គណបក្សប្រឆាំងបានផ្ញើលិខិតជាផ្លូវការអំពីលក្ខន្តិកៈផ្ទៃក្នុងឲ្យក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ ស្របពេលមានភាពចម្រូងចម្រាសរឿងការដឹកនាំក្បាលម៉ាស៊ីន ក្រោយសមាជវិសាមញ្ញកាលពីដើមខែមីនា កន្លងទៅនេះ។
លិខិតជូនដំណឹងចុះថ្ងៃទី៣០ ខែមីនា របស់គណបក្សសង្គ្រោះជាតិ បានសរសេរថា គណបក្សប្រឆាំងថ្លែងអំណរគុណចំពោះលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបើកផ្លូវឲ្យតំណាងគណបក្សប្រឆាំង និងក្រសួងមហាផ្ទៃ បានជួបពិគ្រោះយោបល់កាលពីរសៀលថ្ងៃទី២៩ ខែមីនា។
លិខិតបញ្ជាក់ថា ដើម្បីឲ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង គណបក្សប្រឆាំងបានផ្ញើលក្ខន្តិកៈរបស់គណបក្សខ្លួន ដែលបានធ្វើវិសោធនកម្មតាមរយៈសមាជវិសាមញ្ញ ត្រង់ប្រការ៤៥ និងប្រការ៤៧ កាលពីថ្ងៃទី២ ខែមីនា នោះទៅក្រសួងមហាផ្ទៃ។ ចំពោះករណីដែលមិនទាន់ស្របគ្នា គណបក្សប្រឆាំងនឹងរៀបចំកែសម្រួល ក្រោយពេលលក្ខន្តិកៈគណបក្ស ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ រួច។
ទាក់ទិនរឿងនេះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំង បញ្ជាក់ថា លិខិតចុះថ្ងៃទី៣០ ខែមីនា នោះគឺជាលិខិតផ្លូវការរបស់គណបក្សដែលបានដាក់ជូនក្រសួងមហាផ្ទៃ ពិតប្រាកដមែនហើយ៖ «»។
រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៅពុំទាន់បានបញ្ជាក់ជំហរបែបណានៅឡើយទេ ចំពោះការបន្ទន់ឥរិយាបថមួយជំហានទៀត របស់គណបក្សប្រឆាំងនៅពេលនេះ៕