Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​អំពាវនាវ​ឲ្យ​អ្នក​ជំនាញ​ពិនិត្យ​រក​មូលហេតុ​ត្រី​រាប់​ម៉ឺន​ក្បាល​ពុល​ងាប់​នៅ​ព្រះវិហារ

$
0
0

បណ្ដាញ​ការងារ​សហគមន៍ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ព្រមាន​ថា គេ​នឹង​សរសេរ​ពាក្យ​បណ្ដឹង​មួយ​ផ្ញើ​ទៅ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ដើម្បី​ឱ្យ​ប្រាប់​ទៅ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ចិន ឈ្មោះ រួយ ហ្វេង (Rui Feng) ឱ្យ​បញ្ឈប់​ការ​បង្ហូរ​ទឹក​ដែល​មាន​ជាតិពុល​ចូល​ទៅ​តាម​អូរ និង​ស្ទឹង​ត​ទៅ​ទៀត។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជាង ១​សប្ដាហ៍​មក​ហើយ គឺ​មាន​ត្រី​រាប់​ម៉ឺន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​តំបន់​អូរព្រាល និង​ដងស្ទឹងសែន នៃ​ស្រុក​ជ័យសែន និង​ស្រុក​រវៀង ដោយ​គេ​សង្ស័យ​ថា ត្រី​ទាំង​នោះ​អាច​ងាប់​ដោយសារ​តែ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ចិន បង្ហូរ​ទឹក​ដែល​មាន​ជាតិ​ពុល​ចេញ​ពី​រោងចក្រ​ស្ករអំពៅ។

តើ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ យល់​យ៉ាង​ណា​ចំពោះ​ការ​សង្ស័យ​របស់​ក្រុម​ប្រជាពលរដ្ឋ​បែប​នេះ?

ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ចំនួន​៣ របស់​ខេត្ត​ព្រះវិហារ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជ័យសែន និង​ស្រុក​រវៀង កំពុង​ព្រួយ​បារម្ភ​អំពី​ការ​ប៉ះពាល់​ផ្នែក​សុខភាព បន្ទាប់​ពី​ពួកគេ​ជួប​ហេតុការណ៍​ត្រី​រាប់​ម៉ឺន​ក្បាល​នៅ​តាម​ដងអូរ និង​ស្ទឹង​បាន​ងាប់​ជា​បន្តបន្ទាប់ ហើយ​ទឹក​អូរព្រាល និង​ស្ទឹងសែន មាន​ពណ៌​ខ្មៅ ព្រម​ទាំង​ជះ​ក្លិន​ស្អុយ​ខ្លាំង​មក។

ក្រុម​ប្រជាពលរដ្ឋ​សង្ស័យ​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទឹក​អូរ និង​ស្ទឹង​ប្រែក្លាយ​ទៅ​ជា​ពណ៌​ខ្មៅ​ហើយ​ក្លិនស្អុយ​ខ្លាំង​ធ្វើ​ឱ្យ​ត្រី​ងាប់​នោះ អាច​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ចិន ឈ្មោះ រួយ ហ្វេង បង្ហូរ​ទឹក​ដែល​មាន​ជាតិ​ពុល​ចេញ​ពី​រោងចក្រ។

អ្នក​ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ម្នាក់ ក្នុង​ចំណោម​ជនជាតិ​ភាគ​តិច​កួយ​ជា​ច្រើន​ទៀត គឺ​អ្នកស្រី រឿង ខាន់។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មីនា ថា​សព្វថ្ងៃ​នេះ​អ្នក​ភូមិ​របស់​គាត់​ដែល​ចូល​ទៅ​ធ្វើ​ស្រែ​ក្នុង​តំបន់​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង គឺ​ពុំ​ហ៊ាន​ដង​យក​ទឹក​អូរព្រាល ទៅ​ប្រើ​ប្រាស់ និង​ងូត​ទៀត​ឡើយ។ មូលហេតុ​ដោយសារ​តែ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ចិន បាន​បង្ហូរ​ទឹក​កខ្វក់​ចូល​អូរព្រាល ហើយ​ហូរ​ចូល​ទៅ​ស្ទឹងសែន បណ្ដាល​ឱ្យ​ទឹក​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ខុស​ធម្មតា។

អ្នកស្រី រឿង ខាន់ យល់​ថា បញ្ហា​ដែល​ត្រី​រាប់​ម៉ឺន​ក្បាល​នៅ​តំបន់​អូរព្រាល និង​ដង​ស្ទឹងសែន ក្នុង​ស្រុក​ជ័យសែន និង​ស្រុក​រវៀង បាន​ងាប់​ជា​បន្តបន្ទាប់​នោះ អាច​បណ្ដាល​មក​ពី​ទឹក​មាន​ជាតិ​ពុល ដែល​បង្ហូរ​ចេញ​ពី​រោងចក្រ​ស្ករអំពៅ​របស់​ចិន៖ «គេ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​អគារ ៤​ជាន់ កន្លែង​រោងចក្រ​ស្ករ​នោះ អាច​មាន​ជាតិ​គីមី​ពុល។ ឥឡូវ​នេះ ត្រី​ក៏​កំពុង​តែ​ងាប់​ជា​បន្តបន្ទាប់​នៅ​ឡើយ រហូត​ដល់​ធ្លាក់​ភ្លៀង​ជោកជាំ​ទើប​ត្រី​ឈប់​ងាប់»

