ប្រធានគណបក្សសង្គ្រោះជាតិ ស្នើឲ្យជួយរកយុត្តិធម៌ករណីបោកគ្រាប់បែកលើហ្វូងបាតុករ ដឹកនាំដោយលោក សម រង្ស៊ី កាលពី ២០ឆ្នាំមុន ដើម្បីបំបាត់ការឈឺចាប់នៅក្នុងសង្គមខ្មែរ។ ការលើកនេះ ធ្វើឡើងក្នុងពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធជូនជនរងគ្រោះគម្រប់ខួប ២០ឆ្នាំ នៅថ្ងៃទី៣០ ខែមីនា។ រីឯមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់អះអាងថា ការស៊ើបអង្កេតករណីបោកគ្រាប់បែកនេះ មិនមានការជឿនលឿនទៅមុខនោះទេ តែសំណុំរឿងនេះមិនទាន់បិទនៅឡើយ។
ដូចរាល់ឆ្នាំដែរ គណបក្សសង្គ្រោះជាតិ និងក្រុមគ្រួសារជនរងគ្រោះ បានអំពាវនាវឲ្យរដ្ឋាភិបាលបន្តបើកការស៊ើបអង្កេតដោយស្មោះត្រង់ ដើម្បីនាំយកអ្នកបញ្ជា និងឃាតកពិតដែលបានវាយប្រហារដោយគប់គ្រាប់បែកដៃកាលពី ២០ឆ្នាំមុននោះ មកផ្ដន្ទាទោសឲ្យបានឆាប់។
ប្រធានថ្មីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅចំពោះមុខក្រុមគ្រួសារជនរងគ្រោះ និងអ្នកចូលរួមប្រមាណ ១០០នាក់ ក្នុងពិធីបង្សុកូលនៅចេតិយរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្បែរព្រះបរមរាជវាំងថា ដើម្បីបំបាត់ការឈឺចាប់នៅក្នុងសង្គមខ្មែរតទៅទៀតនោះ មានតែជួយរកយុត្តិធម៌ជូនជនរងគ្រោះ៖ «យុត្តិធម៌ គឺមិនមែនមានន័យថា គុំកួនសងសឹកទេ យុត្តិធម៌គឺដើម្បីបំបាត់ការឈឺចាប់របស់អ្នកដែលរងគ្រោះដោយអយុត្តិធម៌»។
ទាក់ទិននឹងព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧ នេះដែរ បណ្ដាញសារព័ត៌មានហ្វ្រេសញូវ (Fresh News) បានចុះផ្សាយនូវលិខិតមួយច្បាប់ដោយចោទថាជាលិខិតរបស់លោក សម រង្ស៊ី សរសេរសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លិខិតដែលចុះហត្ថលេខាដោយឈ្មោះ សម រង្ស៊ី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ សរសេរថា «ខ្ញុំមានការសោកស្ដាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្ដេចនាយករដ្ឋមន្ត្រី ដូចជាការចោទប្រកាន់ថា សម្ដេចនាយករដ្ឋមន្ត្រីនៅពីក្រោយការគប់គ្រាប់បែកហ្វូងបាតុករ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា ការចោទសម្ដេចនាយករដ្ឋមន្ត្រីថាប៉ុនប៉ងសម្លាប់ឥស្សរជន ប្រាំនាក់ និងការចោទប្រកាន់មួយចំនួនទៀតមកលើសម្ដេចនាយករដ្ឋមន្ត្រី។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងផ្លាស់ប្ដូរឥរិយាបថរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងនោះ ហើយចៀសវាងមិនឲ្យបញ្ហាបែបនេះកើតមានឡើងទៀត»។
អាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់ពីលោក សម រង្ស៊ី បានទេនៅថ្ងៃទី៣០ ខែមីនា ថាតើលិខិតនោះពិតជារបស់លោក សម រង្ស៊ី ឬយ៉ាងណា។
កាលពីឆ្នាំមុន លោក សម រង្ស៊ី បានហៅព្រឹត្តិការណ៍នៃការគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ថាជាអំពើភេរវកម្មដោយរដ្ឋអំណាច ដែលនៅតែស្ថិតក្នុងការចងចាំរបស់លោក និងប្រជាពលរដ្ឋខ្មែរជានិច្ច។ លោក សម រង្ស៊ី បន្តថា រឿងនេះអាចរកឃាតកឃើញ ទាល់តែមានការផ្លាស់ប្ដូរអំណាចគ្រប់គ្រងបែបផ្ដាច់ការបច្ចុប្បន្ននេះចេញ។
ករណីបោកគ្រាប់បែកនេះ លោក សម រង្ស៊ី ក៏ធ្លាប់បានដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែរ ក៏ប៉ុន្តែដោយសារកត្តានយោបាយមិនអំណោយផលសម្រាប់បុគ្គលលោក បានជំរុញឲ្យលោក សម រង្ស៊ី ដកពាក្យបណ្ដឹងនេះវិញ ដែលគេដឹងថា ការដកពាក្យបណ្ដឹងរបស់លោក សម រង្ស៊ី កាលណោះ ជាថ្នូរនឹងការអនុញ្ញាតរបស់លោក ហ៊ុន សែន ឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ខណៈលោកកំពុងនិទ្ទេសខ្លួននៅឯក្រៅប្រទេសនោះ។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាននៅឡើយទេនៅរសៀលថ្ងៃទី៣០ ខែមីនា ដោយពុំមានអ្នកទទួលទូរស័ព្ទ។
ព្រឹត្តិការណ៍បោកគ្រាប់បែកដៃ ៤គ្រាប់ទៅលើក្រុមបាតុករដឹកនាំដោយលោក សម រង្ស៊ី នៅមុខមន្ទីររដ្ឋសភាចាស់ ដើម្បីទាមទាររកយុត្តិធម៌សង្គម លក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បានបណ្ដាលឲ្យស្លាប់មនុស្សចំនួន ១៦នាក់ និងជិត ២០០នាក់បានរងរបួស ប៉ុន្តែរហូតមកទល់ពេលនេះ យុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែឋិតក្នុងទីងងឹត។
រីឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏មិនអាចទាក់ទងសុំការឆ្លើយតបបានដែរ ដោយសារលោកជាប់បំពេញបេសកកម្មនៅក្រៅប្រទេស។ ទោះយ៉ាងណា លោក ខៀវ សុភ័គ ធ្លាប់លើកឡើងថា ក្រសួងមហាផ្ទៃ មិនទាន់បិទសំណុំរឿងនេះនៅឡើយទេ។ លោកអះអាងថា កន្លងទៅ រដ្ឋាភិបាលបានរកឃើញជនសង្ស័យម្នាក់ឈ្មោះ ប្រ៊េស៊ីល តែក្រោយមក ជនសង្ស័យរូបនោះបានបាត់ខ្លួនទៅ។ ក្នុងរយៈពេលកន្លងទៅនេះ នៅពេលដល់ថ្ងៃរំឭកខួបព្រឹត្តិការណ៍គប់គ្រាប់បែកនេះម្តងៗ គេកត់សម្គាល់ឃើញថា មន្ត្រីក្រសួងមហាផ្ទៃ មិនដែលមានអ្វីថ្មីនិយាយឲ្យលើសពីនេះទេ។ ស្ថាប័នដែលមានតួនាទីវែកមុខឃាតកនេះ តែងនិយាយថា រដ្ឋាភិបាលមិនដែលព្រងើយកន្តើយក្នុងការតាមរកជនដៃដល់ម្ដងណាឡើយ ប៉ុន្តែការស្រាវជ្រាវនោះមិនទាន់ឆ្ពោះទៅមុខ ព្រោះបាត់តម្រុយ។
សេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែលចេញនៅថ្ងៃទី២៩ ខែមីនា ហៅការបណ្ដែតបណ្ដោយរបស់រដ្ឋាភិបាលកម្ពុជា រកយុត្តិធម៌ឲ្យជនរងគ្រោះក្នុងករណីគប់គ្រាប់បែកលើហ្វូងបាតុករ ដឹកនាំដោយលោក សម រង្ស៊ី កាលពី ២០ឆ្នាំមុន គឺជាការព្យាយាមការពារ និងលើកទឹកចិត្តអ្នកប្រព្រឹត្តិល្មើស។
ព្រឹត្តិការណ៍គប់គ្រាប់បែកលើក្រុមបាតុករកាលណោះ ក៏ធ្លាប់ត្រូវការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់អាមេរិក ឬ អេហ្វ.ប៊ី.អាយ (FBI) មកធ្វើការស៊ើបអង្កេតដែរ តែបានផ្អាកបេសកកម្មរបស់ខ្លួនវិញមុនកំណត់ ក្រោមហេតុផលថា អាជ្ញាធរកម្ពុជា មិនសហការស្វែងរកភស្តុតាងទាំងនោះឡើយ។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដដែលនេះមានចំណងជើងថា ឧក្រិដ្ឋជនពីការវាយប្រហារគ្រាប់បែកដៃលើក្រុមបក្សប្រឆាំងកាលពីឆ្នាំ១៩៩៧ នៅមិនទាន់ផ្ដន្ទាទោស បង្ហាញថា នៅថ្ងៃបោកគ្រាប់បែកនោះ កម្លាំងមកពីកងពល "ង៧០" ដែលជាកងអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានដាក់ពង្រាយនៅក្បែរកន្លែងកើតហេតុ។
របាយការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរទៀតថា មេបញ្ជាការកងអង្គរក្សនៃកងពល "ង៧០" លោក ហ៊ុយ ពិសិដ្ឋ ជាអ្នកបញ្ជាឲ្យមានការដាក់ពង្រាយកងអង្គរក្សនៅថ្ងៃកើតហេតុ ហើយលោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការរងនៃកងអង្គរក្សពេលនោះ ធ្លាប់បានគំរាមបាញ់សម្លាប់អ្នកកាសែតណាដែលចោទប្រកាន់ថា កងអង្គរក្សលោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែកនោះថែមទៀត។
ការវាយប្រហារគប់គ្រាប់បែកដៃទៅលើក្រុមបាតុករ ភាគច្រើនជាកម្មកររោងចក្រ យុវជន និងនិស្សិតកាលណោះ គឺក្រុមប៉ូលិសដែលឋិតនៅទីនោះបានរារាំងមិនឲ្យសង្គ្រោះអ្នករងគ្រោះ។ ករណីគប់គ្រាប់បែកនេះ នៅតែត្រូវបានគេចាត់ទុកជាផ្នែកមួយនៃនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា៕