មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មិនទាន់ដឹងថា ពលរដ្ឋខ្មែរប្រហែល ៣០នាក់ទៀតនឹងត្រូវបញ្ជូនមកដល់កម្ពុជា នៅពេលណាឡើយ ក្រៅពីដឹងថា ទើបបញ្ជូនបាន ៥នាក់កាលពីថ្ងៃទី២៩ មីនា។ ចំណែកអតីតជនភៀសខ្លួនពលរដ្ឋកម្ពុជា ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ចាត់ទុកថា គឺជាការរំលោភបំពានសិទ្ធិពួកគេ។
បើទោះបីជាក្រសួងមហាផ្ទៃ ធ្លាប់អះអាងថា ពលរដ្ឋខ្មែរចំនួន ៣៦នាក់ ដែលជាជនភៀសខ្លួន នឹងត្រូវបញ្ជូនចេញពីទឹកដីសហរដ្ឋអាមេរិក មកកម្ពុជា វិញនៅក្នុងខែមីនា នេះក្ដី ប៉ុន្តែមកដល់ពេលនេះ គឺមានតែចំនួន ៥នាក់ ដែលគេបានដឹងថា បានបញ្ជូនមកដល់ប្រទេសកម្ពុជា វិញ។
មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) បានបញ្ជាក់យ៉ាងខ្លីប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក ឬអ៊ីមែល (Email) នៅថ្ងៃទី៣០ មីនា ថា ក្រៅតែពីពលរដ្ឋកម្ពុជា ចំនួន ៥នាក់ ត្រូវបានបញ្ជូនមកកម្ពុជា វិញនៅថ្ងៃទី២៩ មីនា ដោយក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក (U.S Department of Homeland Security) លោកក៏មិនទាន់ដឹងថា អ្នកដទៃទៀតនឹងត្រូវបញ្ជូនមកដល់កម្ពុជា នៅពេលណានៅឡើយដែរ។
ពលរដ្ឋខ្មែរជាជនភៀសខ្លួនដែលសហរដ្ឋអាមេរិក ចាប់បញ្ជូនកន្លងមកនេះ ដោយសារពួកគេបានប្រព្រឹត្តល្មើសច្បាប់ និងធ្លាប់ជាអ្នកជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក ពីករណីឈ្លោះវាយតប់គ្នា និងការបើកបរក្នុងស្ថានភាពស្រវឹង ជាដើម។ បើគិតពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ មានពលរដ្ឋកម្ពុជា ចំនួន ៥៣៨នាក់ ដែលត្រូវបានអាជ្ញាធរជនអន្តោប្រវេសន៍សហរដ្ឋអាមេរិក សម្រេចចាប់បញ្ជូនមកប្រទេសកម្ពុជា វិញ បើទោះជាពួកគេប្រឆាំងមិនចង់ត្រឡប់មកវិញក្ដី។
អតីតជនភៀសខ្លួនដែលត្រូវបញ្ជូនចេញពីសហរដ្ឋអាមេរិក និងជាស្ថាបនិកក្រុមអ្នកតវ៉ាប្រឆាំងកុំឲ្យមានការចាប់បញ្ជូនពលរដ្ឋកម្ពុជា ពីសហរដ្ឋអាមេរិក បន្ថែមទៀត លោក ហេង សុភា ចាត់ទុកគោលនយោបាយសហរដ្ឋអាមេរិក ដែលនិរទេសខ្លួនពលរដ្ឋកម្ពុជា នៅពេលនេះ ថាជារឿងដ៏អយុត្តិធម៌មួយ ព្រោះធ្វើឲ្យមានការព្រាត់ប្រាសគ្រួសារ ហើយគ្រួសារនឹងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ព្រោះអ្នកខ្លះគឺជាប្ដី និងឪពុកដែលសកម្មខាងរកលុយទំនុកបម្រុងក្នុងគ្រួសារ។ លោកបន្តថា អ្នកដែលត្រូវបញ្ជូនទាំងនោះ គឺធ្លាប់ជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក ចាប់ពី ៣ ទៅ ២០ឆ្នាំ មុននឹងបញ្ជូនមកកម្ពុជា វិញ៖ «ដូចជារំលោភសិទ្ធិរបស់អ្នកដែលបញ្ជូនមក ព្រោះពួកគាត់ទៅរស់នៅសហរដ្ឋអាមេរិក តាំងពីក្មេងពីអាយុ ២ ទៅ ៣ឆ្នាំ ហើយរបៀបរបបរស់នៅរបស់ពួកគាត់ គឺអាមេរិកាំង»។
ពាក់ព័ន្ធនឹងការចាប់បញ្ជូនពលរដ្ឋកម្ពុជា ទាំង ៥នាក់នេះ អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបកស្រាយពីមន្ត្រីតំណាងក្រសួងមហាផ្ទៃ បាននៅឡើយទេនៅថ្ងៃទី៣០ មីនា ប៉ុន្តែកន្លងមក មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់បញ្ជាក់ប្រាប់អាស៊ីសេរីថា រាល់ការបញ្ជូនពលរដ្ឋកម្ពុជា កន្លងមក គឺអាស្រ័យលើភាគីសហរដ្ឋអាមេរិកដែលជាអ្នករៀបចំគ្រប់កិច្ចការទាំងអស់ ហើយពលរដ្ឋកម្ពុជា ខ្លះទៀត មិនទាន់ទាំងអនុវត្តទោសចប់សព្វគ្រប់នៅពន្ធនាគារផង។ លោកបន្តថា ពលរដ្ឋទាំងនោះ ខ្លះកើតនៅលើទឹកដីកម្ពុជា និងខ្លះទៀតកើតនៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃ មុនចាកចេញទៅរស់នៅជាជនភៀសខ្លួនក្នុងទឹកដីសហរដ្ឋអាមេរិក។
ចំណែកស្ថានទូតសហរដ្ឋអាមេរិក ក៏ធ្លាប់អះអាងថា នឹងមានកិច្ចចរចាឡើងវិញជុំវិញសំណើសុំការកែសម្រួលកិច្ចព្រមព្រៀងការបញ្ជូនខ្លួនកាលពីឆ្នាំ២០០២ រវាងកម្ពុជា និងសហរដ្ឋអាមេរិក បន្ទាប់ពីភាគីកម្ពុជា បង្ហាញជំហរជំទាស់ចំពោះវិធានការចាប់បញ្ជូនខ្លួនពលរដ្ឋកម្ពុជា។
លោក ហេង សុភា អតីតជនភៀសខ្លួនដែលត្រូវអាជ្ញាធរចាប់បញ្ជូនចេញពីសហរដ្ឋអាមេរិក បញ្ជាក់ទៀតថា សម្រាប់ជនភៀសខ្លួនដែលមិនទទួលបានសញ្ជាតិជាពលរដ្ឋអាមេរិកាំងស្របច្បាប់ ហើយនៅពេលមានទោសទណ្ឌរឿងបទល្មើសអ្វីមួយ នឹងមានឈ្មោះក្នុងបញ្ជីគោលនយោបាយជនអន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលគេនឹងចាប់បញ្ជូនទៅកាន់ប្រទេសដើមកំណើតវិញ ថ្វីត្បិតតែអ្នកទាំងនោះក្រោយពីអនុវត្តទោសចប់សព្វគ្រប់ និងបានទៅបន្តការសិក្សា ឬក៏រៀបការបង្កើតជាគ្រួសារក្ដី។
លោក ហេង សុភា អះអាងថា តាមលោកដឹង គឺមានពលរដ្ឋខ្មែរជាង ២ពាន់នាក់ទៀត កំពុងស្ថិតក្នុងបញ្ជីគោលនយោបាយជនអន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលត្រៀមបញ្ជូនត្រឡប់មកកម្ពុជា វិញ៕