាមរយៈការលើកលែងទោស។
បច្ចុប្បន្នអ្នកកំពុងជាប់ឃុំឃាំងនៅពន្ធនាគារទូទាំងប្រទេសមានចំនួនជាង ២ម៉ឺន ៤ពាន់នាក់ នៅក្នុងពន្ធនាគាររាជធានីខេត្ត១៧ និងមណ្ឌលអប់រំកែប្រែចំនួន៤៕