​ក៏ប៉ុន្តែ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ចិន ឈ្មោះ រួយ ហ្វេង ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយ​តប​ជុំវិញ​ការ​សង្ស័យ​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ រួម​និង​មន្ត្រី​មន្ទីរ​បរិស្ថាន​ផង បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​សង្ស័យ​ទៅ​លើ​ក្រុមហ៊ុន​ចិន​នោះ ថា​ជា​ការ​ចោទប្រកាន់ និង​មួលបង្កាច់​មិន​ត្រឹមត្រូវ។

​អភិបាលស្រុក​ជ័យសែន លោក ជុំ ពុយ មាន​ប្រសាសន៍​ថា លោក​បាន​ពិនិត្យ​មើល​រួច​ហើយ​ទៅ​លើ​ស្ថានភាព​ត្រី​រាប់​ម៉ឺន​ក្បាល​ងាប់​នៅ​តាម​ដង​ស្ទឹងសែន​នោះ ទំនង​ជា​ពុល​នឹង​ភក់ព្រាំ​នៅ​បាតស្ទឹង ក្នុង​ពេល​ដែល​ទឹក​គោក​រាក់។ លោក ជុំ ពុយ បញ្ជាក់​ថា ជា​រៀងរាល់​ឆ្នាំ​នៅ​រដូវ​ប្រាំង​ស្ទឹងសែន តែងតែ​ទទួល​របប​ទឹក​បន្ថែម​ពី​អូរ​មួយ​ចំនួន​ដែល​ហូរ​ចូល​ទៅ ដូច្នេះ​ជា​ទម្លាប់​កាល​ណា​ទឹក​ថ្មី​ហូរ​ចូល​ស្ទឹង​បណ្ដាល​ឱ្យ​ត្រី​ងាប់ ដោយ​អ្នក​ស្រុក​តែង​ហៅ​ថា ពុល​ព្រាំ។ លោក​ហ៊ាន​អះអាង​ដូច្នេះ ដោយសារ​តែ​លោក​ឃើញ​ថា ត្រី​ដែល​ងាប់​នៅ​តាម​ស្ទឹង គឺ​ប្រជាពលរដ្ឋ​អាច​រើស​យក​ទៅ​ចម្អិន​ទទួល​ទាន​ដោយ​មិន​មាន​ជាតិពុល​ទេ។

លោក ជុំ ពុយ ចាត់​ទុក​អ្នក​ដែល​ចោទ​ប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​ចិន នោះ​ថា​ ជា​រឿង​សំអប់៖ «អ៊ីចឹង​និយាយ​ហ្នឹង​អយុត្តិធម៌​ពេក​ហើយ ដោយសារ​តែ​ចិន គ្នា​ធ្វើ​រោងចក្រ បាន​ជា​ខុស​ទៅ​ហើយ គឺ​ទម្លាក់​ឱ្យ​គ្នា​ខុស​តែ​រហូត»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បាន​បញ្ជូន​អ្នក​ជំនាញ​ឱ្យ​ចុះ​ទៅ​ពិនិត្យ​នៅ​តាម​ដង​ស្ទឹងសែន ជា​ច្រើន​កន្លែង ព្រម​ទាំង​ដួស​យក​ទឹក​ស្ទឹងសែន ផ្ញើ​ទៅ​ក្រសួង​បរិស្ថាន ឱ្យ​ពិសោធន៍​រក​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ត្រី​រាប់​ម៉ឺន​ក្បាល​នោះ​ងាប់​ផង។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា ឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា គឺ​លោក​មិន​ទាន់​បាន​ទទួល​លទ្ធផល​ពិសោធន៍​នោះ ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។ លោក អ៊ា សុខា មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ទេ​ថា តើ​បញ្ហា​ត្រី​រាប់​ម៉ឺន​ក្បាល​ងាប់​នៅ​តាម​អូរព្រាល និង​ដង​ស្ទឹងសែន នោះ​បណ្ដាល​មក​ពី​អ្វី​ច្បាស់លាស់​ទេ។

មន្ត្រី​ដដែល​បញ្ជាក់​ថា តាម​លោក​សាកសួរ​អ្នក​គ្រប់គ្រង​របស់​ក្រុម​ស្ករអំពៅ​ចិន រួយ ហ្វេង គឺ​គេ​បាន​ឆ្លើយ​ថា ក្រុមហ៊ុន​មិន​ដែល​បង្ហូរ​ទឹក​ចូល​ទៅ​តាម​អូរ ឬ​ក៏​ស្ទឹង​ឡើយ ពីព្រោះ​ក្រុមហ៊ុន​មាន​តែ​ខ្វះ​ទឹក​យក​ទៅ​ស្រោច​ចម្ការ​អំពៅ ហើយ​គេ​បាន​ធ្វើ​ទំនប់​ស្តុក និង​រក្សា​ទឹក​យ៉ាង​ត្រឹមត្រូវ៖ «ក្នុង​នាម​ខ្ញុំ​ជំនាញ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ប្រយ័ត្នប្រយែង ខ្ញុំ​ត្រូវ​តែ​មាន​ភស្តុតាង​ច្បាស់លាស់​ជា​មុន ទើប​អាច​ឆ្លើយ​ជុំវិញ​រឿង​នេះ​បាន»

ប្រធាន​មន្ទីរ​បរិស្ថាន​ដដែល​បង្ហាញ​ជំហរ​ថា ក្នុង​នាម​លោក​ជា​អ្នក​ជំនាញ​មិន​អាច​កាន់​ជើង​ក្រុមហ៊ុន​ចិន ឬ​ក៏​កាន់​ជើង​ប្រជាពលរដ្ឋ​ទេ គឺ​ត្រូវ​តាម​រក​ឱ្យ​ឃើញ​ការពិត ពីព្រោះ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ទឹក​មាន​ជាតិ​ពុល​នេះ តាម​ច្បាប់​ត្រូវ​ធ្វើ​ការ​ពិន័យ​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ជា​ច្រើន​ម៉ឺន​ដុល្លារ។

ទោះ​ជា​យ៉ាង​ណា បណ្ដាញ​ការងារ​សហគមន៍​ប្រចាំ​ស្រុក​ឆែប និង​ស្រុក​ជ័យសែន លោក វង្ស សុខេងលី នៅ​តែ​បង្ហាញ​ការ​សង្ស័យ​ទៅ​លើ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ចិន ថា​ជា​អ្នក​បង្ហូរ​ទឹក​ដែល​មាន​ជាតិ​ពុល​ចូល​ក្នុង​អូរ និង​ស្ទឹងសែន ជា​ហេតុ​បណ្ដាល​ឱ្យ​ត្រី​ងាប់។ លោក វង្ស សុខេងលី បង្ហាញ​ហេតុផល​ថា បាន​ជា​លោក​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចិន ពីព្រោះ​តែ​លោក​ឃើញ​អូរព្រាល ដែល​នៅ​ប៉ែក​ខាង​លើ គឺ​មិន​មាន​ត្រី​ពុល​ងាប់​ទេ ចំណែក​ឯ​អូរ​ផ្នែក​ខាង​ក្រោម​ក្រុមហ៊ុន​គឺ​បែរ​ជា​មាន​ត្រី​ងាប់។

លោក វង្ស សុខេងលី រិះគន់​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ថា ហាក់​មិន​បាន​ធ្វើ​ការ​ឱ្យ​ខ្លាំង​ក្លា​ដើម្បី​តាម​រក​មូលហេតុ​នោះ​ឱ្យ​ពិតប្រាកដ​ទេ៖ «មន្ទីរ​បរិស្ថាន គាត់​មិន​សូវ​គិតគូរ​លើ​ការ​ប៉ះពាល់​នោះ​ប៉ុន្មាន​ទេ។ ខ្ញុំ​សួរ​តើ​ប្រជាពលរដ្ឋ​ណា​មាន​លទ្ធភាព​ទិញ​អង់ទ្រីន មក​បំពុល​ទឹក​ដើម្បី​ចាប់​ត្រី​រាប់​សិប​គីឡូម៉ែត្រ»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ក៏​រិះគន់​ប្រហាក់ប្រហែល​គ្នា​ដែរ​ថា លោក​មិន​សូវ​ជឿ​លើ​មន្ទីរ​បរិស្ថាន​ថា អាច​ធ្វើ​ការ​ស្វែង​រក​មូលហេតុ​ដែល​ត្រី​រាប់​ម៉ឺន​ក្បាល​បាន​ងាប់​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​ឡើយ៖ «បើសិនជា​គាត់​អង្គុយ​ប្រកែក ចាំតែ​បដិសេធ​ព័ត៌មាន​បែប​ហ្នឹង គឺ​វា​ពិត​ជា​មិន​មាន​អ្វី​ជា​លទ្ធផល​ទេ»

ក្រុម​បណ្ដាញ​ការងារ​សហគមន៍ ព្រមាន​ថា គេ​នឹង​ធ្វើ​ពាក្យបណ្ដឹង​មួយ​ដាក់​ជូន​ទៅ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា នៅ​ពេល​ខាង​មុខ ដើម្បី​ឱ្យ​ប្រាប់​ទៅ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន រួយ ហ្វេង ឈប់​បង្ហូរ​ទឹក​ដែល​មាន​ជាតិ​ពុល​ចូល​អូរ និង​ស្ទឹង​ធម្មជាតិ​ដូច្នេះ​ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles