ក្រសួងមហាផ្ទៃ បានតម្រូវឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កែប្រែលក្ខន្តិកៈ និងរចនាសម្ព័ន្ធឡើងវិញ ក្រោយពីសមាជបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីជំនួសលោក រ៉ុង ឈុន។ ក្រសួងមហាផ្ទៃ យល់ឃើញថា សមាជរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលរៀបចំកាលពីឆ្នាំ២០១៦ ធ្វើឡើងផ្ទុយទៅនឹងលក្ខន្តិកៈរបស់សមាគម និងច្បាប់ស្ដីពីអង្គការ-សមាគម មិនមែនរដ្ឋាភិបាល។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អះអាងថា សមាគមរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំសមាគម គឺធ្វើឡើងស្របតាមច្បាប់ត្រឹមត្រូវហើយ។
ប្រធានសមាគមដែលឡើងជំនួសលោក រ៉ុង ឈុន បញ្ជាក់ជំហរថា មិនទាន់មានប្រតិកម្មបែបណានៅឡើយទេ ក្រោយទទួលបានលិខិតទាមទារឲ្យកែតម្រូវរបស់ក្រសួងមហាផ្ទៃ ដែលយល់ឃើញថា សមាគមដឹកនាំសមាជកាលពីជាង ១ឆ្នាំមុននោះ ប្រព្រឹត្តទៅផ្ទុយពីច្បាប់ និងលក្ខន្តិកៈរបស់សមាគម។
អ្នកស្រី អ៊ុក ឆាយដាវី បញ្ជាក់ជំហរនៅថ្ងៃទី១ ខែមេសា ថា សមាជរបស់សមាគមដែលរៀបចំជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី ជំនួសប្រធានចាស់ ដែលលាឈប់គឺបានអនុវត្តយ៉ាងត្រឹមត្រូវ តាមលក្ខន្តិកៈរបស់ខ្លួនរួចហើយ។ អ្នកស្រីបន្តថា ការផ្លាស់ប្ដូរ ឬកែតម្រូវទៅតាមការទាមទាររបស់ក្រសួងមហាផ្ទៃ នោះ គឺនៅមិនទាន់ពិចារណានៅឡើយទេ ពោលត្រូវពិនិត្យឲ្យបានល្អិតល្អន់ជាមុនសិនពីចំណុចដែលថាខុសឆ្គង ថាតើការយល់ឃើញថាខុសច្បាប់របស់ក្រសួងមហាផ្ទៃនោះ មានមូលហេតុអ្វីឲ្យប្រាកដ៖ «ធម្មតាយើងធ្វើអ្វី យើងធ្វើគោរពទៅតាមលក្ខន្តិកៈរបស់សមាគម ក៏ដូចជាលក្ខន្តិកៈរបស់ក្រសួងពីមុនមកដែរ។ គាត់ចង្អុលបង្ហាញឲ្យយើងចេញលិខិតម្ដងហើយម្ដងទៀតឲ្យយើងបោះឆ្នោត។ ប៉ុន្តែឥឡូវនេះ យើងបោះឆ្នោត ហើយហេតុអីជាក្រសួងគិតថា ការដែលបោះឆ្នោតនេះខុសនៅមាត្រាទីប៉ុណ្ណេះៗ។ អ៊ីចឹងចំពោះខ្ញុំ ខ្ញុំមិនយល់ថា ក្រសួងមហាផ្ទៃ គាត់គិតពីអ្វីចំពោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះ»។
មាត្រា១២ នៃលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចែងថា សមាជិកទាំងអស់ត្រូវបានធានាថា មានឋានៈស្មើគ្នា និងគោរពការបង្រួបបង្រួមជាតិ ដើម្បីគាំទ្រចលនាសហជីពក្នុងការស្វែងរកសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ។ ដោយឡែកមាត្រា៧ នៃច្បាប់ស្ដីពីអង្គការ-សមាគម មិនមែនរដ្ឋាភិបាលវិញ ដែលក្រសួងមហាផ្ទៃ យល់ឃើញថា សមាគមនេះអនុវត្តរំលោភលើខ្លឹមសារដែរនោះ កំណត់ថា លក្ខន្តិកៈរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវមានខ្លឹមសារស្របតាមរដ្ឋធម្មនុញ្ញ។
ការប្រើប្រាស់វិធានការផ្លូវច្បាប់នេះ គឺជាលើកទី២ហើយ ក្រោយពីក្រសួងមហាផ្ទៃ ក៏កំពុងពិនិត្យតាមនីតិវិធី ប្រឆាំងសមាជវិសាមញ្ញដែលជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សប្រឆាំងដែរ។ទាក់ទិនការប្រើវិធានតាមផ្លូវច្បាប់ ក្រោមហេតុផលដើម្បីពិនិត្យភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់របស់អង្គការ-សមាគម និងគណបក្សនយោបាយនេះ ត្រូវរងការរិះគន់ថា នេះជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ស្ថាប័ននីមួយៗ របស់ក្រសួងមហាផ្ទៃ។
បើទោះជាបែបណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃទី៣០ ខែមីនា ថា ការអនុវត្តច្បាប់នេះ គឺធ្វើឡើងស្មើៗគ្នា មិនរើសអើងពីនិន្នាការនយោបាយអ្វីឡើយ៖ «»។
ទាក់ទិនភាពចម្រូងចម្រាសនេះ កាលពីថ្ងៃទី៣ ខែមីនា លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយច្បាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លិខិតបានសរសេរថា ការធ្វើសមាជលើកទី៦ របស់សមាគម កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គឺបានរំលោភលក្ខន្តិកៈរបស់សមាគមត្រង់មាត្រា១២ និងអនុវត្តផ្ទុយពីច្បាប់ស្ដីពីអង្គការ-សមាគមត្រង់មាត្រា៧ ថែមទៀតផង។
សមាជដែលរៀបចំឡើងដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រធានថ្មីនេះ ត្រូវបានក្រសួងមហាផ្ទៃ ចាត់ទុកថា មិនត្រឹមត្រូវ ហើយស្នើឲ្យសមាគមអនុវត្តទៅតាមលក្ខន្តិកៈរបស់សមាគមរបស់ខ្លួន និងពិនិត្យកែសម្រួលលក្ខន្តិកៈរបស់សមាគមឡើងវិញ។
ផ្ទុយពីនេះ ប្រធានសមាគមថ្មី គឺអ្នកស្រី អ៊ុក ឆាយដាវី យល់ឃើញថា ការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ នេះ មិនដឹងផ្អែកលើភស្តុតាងដាក់បន្ទុកអ្វីឲ្យប្រាកដនោះឡើយ។ ម្យ៉ាងសមាគមបានបំពេញគ្រប់លក្ខខណ្ឌរួចរាល់ហើយ មុនសម្រេចចិត្តរៀបចំសមាជ ជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំសមាគមនេះ៕