Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ស្ថាប័នដែល​​ស្ទង់​មតិ​លទ្ធផល​បោះ​ឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត

$
0
0

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រកាស​ថា គ.ជ.ប នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ស្ថាប័ន​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ការ​ស្ទង​មតិ​ពលរដ្ឋ​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត រួច​ផ្សព្វផ្សាយ​លទ្ធផល​នោះ​មុន​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មិន​ទាន់​មក​ដល់។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​បោះឆ្នោត​យល់​ឃើញ​ថា ការ​ស្ទង់​មតិ​គណបក្ស​មុន​ការ​បោះឆ្នោត អាច​ធ្វើ​ឲ្យ​បក្ស​នយោបាយ​ខិតខំ​កែប្រែ​គោលនយោបាយ​ឲ្យ​ល្អ ដើម្បី​ប្រកួតប្រជែង​ទៅ​វិញ។

លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប នឹង​ពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន រួច​ចេញ​សេចក្ដី​ប្រកាស​ផ្លូវការ​យ៉ាងហោចណាស់ ១​ខែ មុន​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​នានា ផ្សព្វផ្សាយ​ពី​ការ​ស្ទង់​មតិ​លទ្ធផល​បោះ​ឆ្នោត។

ការ​ប្រកាស​របស់​លោក ហង្ស ពុទ្ធា ដូច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការ​ត្រៀម​លក្ខណៈ​របស់​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា មាន​តែ គ.ជ.ប មួយ​គត់​ដែល​ជា​អ្នកមាន​តួនាទី​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត ហើយ​ការ​ស្ទង់​មតិ​ផ្សព្វផ្សាយ​ជា​មុន​ថា បក្ស​នេះ​ឈ្នះ ឬ​បក្ស​នេះ​ចាញ់​មុន​ការ​បោះឆ្នោត អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ និង​បង្ក​ចលាចល​ក្នុង​សង្គម។

​លោក ហង្ស ពុទ្ធា បញ្ជាក់​ថា នៅ​ពេល គ.ជ.ប ចេញ​សេចក្ដី​ប្រកាស​ហាមឃាត់​ហើយ តែ​បើ​នៅ​តែ​មាន​ស្ថាប័ន​ណា​មួយ​ផ្សព្វផ្សាយ​លទ្ធផល​ស្ទង់​មតិ​ទៀត គ.ជ.ប នឹង​ចាត់​វិធាន​ផ្លូវ​ច្បាប់​ចំពោះ​ស្ថាប័ន​នោះ៖ «ការ​ស្ទង់​មតិ​កន្លង​មក​ធ្វើ​ឲ្យ​បរិយាកាស​សង្គម​មាន​ភាព​មិន​ប្រក្រតី អ៊ីចឹង គ.ជ.ប យក​ចិត្ត​ទុក​ដាក់​ណាស់​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដើម្បី​ធានា​ថា អ្វីៗ​ស្ថិត​នៅ​ដដែល ជា​ប្រក្រតី​សម្រាប់​ជីវភាព និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ។ យើង​កំពុង​តែ​មាន​ការ​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​ព័ត៌មាន ពេល​ខ្លះ​ច្បាប់​គ្រាន់​តែ​ជា​ទិដ្ឋភាព​គោល ប៉ុន្តែ​នៅ​លើ​បទបញ្ជា និង​នីតិវិធី​យើង​ចែង​លំអិត​បន្ថែម ឬ​ក៏​មាន​សេចក្ដី​ប្រកាស​បន្ថែម ដើម្បី​ធានា​ថា ទោះ​ជា​មាន​ការ​បោះឆ្នោត​ក៏​កម្ពុជា នៅ​តែ​មាន​ស្ថិរភាព»

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ ទាក់ទង​នឹង​ការ​ស្ទង់​មតិ​ដែល​បាន​សម្ភាស​បុគ្គល​ម្នាក់ ដែល​បុគ្គល​នោះ​អះអាង​ថា មាន​អង្គការ​មួយ​ស្ទង់​មតិ​ឃើញ​ថា ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ គណបក្ស​ប្រឆាំង​នឹង​ឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦០%។ ប៉ុន្តែ​ការ​ស្ទង់​មតិ​បែប​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា ជា​ឧបាយកល​ធ្វើ​ឡើង​គ្រាន់តែ​ចង់​បំភាន់​មតិ​សាធារណៈ និង​បង្អាប់​គណបក្ស​កាន់​អំណាច។

ចំណែក​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ពៅ ពិសិដ្ឋ ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែរ​នោះ បញ្ជាក់​បន្ថែម​ថា ក្រសួង​ព័ត៌មាន​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ការ​ស្ទង់​មតិ​លទ្ធផល​បោះឆ្នោត​មុន ការ​បោះឆ្នោត​ឡើយ។ ដូចគ្នា​ទៅ​នឹង​មន្ត្រី គ.ជ.ប មន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​បាន​លើក​យក​បញ្ហា​អសន្តិសុខ​សង្គម​មក​ធ្វើ​ជា​អំណះអំណាង​សម្រាប់​ការ​ហាមឃាត់​នេះ៖ «តាម​គណបក្ស​នីមួយៗ​ដូច​ឯកឧត្ដម ហង្ស ពុទ្ធា បាន​លើក​ឡើង អាណត្តិ​នេះ គឺ​យើង​មាន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​នៅ​គ្រប់​ការិយាល័យ​ហើយ អ៊ីចឹង​យើង​ដឹង​ហើយ​ថា អ្នក​ណា​ដឹង​ឈ្នះ អ្នក​ណា​ដឹង​ចាញ់ អ្នក​ណា​តម្លាភាព​ម៉េច​នោះ គឺ​យើង​មាន​តំណាង​របស់​ខ្លួន​តាម​ការិយាល័យ​បោះឆ្នោត​ហើយ អ៊ីចឹង​ហើយ​ក្រសួង​ព័ត៌មាន កន្លង​មក​គឺ​យើង​បាន​ចេញ​លិខិត​តាំង​ពី​ឆ្នាំ​២០១៣ ជៀសវាង​ភាព​ចលាចល​វឹកវរ»

កន្លង​ទៅ គេ​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ការ​ស្ទង់​មតិ​មុន​ការ​បោះឆ្នោត​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ថា បក្ស​មួយ​ឈ្នះ ហើយ​បក្ស​ផ្សេង​ទៀត​ចាញ់​ជាដើម។ ការ​ស្ទង់​មតិ​ខ្លះ​ក៏​ខុស ការ​ស្ទង់​មតិ​ខ្លះ​ក៏​ត្រូវ​តាម​លទ្ធផល​បោះឆ្នោត​ជាក់ស្ដែង។ ទោះ​ជា​យ៉ាង​ណា លោក ពៅ ពិសិដ្ឋ ថា​បរិបទ​របស់​កម្ពុជា ខុស​ពី​ប្រទេស​ផ្សេង​ទៀត ដែល​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន ត្រូវ​ហាមឃាត់​ចំពោះ​ការ​ស្ទង់​មតិ​បែប​នេះ។

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​មន្ត្រី គ.ជ.ប និង​មន្ត្រី​ក្រសួង​ព័ត៌មាន​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរ​មាន​ចំណេះដឹង​ច្រើន​ជាង​មុន​អំពី​ការ​បោះឆ្នោត។

លោក​មិន​យល់​ឃើញ​ថា ការ​ស្ទង់​មតិ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័ន្តច្រឡំ​រហូត​ដល់​បង្កើត​ចលាចល​ក្នុង​សង្គម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​ថា ការ​ស្ទង់​មតិ​មុន​ពេល​បោះឆ្នោត​អាច​ធ្វើ​ឲ្យ​គណបក្ស​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ទៅ​វិញ​ទេ។ នៅ​ពេល​ការ​ស្ទង់​មតិ​បង្ហាញ​ថា សំឡេង​គាំទ្រ​បក្ស​ណា​មួយ​ធ្លាក់​ចុះ បក្ស​នោះ​អាច​កែប្រែ​គោលនយោបាយ​ឲ្យ​ប្រសើរ​ឡើង​វិញ សម្រាប់​ការ​ប្រកួតប្រជែង​នៅ​ថ្ងៃ​បោះឆ្នោត​ក៏​ថា​បាន។

​លោក សំ គន្ធាមី៖ «វា​ជួយ​ធ្វើ​ឲ្យ​គណបក្ស​មាន​ការ​ប្រឹងប្រែង​គណបក្ស​ណា​ដែល​មាន​សំឡេង​គាំទ្រ​តិច អាច​រៀបចំ​កែប្រែ​រៀបចំ​គោលនយោបាយ​របស់​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​ទៀត​ទៅ ហើយ​ទាញ​យក​សន្លឹក​ឆ្នោត​មក​វិញ​មក វា​ជួយ​ដល់​គណបក្ស​នយោបាយ​វិញ​ទេ»

​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ គណបក្ស​នយោបាយ​ចំនួន​១២ នឹង​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ដណ្ដើម​យក​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ចំនួន ១.៦៤៦​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles